នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

Devotional illustration

ការ​ផ្លាស់​ប្រែ នៅពេល​ចុងក្រោយ

ដោយJohn Piper

May 12, 2024

“ព្រះអម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង”។ លូកា ២៣:៤២

អ្នក​បាន​ព្យាយាម​ជាយូរមកហើយ ដើម្បីឲ្យ​មានការ​ផ្លាស់​ប្តូរ តែ​មិនបាន​ជោគជ័យ។ បញ្ហា​នេះ​ស្ថិត​ក្នុងចំណោម​ឃាតករ​ដ៏​សាហាវ​បំផុត ដែល​សម្លាប់​ក្តី​សង្ឃឹម។

អ្នក​ក៏បាន​ក្រឡេកមក​ក្រោយ ហើយ​គិតថា តើមាន​ប្រយោជន៍អ្វី? ទោះ​ខ្ញុំ​អាច​ឈាន​ទៅដល់​ការ​រក​​​ឃើញ​ដ៏​សំខាន់​ក៏ដោយ ក៏​ខ្ញុំ​នៅសល់​ពេល​តិចណាស់ ដើម្បី​រស់នៅ តាមរបៀប​ថ្មី ដែល​នឹង​មិន​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ឡើយ បើ​ប្រៀបធៀប​នឹង​បរាជ័យ​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។

ក្នុងចំណោម​ចោរ​ពីរ​នាក់ ដែលគេ​បាន​ឆ្កាង​នៅ​ក្បែរ​ព្រះយេស៊ូវ​ មាន​ម្នាក់​ដែល​បាន​ប្រែចិត្ត​ទទួល​ជឿ​ព្រះអង្គ តែ​បន្ទាប់មក គាត់​រស់នៅ​បាន​ប្រហែល១ម៉ោង​ទៀត​ប៉ុណ្ណោះ។ គាត់​ក៏បាន​ស្លាប់ តែ​គាត់​បាន​ផ្លាស់​ប្រែ​ហើយ។ គាត់​បាន​រស់នៅ​លើ​ឈើឆ្កាង ក្នុងនាម​ជា​មនុស្ស​កើតជា​ថ្មី មាន​អាកប្ប​កិរិយា និង​ទង្វើ​រ​ថ្មី។ ប៉ុន្តែ ៩៩.៩៩% នៃ​ជីវិត​គាត់ មិនបាន​រស់នៅ​ឲ្យ​មានប្រយោជន៍​ឡើយ។ ដូចនេះ តើ​រយៈពេល​តែ​ពីរបី​ម៉ោង​ចុងក្រោយ​នៃ​ជីវិត​គាត់ ដែល​មានការ​កើតជា​ថ្មី​នោះ មាន​សារៈសំខាន់​ទេ?

រយៈពេល​ដ៏​ខ្លី​នោះ​ពិតជា​សំខាន់? អតីត​ចោរប្លន់​នោះ គឺ​មិន​ខុសពី​យើង​ទេ។ គាត់​នឹង​ត្រូវ​ឈរ​នៅ​ពីមុខ​បល្ល័ង្ក​ជំនុំជម្រះ​នៃ​ព្រះគ្រីស្ទ ដើម្បី​ទទួលការ​បើក​បង្ហាញ​ការអ្វី​ខ្លះ​ដែល​គាត់​បាន​ធ្វើ​ក្នុង​ជីវិត​គាត់។ “ដ្បិត​យើង​ទាំងអស់គ្នា​ត្រូវ​ទៅ​នៅមុខ​ទីជំនុំ​ជំរះ​របស់​ព្រះគ្រីស្ទ ដើម្បីឲ្យ​គ្រប់គ្នា​បាន​ទទួលតាម​ការដែល​បាន​ធ្វើ ពី​កាល​នៅក្នុង​រូបកាយ​រៀងខ្លួន ទោះ​ល្អ​ឬ​អាក្រក់​​ក្តី”(២កូរិនថូស ៥:១០)។ នៅ​ថ្ងៃ​ជំនុំជម្រះ តើ​ជីវិត​ដែល​គាត់​ធ្លាប់​បាន​រស់នៅ នឹង​ធ្វើ​បន្ទាល់​អំពី​ការ​កើតជា​ថ្មី និង​ការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ ដូចម្តេច​ខ្លះ? តើ​ជីវិត​ដែល​គាត់​ធ្លាប់​បាន​រស់នៅ នឹង​បញ្ជាក់​ថា គាត់​បាន​កើតជា​ថ្មី ក្នុង​ព្រះគ្រីស្ទ​ដូចម្តេច​ខ្លះ?

រឿង​ដែល​បាន​កើតឡើង​ក្នុងរយៈពេល​ចុងក្រោយ​នៃ​ជីវិត​គាត់ នឹង​បាន​ធ្វើជា​បន្ទាល់​ថា បុរស​នេះ​បាន​កើតជា​ថ្មី​ហើយ ជំនឿ​គាត់​ជា​ជំនឿ​ពិតប្រាកដ គាត់​ពិតជា​បាន​រួបរួម​ជាមួយ​ព្រះគ្រីស្ទ។ គាត់​បាន​ទទួល​សេចក្តី​សុចរិត​ពី​ព្រះគ្រីស្ទ​ហើយ។ អំពើបាប​គាត់​ត្រូវ​បាន​អត់ទោស​ឲ្យហើយ។

រយៈពេល​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នៃ​ជីវិត​គាត់ នឹង​ប្រកាស​យ៉ាងដូច​នេះឯង នៅ​ថ្ងៃ​ជំនុំជម្រះ​ចុងក្រោយ។ គាត់​បាន​ផ្លាស់​ប្រែ​ហើយ! ការ​ផ្លាស់​ប្រែ​របស់​គាត់​គឺ​មាន​សារៈសំខាន់។ ការ​នេះ​នឹង​បាន​ធ្វើ​បន្ទាល់​ដ៏​មានន័យ អំពី​អំណាច​នៃ​ព្រះគុណ​ព្រះ និង​ភាព​ពិត​នៃ​ជំនឿ​គាត់ និង​ការ​រួបរួម​របស់​គាត់​ជាមួយ​ព្រះគ្រីស្ទ។

ឥឡូវនេះ ខ្ញុំ​សូម​ងាក​មក​និយាយ អំពី​ការ​លំបាក​ដែល​យើង​មាន ក្នុង​ការ​ផ្លាស់​ប្រែ។ ខ្ញុំ​មិនមែន​កំពុងតែ​និយាយ​ថា អ្នកជឿ​ដែល​ពិបាក​ផ្លាស់​ប្រែ នឹង​មិនបាន​សង្គ្រោះ​ដូច​ចោរ​ម្នាក់​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​ចង់និយាយ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ និង​ប៉ុន្មាន​ម៉ោង​ចុងក្រោយ នៃ​ជីវិត​យើង គឺ​សំខាន់ណាស់។

បើ​ក្នុងរយៈពេល១% ចុងក្រោយ នៃ​ជីវិត​យើង យើង​អាច​មានជ័យ​ជម្នះ​មក​លើ​អំពើបាប​ដែល​យើង​ធ្វើជា​ទម្លាប់​ជាយូរមកហើយ ឬ​មក​លើ​ចំណុច​ខ្វះខាត​ដ៏​គ្រោះថ្នាក់ នៃ​បុគ្គលិក​លក្ខណៈ​របស់​យើង នោះ​វា​នឹង​បាន​ធ្វើជា​ទីបន្ទាល់​ដ៏​មានន័យ អំពី​អំណាច​នៃ​ព្រះគុណ​ព្រះ ហើយ​នៅ​ថ្ងៃ​ជំនុំជម្រះ​ចុងក្រោយ វា​នឹង​បាន​ធ្វើជា​បន្ទាល់​បន្ថែម​ទៀត(មិនមែន​មានតែ១) ពី​ជំនឿ​ដែល​យើង​មាន លើ​ព្រះគ្រីស្ទ និង​ការ​រួបរួម​ជាមួយ​ព្រះអង្គ។

សម្រាប់​មនុស្ស​ទាំងឡាយ​ដែល​ពិបាក​ផ្លាស់​ប្រែ ចូរ​សង្ឃឹម​ឡើង។ ចូរ​បន្ត​ទូល​សូម ស្វែងរក និង​គោះទ្វារ។ ចូរ​បន្ត​មើលទៅ​ព្រះគ្រីស្ទ។ បើ​ព្រះ​ទ្រង់​ទទួល​បាន​សិរីល្អ តាមរយៈ​ការ​សង្គ្រោះ​ចោរ​នោះ នៅ​ម៉ោង​ទី១១ នោះ​ព្រះអង្គ​ពិតជា​មាន​គោលបំណង ក្នុង​ការ​ពន្យារ​ពេល ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​រក​ឃើញ​ដ៏​សំខាន់ ដែល​អ្នក​បាន​ស្វែងរក​អស់​ជាច្រើន​ឆ្នាំ។

ប្រភេទ

ល្ងាច

បន្សល់​ទុក​កេរ​ដំណែល​ខាង​វិញ្ញាណ

បន្សល់​ទុក​កេរ​ដំណែល​ខាង​វិញ្ញាណ

ដោយNancy Gavilanes

May 12, 2024

១ធីម៉ូថេ ១:៣-៥

ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ​។ ២ធីម៉ូថេ ១:៥

កាល​ខ្ញុំ និង​បង​ស្រី​ខ្ញុំ ស្ថិត​ក្នុង​វ័យ​ជំទង់ យើង​មិន​យល់​អំពី​មូល​ហេតុ​ដែល​ម្តាយ​របស់​យើង បាន​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ​​ទេ តែ​យើង​មិន​អាច​បដិសេធន៍​ការ​ផ្លាស់​ប្រែ ដែល​យើង​បាន​មើល​ឃើញ​ក្នុង​ជីវិត​គាត់​បាន​ឡើយ​។ គាត់​មាន​សន្តិភាព និង​ក្តី​អំណរ​ច្រើន​ជាង​មុន ហើយក៏​បាន​ចាប់​ផ្តើម​បម្រើ​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ព្រះវិហារ​។ គាត់​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​រៀន​ព្រះ​គម្ពីរប៊ីប​ណាស់ បានជា​គាត់​​ទៅរៀន​នៅ​សាលា​ព្រះ​គម្ពីរ​រហូត​ដល់​បញ្ចប់​ការ​សិក្សា​។ រយៈ​ពេល១ឆ្នាំ បន្ទាប់ពី​ម្តាយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ បង​ស្រី​ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះអង្គ​។ ហើយ​ពីរបី​ឆ្នាំ​ក្រោយមក ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ និង​ចាប់​ផ្តើម​បម្រើ​ព្រះអង្គ​ផង​ដែរ​។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ឪពុក​ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ​។ ការ​សម្រេច​ចិត្ត​របស់​ម្តាយ​ខ្ញុំ ក្នុង​ការ​ទទួល​ជឿ​ព្រះគ្រីស្ទ បាន​ជះ​ឥទ្ធិពល​នៃ​ជីវិត​ផ្លាស់​ប្រែ ដែល​បាន​បណ្តាល​ចិត្ត​ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​យើង​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ​ជា​បន្ត​បន្ទាប់​។

កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ចុង​ក្រោយ​របស់​គាត់ ផ្ញើ​ទៅ​លោក​ធីម៉ូថេ ហើយ​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ជំនឿ លើ​ព្រះយេស៊ូវ គាត់​បាន​ធ្វើ​ការ​កត់​សំគាល់ អំពី​មរតក​នៃ​សេចក្តី​ជំនឿ​របស់​គាត់ បានជា​គាត់​មាន​ប្រសាសន៍​ថា “ដ្បិត​ខ្ញុំ​នឹកចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ក៏​នៅ​ក្នុង​អ្នកផង”(២ធីម៉ូថេ ១:៥)។

ការ​សម្រេច​ចិត្ត​របស់​ស្រ្តី​ដែល​ជា​ម្តាយ និង​ជី​ដូនជា​ច្រើន ក្នុង​ការ​ទទួល​ជឿ​ព្រះយេស៊ូវ អាច​មាន​ឥទ្ធិពល​មក​លើ​មនុស្ស​ជា​ច្រើន​ជំនាន់​។ ការ​ដែល​ម្តាយ និង​ជី​ដូនរបស់​លោក​ធីម៉ូថេ​បាន​ជួយ​ថែ​បំប៉ន​ជំនឿ​របស់​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​គាត់​ឲ្យ​ក្លាយ​ទៅ​ជា។

ក្នុង​ទិវា​អ្នក​ម្តាយ និង​នៅ​ថ្ងៃ​ដែល​មាន​ជា​បន្ត​បន្ទាប់​ទៀត ចូរ​យើង​ផ្តល់​កិត្តិយស​ដល់​ម្តាយ​ទាំងឡាយ ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ​។

ចូរ​យើង​បន្សល់​ទុក​នូវ​កេរ​ដំណែល​ខាង​វិញ្ញាណ សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ផង​ដែរ​។—Nancy Gavilanes

តើ​មាន​ស្រ្តី​ណា​ខ្លះ​កោត​ខ្លាច​ព្រះ ដែល​អ្នក​អាច​ផ្តល់​កិត្តិយស​នៅ​ថ្ងៃ​នេះ? តើ​មាន​កេរ​ដំណែល​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​អ្នក​ចង់​បន្សល់​ទុក​សម្រាប់​អ្នក​ដទៃ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ម្តាយ​ដែល​កោត​ខ្លាច​ព្រះ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បន្សល់​ទុក​នូវ​កេរ​ដំណែល​ខាង​វិញ្ញាណ​ដល់​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២ពង្សាវតាក្សត្រ ១៥-១៦ និង យ៉ូហាន ៣:១-១៨