នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ប្រកាន់​គោល​ជំហរ ក្នុង​ព្រះគ្រីស្ទ

ការ​ប្រកាន់​គោល​ជំហរ ក្នុង​ព្រះគ្រីស្ទ

ដោយTom Felten

May 11, 2024

១សាំយ៉ូអែល ២៨:៣-១០

ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ​ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពីអា​កំណាច​ទេ​។ ម៉ាថាយ ៥:៣៧

ក្នុង​ខ្សែ​ភាព​រឿង​ម្ចាស់​ចិញ្ចៀន ផ្អែក​ទៅលើ​រឿង​ប្រលោមលោក ដែល​លោក ថូលខិន(Tolkien) បាន​និពន្ធ លោក​ហ្គន់ដូល(Gandalf) ជា​តួ​អង្គ​ស្លៀក​រ៉ូប​ពណ៌​ប្រផេះ បាន​ប្រឈម​មុខ​ដាក់​លោក​សារូ​មិន(Saruman) ជា​តួ​អង្គ​ស្លៀក​រ៉ូប​ពណ៌ស បន្ទាប់ពី​លោក​សារូ​មិន បាន​បោះបង់​ចោល​គោល​ជំហរ​របស់​គាត់ ក្នុង​ការ​ជួយ​ការពារ​ភូមិភាគ​កណ្តាល​នៃ​ផែនដី ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្តី​អាក្រក់​របស់​លោក​សៅរ៉ុន(Sauron)។ ជាង​នេះ​ទៅទៀត លោក​សារូ​មិន ថែម​ទាំង​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​លោក​សៅរ៉ុន​ទៀត​ផង! នៅពេល​នោះ​អ្នក​ទាំង​ពីរ ដែល​ជា​អតីត​មិត្ត​ភក្តិ ក៏​បាន​ដឹកនាំ​ទ័ព​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ដ៏​ធំ​មួយ រវាង​ការ​ល្អ និង​ការ​អាក្រក់​។ បើសិន​ជា​លោក​សារូ​មិន បាន​ប្រកាន់​គោល​ជំហរ​របស់​របស់​ខ្លួន ដោយ​មិន​ងាករេ ហើយ​ធ្វើ​ការ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​គាត់​ក៏​មិន​ក្លាយ​ជា​មនុស្ស​អាក្រក់​ដែរ​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្តេច​សូល ដែល​មាន​បញ្ហា ក្នុង​ការ​ប្រកាន់​គោល​ជំហរ​របស់​ទ្រង់​។ ក្នុង​រឿង​មួយ​នោះ ទ្រង់​បាន​ធ្វើ​រឿង​ដ៏​ត្រឹម​ត្រូវ ដោយ​បណ្តេញ “អស់​ទាំង​ពួក​គ្រូ​ខាប និង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ”(១សាំយ៉ូអែល ២៨:៣)។ នេះ​ជា​ទង្វើ​ដ៏​ល្អ ដ្បិត​ព្រះ​ទ្រង់​បាន​ប្រកាស​ថា ការ​ទៅ​ពឹង​ពួក​គ្រូ​ខាប គ្រូ​អន្ទង​ខ្មោច គឺជា​ទង្វើ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម នៅ​ចំពោះ​ព្រះអង្គ(ចោទិយកថា ១៨:៩-១២)។ ប៉ុន្តែ នៅពេល​ដែល​ស្តេច​សូល​ឃើញ​កងទ័ព​របស់​សាសន៍​ភីលីស្ទីន មាន​គ្នា​ច្រើន​សន្ធឹក ទ្រង់​ក៏​ទូល​អង្វរ​ឲ្យ​ព្រះ​អម្ចាស់​ជួយ តែ​ព្រះអម្ចាស់​មិន​បាន​ឆ្លើយតប ដោយសារ​ទ្រង់​បាន​ប្រព្រឹត្ត​ខុស​។ ស្តេច​សូល​ក៏បាន​ឲ្យ​គេ​ទៅ​ហៅ​គ្រូ​អន្ទង​ខ្មោច​មក ដើម្បី​សុំ​ឲ្យ​គ្រូ​នោះ​ជួយ​ទ្រង់(១សាំយ៉ូអែល ២៨:៧)។ ដូច​នេះ​ទ្រង់​ក៏​បាន​ធ្វើបាប​ទាស់​នឹង​ព្រះ​អម្ចាស់​ថែម​ទៀត ទោះ​ទ្រង់​ជ្រាប​ថា វា​ជា​ការ​បំពាន​សេចក្តី​បង្គាប់​របស់​ព្រះអម្ចាស់​ក៏ដោយ​។

ប្រហែល១ពាន់​ឆ្នាំ​ក្រោយមក ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា “ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ​ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ”(ម៉ាថាយ ៥:៣៧)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា បើ​យើង​បាន​ប្ដេជ្ញា​ចិត្ត​ស្តាប់​បង្គាប់​តាម​ព្រះគ្រីស្ទ យើង​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ប្ដេជ្ញា​ចិត្ត​នោះ ដោយ​ភាព​ពិត​ត្រង់​ជានិច្ច​។ ចូរ​យើង​ប្រកាន់​គោល​ជំហរ ក្នុង​ការ​ធ្វើ​តាម​បង្គាប់​ព្រះអង្គ ដោយ​ពឹង​ផ្អែក​ជំនួយ​មកពី​ព្រះអង្គ​។—Tom Felten

តើមាន​អ្វី​ជួយ​ឲ្យ​អ្នក​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក? តើ​ហេតុ​អ្វី​អ្នក​ចាំបាច់​ត្រូវ​ប្រកាន់​គោល​ជំហរ ក្នុង​ការ​រស់នៅ​ដោយ​ភាព​ពិត​ត្រង់?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ប្រកាន់​គោល​ជំហរ ក្នុង​ការ​ដើរ​តាម​ផ្លូវ​ព្រះអង្គ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២ពង្សាវតាក្សត្រ ១៣-១៤ និង យ៉ូហាន ២

ល្ងាច

Devotional illustration

ការបៀតបៀន​នៅ​ផែនដី រង្វាន់​នៅ​ស្ថានសួគ៌

ដោយJohn Piper

May 11, 2024

អ្នកនោះ​នឹង​ដូចជា​ដើមឈើ ដែល​ដុះ​នៅ​ក្បែរផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ

ឯ​ការ​អ្វី​ដែល​អ្នកនោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំងអស់។ ទំនុកដំកើង ១:៣

តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ដឹង​ថា ព្រះបន្ទូល​សន្យា​ក្នុង​បទ​គម្ពីរ ទំនុកដំកើង ១:៣ កំពុង​ចង្អុលបង្ហាញ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះគ្រីស្ទ?

បទ​គម្ពីរ​នេះ​បាន​ចែងថា “ការអ្វី​ដែល​អ្នកនោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំងអស់”។ មនុស្ស​សុចរិត​មានការ​ចម្រើនឡើង ក្នុង​ការអ្វី​ទាំងអស់​ដែល​ពួក​គេ​ធ្វើ។ តើ​នេះ​ជា​រឿង​ដ៏​ល្ងង់ខ្លៅ ឬ​ជា​រឿង​ពិត​មិន​អាច​ប្រកែក​បាន?

នៅក្នុង​ជីវិត​នេះ យើង​សង្កេតឃើញ​ថា មនុស្ស​អាក្រក់​ហាក់ដូចជា​ចេះតែ​ចម្រុងចម្រើន។ តែ​ព្រះគម្ពីរ​បាន​ចែងថា “ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះ កុំ​ឲ្យ​ក្តៅចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ”(ទំនុកដំកើង ៣៧:៧)។ “ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បង​ល​ព្រះ ហើយក៏​រួច​ផង” (ម៉ាឡាគី ៣:១៥)។

ហើយ​ក្នុង​ជីវិត​នេះ មនុស្ស​សុចរិត​ច្រើនតែ​រងទុក្ខ ហើយ​អំពើល្អ​របស់​ពួក​គេ ក៏បាន​ទទួលការ​តបស្នង​ដោយ​ការ​អាក្រក់។ “បើ​យើងខ្ញុំ​បាន​ភ្លេច​ព្រះនាម​នៃ​ព្រះ​របស់​យើងខ្ញុំ … នោះ​តើ​ព្រះ​មិន​ស៊ើបរក​ឲ្យ​ឃើញ​ទេ​ឬអី?ដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្តី​លាក់កំបាំង​នៅក្នុង​ចិត្ត​ផង យើងខ្ញុំ​ត្រូវ​គេ​សំឡាប់ ជាដរាប​រាល់ថ្ងៃ ដោយ​ព្រោះ​ទ្រង់ ហើយក៏​រាប់​ទុកដូចជា​ចៀម​ដែល​សំរាប់​សំឡាប់”(ទំនុកដំកើង ៤៤:២០-២១)។

ដូចនេះ ពេល​ដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ថ្លែង​ថា “ការអ្វី​ដែល​អ្នកនោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំងអស់” គឺ​គាត់​មិន​ល្ងង់ខ្លៅ​ឡើយ។ តាមរយៈ​ភាព​ច្របូកច្របល់​នៃ​ជីវិត​នៅ​លើ​ផែនដី​នេះ គាត់​កំពុង​ចង្អុលបង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ជីវិត​ដែល​យើង​នឹង​រស់នៅ បន្ទាប់ពី​លាចាក​ផែនដី​នេះ​ទៅ ដែល​នៅ​ទីនោះ អ្វី​ៗ​ដែល​យើង​ធ្វើ នឹង​មានប្រសិទ្ធភាព​ពិតប្រាកដ ពោល​គឺ​ចម្រើនឡើង​យ៉ាង​ពិតប្រាកដ។

ខាង​ក្រោម​នេះ​ជា​របៀប​ដែល​សាវ័ក​ប៉ុល​បាន​គិត៖

ជាដំបូង គាត់​អបអរ​ជ័យជម្នះ ដែល​ព្រះគ្រីស្ទ​មាន​មក​លើ​សេចក្តី​ស្លាប់។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “«ឱ​សេចក្តី​ស្លាប់​អើយ ទ្រនិច​ឯង​នៅឯណា សេចក្តី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯង​នៅឯណា» … តែ​អរព្រះគុណ​ដល់​ព្រះអង្គ ពីព្រោះ​ទ្រង់ប្រទាន​ឲ្យ​យើង​រាល់គ្នា​មានជ័យ​ជំនះ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង”(១កូរិនថូស ១៥:៥៥,៥៧)។

បន្ទាប់មក គាត់​ក៏បាន​លើក​ហេតុផល​ថា ដោយសារ​ជ័យជម្នះ​នេះ កិច្ចការ​នីមួយៗ​ដែល​អ្នកជឿ​បាន​ធ្វើ នឹង​ចម្រើនឡើង។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “បាន​ជា​បងប្អូន​ស្ងួនភ្ងា​អើយ … ការដែល​អ្នករាល់គ្នា​ខំប្រឹង​ធ្វើ​ក្នុង​ព្រះអម្ចាស់ នោះ​មិនមែន​ឥតប្រយោជន៍​ទេ”(១កូរិនថូស ១៥:៥៨)។ ការអ្វី​ដែល​មិន​ឥតប្រយោជន៍ គឺ​នឹង​ចម្រើនឡើង។

ដោយសារ​ព្រះយេស៊ូវ​បាន​សុគត​ជំនួស​យើង នោះ​ព្រះអង្គ​ក៏បាន​ធានា​ផង​ដែរ​ថា មិនយូរ​មិនឆាប់ ការ​ល្អ​នីមួយៗ​ដែល​យើង​ធ្វើ នឹង​ចម្រើនឡើង។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ ទោះ​បើជា​បាវបំរើ ឬ​អ្នក​ជា​ក្តី”(អេភេសូរ ៦:៨)។ “អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មានចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជាធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។ ការបៀតបៀន​ក្នុង​ពេល​បច្ចុប្បន្ន។ រង្វាន់​នៅ​ស្ថានសួគ៌។

សេចក្តី​ដែល​ហាក់ដូចជា​ល្ងង់ខ្លៅ ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់(“ការអ្វី​ដែល​អ្នកនោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំងអស់”) ចង្អុលបង្ហាញ​យ៉ាង​ច្បាស់ ទៅ​រក​ព្រះរាជកិច្ច​ព្រះគ្រីស្ទ និង​ការពិត​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ។ គឺ​ដូចដែល​បទចម្រៀង​ទំនុកដំកើង​របស់​អ្នកស្រី ខា​ថា​រី​ណា វុន ស្កេ​លេ​ជែល(Katharina von Schlegel) មាន​ចំណងជើង​ថា “វិញ្ញាណ​ខ្ញុំ​អើយ ចូរ​ស្ងៀម​នៅ” បាន​បកស្រាយ​ថា “វិញ្ញាណ​ខ្ញុំ​អើយ ចូរ​ស្ងៀម​នៅ ព្រះយេស៊ូ​អាច​បង់ថ្លៃ​លោះ ដោយ​ភាព​ពេញលេញ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​ដក​បាប​ទាំងអស់​ចេញ”។

ប្រភេទ