នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជម្នះ​ទុក្ខ​លំបាក ដោយ​សេចក្តី​ជំនឿ

ជម្នះ​ទុក្ខ​លំបាក ដោយ​សេចក្តី​ជំនឿ

ដោយArthur Jackson

May 4, 2024

ទំនុក​ដំកើង ៥៦:១-៤

តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៥៦:៣

ការ​ពិនិត្យ​សុខ​ភាព​ជា​ទៀង​ទាត់ សម្រាប់​ក្មេង​ប្រុស​អាយុ៤ឆ្នាំ​ម្នាក់ ឈ្មោះ​កាល់វីន(Calvin) បាន​បន្សល់​ទុក​ស្លាកស្នាម​មួយ​ចំនួន នៅ​លើ​រូបកាយ​គាត់​ដែលគេ​មិន​នឹក​ស្នាន​ដល់​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​គ្រូ​ពេទ្យ គេ​បាន​ចាក់​ថ្នាំ​ឲ្យ​គាត់​ពីរបី​ម្ជុល ហើយ​គេ​ក៏​បាន​បិទ​បង់​ស្អិត​ពីលើ​កន្លែង​ចាក់​ឆ្នាំ​នោះ​។ កាល​ពួកគេ​ដល់​ពេល​​ត្រូវ​បក​បង់​ស្អិត​នៅ​ផ្ទះ កាល់វីន​ក៏បាន​បញ្ចេញ​សម្លេង​យំ ដោយ​ការ​ភ័យ​ខ្លាច​។ បុរស​ជា​ឪពុក​ក៏​បាន​ព្យាយាម​លួង​កូន​ប្រុស​គាត់ ដោយ​និយាយថា “កាល់វីន កូន​ដឹង​ហើយ​ថា ប៉ា​មិន​ដែល​ធ្វើ​ការ​អាក្រក់​មក​លើ​កូន​ទេ”។ បុរស​ជា​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​ខ្លួន​ទុកចិត្ត​គាត់ ជាជាង​ខ្លាច​ការ​ឈឺ​ចាប់ ក្នុង​ការ​បក​បង់​ស្អិត​ចេញ​។

មិនមែន​មានតែ​ក្មេងៗ​អាយុ៤ឆ្នាំ​ទេ ដែល​មាន​ការ​ភ័យ​ខ្លាច នៅ​ចំពោះ​មុខ​នៃ​ការ​ឈឺ​ចាប់​។ ការ​វះ​កាត់ ការ​បែក​បាក់​ពី​មនុស្ស​ជាទី​ស្រឡាញ់ បញ្ហា​ផ្លូវ​ចិត្ត និង​បញ្ហា​ប្រឈម​ផ្សេង​ទៀត គឺ​សុទ្ធតែ​បណ្តាល​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច ដក​ដង្ហើម​ធំ សោក​សង្រេង និង​ត្អូញត្អែរ​។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ពេល​ភ័យ​ខ្លាច​ជា​ច្រើន​ដង​។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​រត់​ចូល​ទឹកដី​របស់​សាសន៍​ភីលីស្ទីន ខណៈ​ពេល​ដែល​ទ្រង់​រត់​គេច​ពី​ស្តេច​សូល​ដែល​មាន​ការ​ច្រណែន​ឈ្នានីស​។ នៅពេល​ដែល​សាសន៍​ភីលីស្ទីន​មើល​ទ្រង់​ស្គាល់ ទ្រង់​មាន​ការ​ថប់​បារម្ភ ចំពោះ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ចំពោះ​ទ្រង់ (មើល ១សាំយ៉ូអែល ២១:១០-១១) ទ្រង់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ចំពោះ​ស្តេច​អ័គីស ជា​ស្តេច​ក្រុង​កាថ(ខ.១២)។ នៅពេល​ដែល​ទ្រង់​នឹក​ចាំ​អំពី​ពេល​ដ៏​ពិបាក​នោះ ទ្រង់​ក៏បាន​តែង​ជា​ទំនុក​ដំកើង​ថា “តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់ ...គឺ​សេចក្តី​ពឹងពាក់​របស់​ទូល​បង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ ទូល​បង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់ឈាម​នឹង​អាច​ធ្វើ​អ្វី​ដល់​ទូល​បង្គំ​បាន”(ទំនុក​ដំកើង ៥៦:៣-៤)។

តើ​យើង​គួរ​ធ្វើ​ដូច​ម្តេច នៅពេល​ដែល​ទុក្ខ​លំបាក​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច? ពេល​នោះ យើង​អាច​ទុក​ចិត្ត​លើ​ព្រះវរបិតា​របស់​យើង ដែល​គង់នៅ​ស្ថាន​សួគ៌​។—Arthur Jackson

តើមាន​ទុក្ខ​លំបាក​អ្វី​ខ្លះ ដែល​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ភ័យ​ខ្លាច ក្នុង​ពេល​បច្ចុប្បន្ន? តើ​អ្នក​អាច​សម្រាក ក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ ខណៈ​ពេល​ដែល​អ្នក​នាំ​ការ​ភ័យ​ខ្លាច​មក​ថ្វាយ នៅ​ចំពោះ​ព្រះវរបិតា​របស់​អ្នក ដែល​គង់នៅ​ស្ថាន​សួគ៌ ដោយ​ការ​អធិស្ឋាន?

ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​មាន​ការ​ភ័យ​ខ្លាច នៅ​ក្នុង​សាច់ឈាម និង​ភាព​ផុយ​ស្រួយ​របស់​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ និង​ដក​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ និង​ការ​ថែរក្សា​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ទូល​បង្គំ​ជួប​ការ​ល្បងល និង​ទុក្ខ​លំបាក​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៦-១៨ និង លូកា ២២:៤៧-៧១

ល្ងាច

Devotional illustration

អត្ថ​ប្រយោជន៍៥យ៉ាង នៃ​ការ​រងទុក្ខ

ដោយJohn Piper

May 4, 2024

កាលមុន​ដែល​ទូលបង្គំ​កើតទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវនេះ ទូលបង្គំ​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ។ ទំនុកដំកើង ១១៩:៦៧

ខគម្ពីរ​នេះ​បាន​បង្ហាញថា ព្រះ​ទ្រង់ប្រទាន​ទុក្ខ​លំបាក​មក ដើម្បី​ជួយ​ឲ្យ​យើង​រៀន​ព្រះបន្ទូល​ព្រះអង្គ។ តើ​រឿង​នេះ​អាច​កើតឡើង​បាន ដោយ​របៀបណា? តើ​ទុក្ខ​លំបាក​ជួយ​ឲ្យ​យើង​រៀន និង​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះអង្គ ដោយ​របៀបណា?

មាន​ចម្លើយ​រាប់មិនអស់ សម្រាប់​សំណួរ​នេះ ក៏ដូចជា​មានបទពិសោធន៍​ច្រើន​រាប់មិនអស់ ជាមួយ​សេចក្តី​មេត្តា​ដ៏​អស្ចារ្យ​នេះ។ តែ​ខ្ញុំ​សូម​បង្ហាញ​ចម្លើយ៥យ៉ាង ខាងក្រោម​នេះ​ដូចតទៅ ៖

ទុក្ខ​លំបាក​នាំឲ្យ​យើង​ងាក​ចេញពី​គំនិតរាក់​កំផែល ហើយ​ធ្វើឲ្យ​យើង​មានគំនិត​ស៊ីជម្រៅ ដើម្បីឲ្យ​ផ្នត់គំនិត​យើង កាន់តែ​សមស្រប​នឹង​ភាព​ស៊ីជម្រៅ​នៃ​ព្រះបន្ទូល​ព្រះ។ ហើយ​សូម​កត់ចំណាំ​ថា ៖ ក្នុង​ព្រះគម្ពីរ​ដែល​ជា​សៀវភៅ​របស់​ព្រះ គឺ​គ្មាន​ទំព័រ​ណា ដែល​មាន​អត្ថន័យ​រាក់​កំផែល​ទេ។

ទុក្ខ​លំបាក​រុញច្រាន​យើង​ឲ្យ​ឈប់​ពឹងផ្អែក​លើ​លោកិយ ហើយ​ជំរុញចិត្ត​យើង ឲ្យ​ពឹងផ្អែក​លើ​ព្រះ​វិញ ដែល​នាំឲ្យ​យើង​កាន់តែ​មាន​ភាព​ស៊ីគ្នា​នឹង​គោលបំណង​នៃ​ព្រះបន្ទូល​ព្រះ។ ដ្បិត​គោលបំណង​នៃ​ព្រះបន្ទូល​ព្រះ គឺ​ដើម្បីឲ្យ​យើង​មាន​សង្ឃឹម ក្នុង​ព្រះអង្គ ហើយ​ទុកចិត្ត​ព្រះអង្គ។ “ដ្បិត​អស់ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជាមុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់គ្នា ដើម្បីឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម ដោយ​សេចក្តី​អត់ធន់ និង​សេចក្តី​កំសាន្តចិត្ត ដោយសារ​គម្ពីរ” (រ៉ូម ១៥:៤)។ “ព្រះយេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជាច្រើន​ទៀត នៅមុខ​ពួក​សិស្ស​ទ្រង់ ដែល​មិនបាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ”(យ៉ូហាន ២០:៣១)។

ទុក្ខ​លំបាក​ធ្វើឲ្យ​យើង​បើក​មើល​ព្រះគម្ពីរ ដោយ​ការស្រេកឃ្លាន​រក​ជំនួយ ជាជាង​រាប់​ទុក្ខ​លំបាក​ជា​ភាព​បន្ទាប់បន្សំ​នៃ​ជីវិត។ “ឯង​រាល់គ្នា​នឹង​ស្វែងរក​អញ ហើយនឹង​ឃើញ​ផង គឺ​កាលណា​ឯង​ស្វែងរក​អញ​ឲ្យអស់​អំពី​ចិត្ត” (យេរេមា ២៩:១៣)។

ទុក្ខ​លំបាក​នាំឲ្យ​យើង​មាន​ចំណែក នៅក្នុង​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ ដើម្បីឲ្យ​យើង​មានការ​ប្រកប​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ព្រះអង្គ ហើយ​មើលឃើញ​លោកិយ ដូចដែល​ព្រះអង្គ​ទត​ឃើញ​វា។ សាវ័ក​ប៉ុល​មានចិត្ត​ស្រេកឃ្លាន​ចង់ “ស្គាល់​ទ្រង់ និង​ព្រះ​ចេស្ដា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើងវិញ ហើយនិង​សេចក្តី​ប្រកប​ក្នុង​ការ​រងទុក្ខ​របស់​ទ្រង់ ព្រមទាំង​ត្រឡប់ទៅ​ដូចជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង”(ភីលីព ៣:១០)។

ទុក្ខ​លំបាក​បង្អាប់​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម ដែល​បោកបញ្ឆោត និង​បង្វែរ​អារម្មណ៍​យើង​ចេញពី​ព្រះ ហើយ​ទុក្ខ​លំបាក​នាំ​យើង​ចូល​ទៅ​ក្នុង​ការរស់នៅ​ដែល​មាន​លក្ខណៈ​ខាងវិញ្ញាណ​កាន់​តែ​ខ្លាំង ហើយ​ធ្វើឲ្យ​យើង​កាន់តែ​ងាយស្រួល​ទទួល​ព្រះបន្ទូល​ខាងវិញ្ញាណ​របស់​ព្រះ។ “ដូច្នេះ ដែល​ព្រះគ្រីស្ទ​ទ្រង់​បាន​រងទុក្ខ​ក្នុង​សាច់ឈាម​ជំនួស​យើង​រួចហើយ នោះ​ត្រូវឲ្យ​អ្នករាល់គ្នា​មានគំនិត​ដូច្នោះ​ដែរ ទុកជា​គ្រឿង​ការពារ​ខ្លួន ដ្បិត​អ្នកណា​ដែល​បាន​រងទុក្ខ​ក្នុង​សាច់ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ”(១ពេត្រុស ៤:១)។ ទុក្ខ​លំបាក​មានផល​ប៉ះពាល់​ដ៏​អស្ចារ្យ ដែល​សម្លាប់​អំពើបាប។ កាលណា​យើង​កាន់តែ​បរិសុទ្ធ នោះ​យើង​ឃើញ​ព្រះ​កាន់តែ​ច្បាស់​ផង​ដែរ(ម៉ាថាយ ៥:៨)។

សូម​ព្រះវិញ្ញាណ​ព្រះអង្គ ប្រទាន​ព្រះគុណ​ដល់​យើង​រាល់គ្នា ដើម្បីកុំឲ្យ​យើង​លះ​ចោល​ផ្លូវ​របស់​ព្រះ ដោយសារ​ការឈឺចាប់​នោះ​ឡើយ។

ប្រភេទ