ឈប់ព្យាយាមជួយសង្រ្គោះខ្លួនឯង
អេភេសូរ ២:១-១០ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។ អេភេសូរ ២:៨ ជាច្រើនឆ្នាំកន្លងមក ទីក្រុងញូយ៉កបានចាប់ផ្តើមធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាយអំពី “សុវត្ថភាពក្នុងជណ្តើរយន្ត” ដើម្បីអប់រំប្រជាជន អំពីរបៀបរម្ងាប់អារម្មណ៍ ហើយមានសុវត្ថិភាព នៅពេលពួកគេជាប់នៅក្នុងជណ្តើរយន្ត។ អ្នកជំនាញបានរាយការណ៍ថា អ្នកដំណើរខ្លះដែលជាប់ក្នុងជណ្តើរយន្ត បានបាត់បង់ជីវិត នៅពេលដែលពួកគេព្យាយាមគាស់ទ្វារជណ្តើរយន្តចេញ ឬព្យាយាមចេញពីជណ្តើរយន្ត តាមមធ្យោបាយផ្សេងទៀត។ ដំណោះស្រាយល្អបំផុត គឺគ្រាន់តែចុចប៊ូតុង ដើម្បីផ្តល់ដំណឹងឲ្យគេមកជួយ ហើយរង់ចាំក្រុមសង្គ្រោះបន្ទាន់មកដល់។ សាវ័កប៉ុលបានបង្រៀនយើង អំពីផែនការជួយសង្គ្រោះខុសពីនេះ គឺផែនការសម្រាប់ជួយអ្នកដែលកំពុងជាប់នៅក្នុងចំណងនៃអំពើបាប។ គាត់បានរំឭកពួកជំនុំនៅទីក្រុងអេភេសូរ អំពីភាពអស់សង្ឃឹមខាងវិញ្ញាណរបស់ពួកគេ ដោយសារពួកគេបានស្លាប់ខាងឯបាប(អេភេសូរ ២:១)។ ពួកគេបានជាប់អន្ទាក់ ដោយស្តាប់បង្គាប់អារក្ស(ខ.២) ហើយបដិសេធន៍មិនព្រមស្តាប់បង្គាប់ព្រះ។ ការនេះបានបណ្តាលឲ្យពួកគេជាប់នៅក្នុងសេចក្តីក្រោធរបស់ព្រះ។ តែព្រះអង្គមិនបានទុកឲ្យពួកគេជាប់នៅក្នុងភាពងងឹតខាងវិញ្ញាណជារៀងរហូតឡើយ។ ហើយអ្នកដែលជឿព្រះយេស៊ូវ “បានសង្គ្រោះ ដោយសារព្រះគុណព្រះអង្គ”(ខ.៥,៨)។ ដូចនេះ ពួកគេត្រូវឆ្លើយតបចំពោះផែនការជួយសង្គ្រោះរបស់ព្រះអង្គ ដោយជំនឿ។ ហើយការមានជំនឿលើព្រះអង្គ គឺមានន័យថា យើងឈប់ព្យាយាមជួយសង្រ្គោះខ្លួនឯង ហើយទូលសូមព្រះអង្គជួយសង្រ្គោះយើង។ ដោយសារព្រះគុណព្រះ សេចក្តីសង្រ្គោះឲ្យរួចពីអន្ទាក់នៃអំពើបាប មិនកើតចេញពីយើងនោះទេ តែជា “អំណោយមកពីព្រះ” ដែលបានប្រទានមកតាមរយៈព្រះយេស៊ូវតែមួយអង្គគត់(ខ.៨)។—Marvin Williams…
Read article