ព្រឹក

ទៅប្រាប់គេ អំពីការអ្វីដែលព្រះអង្គបានធ្វើ
ដោយDave Branon
May 24, 2024
២កូរិនថូស ៥:១២-២១
ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ... គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ។ ២កូរិនថូស ៥:២០
លោកប៊ីល ថូបៀស(Tobias) មិត្តភក្តិរបស់ខ្ញុំ ដែលរៀនជាមួយគ្នានៅមហាវិទ្យាល័យ។ គាត់បានទៅធ្វើការបម្រើព្រះ ជាបេសកជន នៅលើកោះមួយ ក្នុងមហាសមុទ្របាស៊ីហ្វិក អស់ជាច្រើនឆ្នាំ។ គាត់បានចែកចាយទីបន្ទាល់របស់យុវជនវ័យក្មេងម្នាក់ ដែលបានចាកចេញពីស្រុកកំណើត ទៅស្វែងរកភាពមានបាន។ តែមិត្តភក្តិគាត់ម្នាក់បាននាំគាត់ ទៅព្រះវិហារ ដែលនៅទីនោះ គាត់បានឮដំណឹងល្អរបស់ព្រះយេស៊ូវ ហើយគាត់ក៏បានទទួលជឿព្រះអង្គជាព្រះអង្គសង្រ្គោះ។
យុវជននោះចង់នាំដំណឹងល្អទៅចែកចាយដល់ប្រជាជនគាត់ ដែល “កំពុងផុងខ្លួនជ្រៅក្នុងអំពើមន្តអាគម” ដូចនេះ គាត់ក៏បានស្វែងរកបេសកជនម្នាក់ ឲ្យទៅឈោងចាប់ពួកគេ។ ប៉ុន្តែ មានបេសកជនម្នាក់បានប្រាប់គាត់ ឲ្យចេញទៅប្រាប់ពួកគេ អំពីការអ្វីដែលព្រះបានធ្វើសម្រាប់គាត់(មើលម៉ាកុស ៥:១៩)។ គាត់ក៏បានធ្វើតាមការណែនាំរបស់បេសកជនរូបនោះ។ មនុស្សមួយចំនួនក្នុងស្រុកកំណើតរបស់គាត់ក៏បានទទួលជឿព្រះយេស៊ូវ តែភាពផុសផុលធំបំផុតកើតមាន នៅពេលដែលមេធ្មប់ម្នាក់ ប្រចាំតំបន់នោះ បានដឹងថា ព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។ មេធ្មប់នោះបានទទួលជឿព្រះយេស៊ូវ ហើយក៏បានចែកចាយអំពីព្រះអង្គ នៅទូទាំងតំបន់ដែលពួកគេរស់នៅ។ ក្នុងរយៈពេល៤ឆ្នាំ ការធ្វើបន្ទាល់របស់យុវជននោះ នាំឲ្យមានការបង្កើតពួកជំនុំ បាន៧កន្លែង ក្នុងតំបន់នោះ។
ក្នុងបទគម្ពីរ២កូរិនថូស សាវ័កប៉ុលបានបង្ហាញនូវផែនការដ៏ច្បាស់លាស់មួយ សម្រាប់ផ្សាយដំណឹងល្អដល់អ្នកដែលមិនបានស្គាល់ព្រះគ្រីស្ទ ហើយបេសកជននោះក៏បានអនុវត្តតាម ដោយប្រាប់យុវជននោះជាអ្នកជឿព្រះ ឲ្យទៅផ្សាយដំណឹងល្អ។ យើងត្រូវធ្វើជា “ទូតព្រះគ្រីស្ទ” ជាអ្នកតំណាងព្រះអង្គ ដោយអនុញ្ញាតឲ្យព្រះអង្គប្រើយើង នាំព្រះបន្ទូលព្រះអង្គចែកចាយអ្នកដទៃ(៥:២០)។ អ្នកជឿម្នាក់ៗមានរឿងពិសេសរៀងខ្លួន ដើម្បីចែកចាយអំពីរបៀបដែលព្រះយេស៊ូវ បានធ្វើឲ្យពួកគេកើតជាថ្មី ហើយបានផ្សះផ្សាពួកគេឲ្យជានឹងព្រះ(ខ.១៧-១៨)។ ចូរយើងប្រាប់អ្នកដទៃ អំពីការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង ជាទីបន្ទាល់ ដែលធ្វើឲ្យពួកគេបើកចិត្តឲ្យទទួលដំណឹងល្អរបស់ព្រះអង្គ។—Dave Branon
តើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ មានន័យយ៉ាងណាចំពោះអ្នក? តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីចែកចាយរឿងរបស់អ្នក ដល់អ្នកដទៃ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យចែកចាយរឿងនៃសេចក្តីជំនឿទូលបង្គំ ជាមួយអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៥-២៧ និង យ៉ូហាន ៩:១-២៣
ប្រភេទ
ល្ងាច

ជំនឿដែលនាំឲ្យបានសង្គ្រោះ មានសេចក្តីប្រាថ្នាមិនងាយឈប់
ដោយJohn Piper
May 24, 2024
បើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ។ ហេព្រើរ ១១:១៥-១៦
សេចក្តីជំនឿមើលឃើញពេលអនាគតដែលព្រះបានសន្យាថា នឹងប្រទានឲ្យ ហើយក៏ “ប្រាថ្នាចង់បាន” ពេលអនាគតនោះ។ “គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ”។ សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីរឿងនេះ។
មានមនុស្សជាច្រើនបានបន្ទាបតម្លៃរបស់ជំនឿ ដែលនាំឲ្យបានសង្គ្រោះ ដោយចាត់ទុកជំនឿ គ្រាន់តែជាការសម្រេចចិត្តទទួលជឿព្រះ ដោយគ្មានការកែប្រែបំណងប្រាថ្នា និងការស្វែងរក។ បទគម្ពីរនេះដែលមានក្នុងជំពូកនៃសេចក្តីជំនឿដ៏អស្ចារ្យ ក្នុងព្រះគម្ពីរ គឺបទគម្ពីរហេព្រើរ ជំពូក១១ កំពុងតែប្រាប់យើងថា ការរស់នៅ និងការស្លាប់ដោយជំនឿ គឺមានន័យថា យើងមានសេចក្តីប្រាថ្នាថ្មី និងស្វែងរកការស្កប់ចិត្តថ្មី។
ខ.១៤បានចែងថា ពួកបរិសុទ្ធពីសម័យដើម (ដែលបទគម្ពីរហេព្រើរ ជំពូក១១ បានសរសើរ) បានស្វែងរកស្រុក១ ដែលលោកិយនេះមិនអាចផ្តល់ឲ្យបាន។ ហើយខ.១៦ បានចែងថា ពួកគេក៏ប្រាថ្នាចង់បានការអ្វី ដែលល្អជាងអ្វីៗដែលលោកិយអាចផ្តល់ឲ្យបាន។ “គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ”។
ពួកគេបានជាប់ចិត្តនឹងព្រះយ៉ាងខ្លាំង បានជាការអ្វីដែលមិននៅខាងព្រះ មិនអាចធ្វើឲ្យពួកគេស្កប់ចិត្តឡើយ។
ដូចនេះ ជំនឿដែលពិតជានាំឲ្យបានសង្គ្រោះនោះ គឺជា ៖ ការមើលឃើញពីចម្ងាយ នូវអ្វីដែលព្រះបានសន្យា និងការពិសោធន៍នូវការផ្លាស់ប្តូរនៃតម្លៃ ជាហេតុនាំឲ្យអ្នកមានសេចក្តីប្រាថ្នា និងស្វែងរក និងទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះ លើសអ្វីៗទាំងអស់ដែលលោកិយអាចផ្តល់ឲ្យ។