បើក​ភ្នែក​យើង​ឲ្យ​មើល​ឃើញ​ការ​ពិត

២ពង្សាវតាក្សត្រ ៦:១៥-២៣

នោះ​អេលីសេ​ក៏​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ”។ ២ពង្សាវតាក្សត្រ ៦:១៧

អ្នក​ស្រី​ជយ(Joy) មាន​ការ​ខ្វល់ខ្វាយ​អំពី​អ្នក​ស្រី​ស៊ែនឌី(Sandy) ជា​សាច់​ញាតិ​របស់​គាត់ ដែល​កំពុង​ត​យុទ្ធ​នឹង​ការ​ញៀន​ស្រា និង​ជំងឺ​ផ្លូវ​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​។ នៅពេល​គាត់​ទៅ​ផ្ទះ​របស់​អ្នក​ស្រី​ស៊ែនឌី គាត់​ឃើញ​ទ្វារ​ចាក់​សោរ​ជាប់ ហើយ​ហាក់​ដូចជា​មិន​មាន​មនុស្ស​រស់នៅ​។ នៅពេល​ដែល​គាត់ និង​អ្នក​ដទៃ​ទៀត​មាន​គម្រោង​ស្វែងរក​អ្នក​ស្រី​ស៊ែនឌី គាត់​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​អ្វី​ដែល​ទូល​បង្គំ​មើល​មិន​ឃើញ”។ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ចាក់​ចេញ អ្នក​ស្រី​ជយ ក៏​បាន​ក្រឡេកមក​ក្រោយ មើលទៅ​ផ្ទះ​របស់​អ្នក​ស្រី​ស៊ែនឌី ហើយក៏​បាន​ឃើញ​វាំងនន​មាន​ចលនា​កំរើក​តិច​ៗ​។ នៅពេល​នោះ គាត់​ដឹង​ថា អ្នក​ស្រី​ស៊ែនឌី​នៅ​មាន​ជីវិត​ទេ​។ ក្រុម​សង្គ្រោះ​បន្ទាន់​ក៏​បាន​មក​ជួយ​គាត់​ទាន់​ពេល​វេលា ហើយ​អ្នក​ស្រី​ជយ មាន​អំណរ​ណាស់ ដែល​ព្រះអង្គ​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់​គាត់​។

ហោរា​អេលី​សេ​បាន​ដឹង​អំពី​អំណាច​នៃ​ការ​ទូល​សូម​ព្រះអម្ចាស់ បង្ហាញ​ការ​ពិត​ដល់​គាត់​។ នៅពេល​ដែល​កងទ័ព​នគរ​ស៊ីរី​បាន​ឡោម​ព័ទ្ធ​ទីក្រុង​របស់​ពួកគេ អ្នក​បម្រើ​របស់​ហោរា​អេលីសេ ក៏​បាន​ញ័រ​ខ្លួន ដោយ​ការ​ភ័យ​ខ្លាច​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​បម្រើ​ព្រះ​រូប​នេះ​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើង ព្រោះ​ព្រះអង្គ​ក៏​បាន​ជួយ​ឲ្យ​គាត់​មើល​ឃើញ​អ្វី​ដែលគេ​មើល​មិន​ឃើញ​។ លោក​អេលីសេ​ក៏​បាន​អធិស្ឋាន​ឲ្យ​ព្រះ​អង្គ​បើក​ភ្នែក​អ្នក​បម្រើ​គាត់ ឲ្យ​មើល​ឃើញ​ទិដ្ឋភាព​ពិត​ដែល​កំពុង​កើត​ឡើង ហើយ​ព្រះអង្គ​ក៏​បើក​ភ្នែក​អ្នក​បំរើ​នោះ ឲ្យ​​គាត់​​ក៏​មើលទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពលសេះ និង​រទេះ​ចំបាំង ដែល​សុទ្ធតែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ”(២ពង្សាវតាក្សត្រ ៦:១៧)។

ព្រះអម្ចាស់​ក៏បាន​ដក​របាំង​នៅ​ចន្លោះ​ពិភព​ខាង​វិញ្ញាណ និង​ពិភព​ខាង​សាច់ឈាម ឲ្យ​លោក​អេលីសេ និង​អ្នក​បម្រើ​គាត់​មើល​ឃើញ​រឿង​ពិត​ដែល​កំពុង​កើត​មាន​។ អ្នក​ស្រី​ជយ ជឿ​ថា ព្រះ​អម្ចាស់​បាន​ជួយ​គាត់​ឲ្យ​មើល​ឃើញ​វាំងនន​មាន​ចលនា​តិចៗ ធ្វើ​ឲ្យ​គាត់​មាន​សង្ឃឹម​ឡើង​។ យើង​ក៏​អាច​ទូល​សូម​ព្រះអង្គ ឲ្យ​ប្រទាន​យើង​នូវ​ការ​មើល​ឃើញ​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា មាន​អ្វី​ខ្លះ​កំពុង​កើត​ឡើង​ចំពោះ​យើង ទោះ​ក្នុង​ជីវិត​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ក្នុង​សហគមន៍​របស់​យើង​ក្តី​។ ហើយ​យើង​ក៏​អាច​ធ្វើ​ជា​ឧបករណ៍​នៃ​សេចក្តី​ស្រឡាញ់ សេចក្តី​ពិត និង​សេចក្តី​អាណិត​របស់​ព្រះអង្គ​ផង​ដែរ​។—Amy Boucher Pye

តើ​អ្នក​អាច​អធិស្ឋាន​ដូច​ម្តេច​ខ្លះ ដើម្បី​សូម​ព្រះ​អង្គ​បើក​ភ្នែក​អ្នក ឲ្យ​មើល​ឃើញ​សេចក្តី​ពិត​របស់​ព្រះអង្គ ក្នុង​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត? តើ​ព្រះ​អង្គ​បាន​បើក​បង្ហាញ​ការ​ពិត​ដូច​ម្តេច​ខ្លះ ឲ្យ​អ្នក​បាន​ដឹង កាលពី​ពេល​កន្លង​ទៅ?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​មេត្តា សូម​ព្រះ​អង្គ​បើក​ភ្នែក​ទូល​បង្គំ ឲ្យ​មើល​ឃើញ​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះអង្គ ដែល​ទូល​បង្គំ​អាច​ចែករំលែក​ជាមួយ​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ៤-៦ និង លូកា ២៤:៣៦-៥៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles