ការ​ប្រកាន់​គោល​ជំហរ ក្នុង​ព្រះគ្រីស្ទ

១សាំយ៉ូអែល ២៨:៣-១០

ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ​ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពីអា​កំណាច​ទេ​។ ម៉ាថាយ ៥:៣៧

ក្នុង​ខ្សែ​ភាព​រឿង​ម្ចាស់​ចិញ្ចៀន ផ្អែក​ទៅលើ​រឿង​ប្រលោមលោក ដែល​លោក ថូលខិន(Tolkien) បាន​និពន្ធ លោក​ហ្គន់ដូល(Gandalf) ជា​តួ​អង្គ​ស្លៀក​រ៉ូប​ពណ៌​ប្រផេះ បាន​ប្រឈម​មុខ​ដាក់​លោក​សារូ​មិន(Saruman) ជា​តួ​អង្គ​ស្លៀក​រ៉ូប​ពណ៌ស បន្ទាប់ពី​លោក​សារូ​មិន បាន​បោះបង់​ចោល​គោល​ជំហរ​របស់​គាត់ ក្នុង​ការ​ជួយ​ការពារ​ភូមិភាគ​កណ្តាល​នៃ​ផែនដី ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្តី​អាក្រក់​របស់​លោក​សៅរ៉ុន(Sauron)។ ជាង​នេះ​ទៅទៀត លោក​សារូ​មិន ថែម​ទាំង​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​លោក​សៅរ៉ុន​ទៀត​ផង! នៅពេល​នោះ​អ្នក​ទាំង​ពីរ ដែល​ជា​អតីត​មិត្ត​ភក្តិ ក៏​បាន​ដឹកនាំ​ទ័ព​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ដ៏​ធំ​មួយ រវាង​ការ​ល្អ និង​ការ​អាក្រក់​។ បើសិន​ជា​លោក​សារូ​មិន បាន​ប្រកាន់​គោល​ជំហរ​របស់​របស់​ខ្លួន ដោយ​មិន​ងាករេ ហើយ​ធ្វើ​ការ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​គាត់​ក៏​មិន​ក្លាយ​ជា​មនុស្ស​អាក្រក់​ដែរ​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្តេច​សូល ដែល​មាន​បញ្ហា ក្នុង​ការ​ប្រកាន់​គោល​ជំហរ​របស់​ទ្រង់​។ ក្នុង​រឿង​មួយ​នោះ ទ្រង់​បាន​ធ្វើ​រឿង​ដ៏​ត្រឹម​ត្រូវ ដោយ​បណ្តេញ “អស់​ទាំង​ពួក​គ្រូ​ខាប និង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ”(១សាំយ៉ូអែល ២៨:៣)។ នេះ​ជា​ទង្វើ​ដ៏​ល្អ ដ្បិត​ព្រះ​ទ្រង់​បាន​ប្រកាស​ថា ការ​ទៅ​ពឹង​ពួក​គ្រូ​ខាប គ្រូ​អន្ទង​ខ្មោច គឺជា​ទង្វើ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម នៅ​ចំពោះ​ព្រះអង្គ(ចោទិយកថា ១៨:៩-១២)។ ប៉ុន្តែ នៅពេល​ដែល​ស្តេច​សូល​ឃើញ​កងទ័ព​របស់​សាសន៍​ភីលីស្ទីន មាន​គ្នា​ច្រើន​សន្ធឹក ទ្រង់​ក៏​ទូល​អង្វរ​ឲ្យ​ព្រះ​អម្ចាស់​ជួយ តែ​ព្រះអម្ចាស់​មិន​បាន​ឆ្លើយតប ដោយសារ​ទ្រង់​បាន​ប្រព្រឹត្ត​ខុស​។ ស្តេច​សូល​ក៏បាន​ឲ្យ​គេ​ទៅ​ហៅ​គ្រូ​អន្ទង​ខ្មោច​មក ដើម្បី​សុំ​ឲ្យ​គ្រូ​នោះ​ជួយ​ទ្រង់(១សាំយ៉ូអែល ២៨:៧)។ ដូច​នេះ​ទ្រង់​ក៏​បាន​ធ្វើបាប​ទាស់​នឹង​ព្រះ​អម្ចាស់​ថែម​ទៀត ទោះ​ទ្រង់​ជ្រាប​ថា វា​ជា​ការ​បំពាន​សេចក្តី​បង្គាប់​របស់​ព្រះអម្ចាស់​ក៏ដោយ​។

ប្រហែល១ពាន់​ឆ្នាំ​ក្រោយមក ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា “ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ​ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ”(ម៉ាថាយ ៥:៣៧)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា បើ​យើង​បាន​ប្ដេជ្ញា​ចិត្ត​ស្តាប់​បង្គាប់​តាម​ព្រះគ្រីស្ទ យើង​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ប្ដេជ្ញា​ចិត្ត​នោះ ដោយ​ភាព​ពិត​ត្រង់​ជានិច្ច​។ ចូរ​យើង​ប្រកាន់​គោល​ជំហរ ក្នុង​ការ​ធ្វើ​តាម​បង្គាប់​ព្រះអង្គ ដោយ​ពឹង​ផ្អែក​ជំនួយ​មកពី​ព្រះអង្គ​។—Tom Felten

តើមាន​អ្វី​ជួយ​ឲ្យ​អ្នក​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក? តើ​ហេតុ​អ្វី​អ្នក​ចាំបាច់​ត្រូវ​ប្រកាន់​គោល​ជំហរ ក្នុង​ការ​រស់នៅ​ដោយ​ភាព​ពិត​ត្រង់?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ប្រកាន់​គោល​ជំហរ ក្នុង​ការ​ដើរ​តាម​ផ្លូវ​ព្រះអង្គ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២ពង្សាវតាក្សត្រ ១៣-១៤ និង យ៉ូហាន ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles