ជម្នះ​ទុក្ខ​លំបាក ដោយ​សេចក្តី​ជំនឿ

ទំនុក​ដំកើង ៥៦:១-៤

តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៥៦:៣

ការ​ពិនិត្យ​សុខ​ភាព​ជា​ទៀង​ទាត់ សម្រាប់​ក្មេង​ប្រុស​អាយុ៤ឆ្នាំ​ម្នាក់ ឈ្មោះ​កាល់វីន(Calvin) បាន​បន្សល់​ទុក​ស្លាកស្នាម​មួយ​ចំនួន នៅ​លើ​រូបកាយ​គាត់​ដែលគេ​មិន​នឹក​ស្នាន​ដល់​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​គ្រូ​ពេទ្យ គេ​បាន​ចាក់​ថ្នាំ​ឲ្យ​គាត់​ពីរបី​ម្ជុល ហើយ​គេ​ក៏​បាន​បិទ​បង់​ស្អិត​ពីលើ​កន្លែង​ចាក់​ឆ្នាំ​នោះ​។ កាល​ពួកគេ​ដល់​ពេល​​ត្រូវ​បក​បង់​ស្អិត​នៅ​ផ្ទះ កាល់វីន​ក៏បាន​បញ្ចេញ​សម្លេង​យំ ដោយ​ការ​ភ័យ​ខ្លាច​។ បុរស​ជា​ឪពុក​ក៏​បាន​ព្យាយាម​លួង​កូន​ប្រុស​គាត់ ដោយ​និយាយថា “កាល់វីន កូន​ដឹង​ហើយ​ថា ប៉ា​មិន​ដែល​ធ្វើ​ការ​អាក្រក់​មក​លើ​កូន​ទេ”។ បុរស​ជា​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​ខ្លួន​ទុកចិត្ត​គាត់ ជាជាង​ខ្លាច​ការ​ឈឺ​ចាប់ ក្នុង​ការ​បក​បង់​ស្អិត​ចេញ​។

មិនមែន​មានតែ​ក្មេងៗ​អាយុ៤ឆ្នាំ​ទេ ដែល​មាន​ការ​ភ័យ​ខ្លាច នៅ​ចំពោះ​មុខ​នៃ​ការ​ឈឺ​ចាប់​។ ការ​វះ​កាត់ ការ​បែក​បាក់​ពី​មនុស្ស​ជាទី​ស្រឡាញ់ បញ្ហា​ផ្លូវ​ចិត្ត និង​បញ្ហា​ប្រឈម​ផ្សេង​ទៀត គឺ​សុទ្ធតែ​បណ្តាល​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច ដក​ដង្ហើម​ធំ សោក​សង្រេង និង​ត្អូញត្អែរ​។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ពេល​ភ័យ​ខ្លាច​ជា​ច្រើន​ដង​។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​រត់​ចូល​ទឹកដី​របស់​សាសន៍​ភីលីស្ទីន ខណៈ​ពេល​ដែល​ទ្រង់​រត់​គេច​ពី​ស្តេច​សូល​ដែល​មាន​ការ​ច្រណែន​ឈ្នានីស​។ នៅពេល​ដែល​សាសន៍​ភីលីស្ទីន​មើល​ទ្រង់​ស្គាល់ ទ្រង់​មាន​ការ​ថប់​បារម្ភ ចំពោះ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ចំពោះ​ទ្រង់ (មើល ១សាំយ៉ូអែល ២១:១០-១១) ទ្រង់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ចំពោះ​ស្តេច​អ័គីស ជា​ស្តេច​ក្រុង​កាថ(ខ.១២)។ នៅពេល​ដែល​ទ្រង់​នឹក​ចាំ​អំពី​ពេល​ដ៏​ពិបាក​នោះ ទ្រង់​ក៏បាន​តែង​ជា​ទំនុក​ដំកើង​ថា “តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់ …គឺ​សេចក្តី​ពឹងពាក់​របស់​ទូល​បង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ ទូល​បង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់ឈាម​នឹង​អាច​ធ្វើ​អ្វី​ដល់​ទូល​បង្គំ​បាន”(ទំនុក​ដំកើង ៥៦:៣-៤)។

តើ​យើង​គួរ​ធ្វើ​ដូច​ម្តេច នៅពេល​ដែល​ទុក្ខ​លំបាក​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច? ពេល​នោះ យើង​អាច​ទុក​ចិត្ត​លើ​ព្រះវរបិតា​របស់​យើង ដែល​គង់នៅ​ស្ថាន​សួគ៌​។—Arthur Jackson

តើមាន​ទុក្ខ​លំបាក​អ្វី​ខ្លះ ដែល​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ភ័យ​ខ្លាច ក្នុង​ពេល​បច្ចុប្បន្ន? តើ​អ្នក​អាច​សម្រាក ក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ ខណៈ​ពេល​ដែល​អ្នក​នាំ​ការ​ភ័យ​ខ្លាច​មក​ថ្វាយ នៅ​ចំពោះ​ព្រះវរបិតា​របស់​អ្នក ដែល​គង់នៅ​ស្ថាន​សួគ៌ ដោយ​ការ​អធិស្ឋាន?

ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​មាន​ការ​ភ័យ​ខ្លាច នៅ​ក្នុង​សាច់ឈាម និង​ភាព​ផុយ​ស្រួយ​របស់​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ និង​ដក​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ និង​ការ​ថែរក្សា​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ទូល​បង្គំ​ជួប​ការ​ល្បងល និង​ទុក្ខ​លំបាក​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៦-១៨ និង លូកា ២២:៤៧-៧១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles