ព្រឹក

ភាពស្រស់ស្អាត ក្នុងកន្លែងអស់សង្ឃឹម
ដោយKatara Patton
May 25, 2024
អេសាយ ៦១:១-៣
នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់។ អេសាយ ៦១:៣
នៅពេលល្ងាចមួយនោះ ខ្ញុំបានកត់សំគាល់ឃើញថ្នាលដំណាំជាជួរ ក្នុងដីឡូក្បែរផ្ទះខ្ញុំ។ ជួរនីមួយៗមានស្លឹកឈើពណ៌បៃតងតូចៗដុះចេញពីដី ជាមួយពន្លកតូចៗ។ នៅពេលព្រឹកបន្ទាប់ ពេលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំក៏បានឈប់ត្រឹងមួយកន្លែង ពេលដែលខ្ញុំបានឃើញកូនដើមផ្កាធូលីបពណ៌ក្រហម ក្នុងចំនួនច្រើនសន្ធឹក កំពុងដុះឡើង ក្នុងដីឡូនោះ។
ក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំមុន មានមនុស្សមួយក្រុមបានយកមើមដើមផ្កាធូលីបមកដាំ ក្នុងដីឡូដែលគេទុកចោល នៅទូទាំងភាគខាងត្បូងនៃទីក្រុងឈីកាហ្គោ។ ពួកគេបានជ្រើសរើសយកពូជផ្កាធូលីបពណ៌ក្រហម ជាតំណាងឲ្យការរើសអើងរបស់ធនាគារ មកលើអ្នកស្នើសុំប្រាក់កម្ចី ដែលមានផលប៉ះពាល់មកលើតំបន់ ដែលជនជាតិភាគតិចរស់នៅ។ ផ្កាធូលីបទាំងនោះជាតំណាងឲ្យផ្ទះ ដែលគេអាចសាងសង់នៅលើដីឡូទាំងនោះ។
រាស្រ្តរបស់ព្រះបានស៊ូទ្រាំនឹងបញ្ហាប្រឈមជាច្រើន ដែលរាប់ចាប់តាំងពីការនិទេសចេញពីស្រុកកំណើត រហូតដល់ការរើសអើង ដោយប្រកាន់ពូជសាសន៍ជាដើម។ តែយើងនៅតែអាចរកឃើញក្តីសង្ឃឹម។ កណ្ឌគម្ពីរអេសាយបានរំឭកប្រជាជនអ៊ីស្រាអែល ក្នុងអំឡុងពេលនិរទេសថា ព្រះអម្ចាស់នឹងមិនចាកចេញពីពួកគេឡើយ។ ព្រះអង្គនឹងប្រទាន “ភួងលម្អ” ជំនួសផេះ។ សូម្បីតែអ្នកក្រក៏នឹងទទួល “ដំណឹងល្អ”(៦១:១)។ ព្រះអម្ចាស់បានសន្យាថានឹងកែប្រែវិញ្ញាណដែលអស់សង្ឃឹម ឲ្យក្លាយជា “អាវនៃសេចក្តីសរសើរ”។ ពាក្យប្រៀបប្រដូចទាំងនេះបានបង្ហាញនូវសិរីល្អរបស់ព្រះអង្គ ហើយនាំក្តីអំណរដល់រាស្រ្តព្រះអង្គ ដែលបានប្រែក្លាយជា “ដើមឈើនៃសេចក្តីសុចរិត” គឺមិនមែនជាឈើ្លយសឹកដែលអស់អសង្ឃឹមទៀតទេ(ខ.៣)។
ផ្កាធូលីបទាំងនោះក៏បានបង្ហាញឲ្យយើងដឹងថា ព្រះអម្ចាស់អាចបង្កើតឲ្យមានភាពស្រស់ស្អាត ចេញពីដី និងការរើសអើង។ ខ្ញុំបានទន្ទឹងរង់ចាំពេលដែលខ្ញុំនឹងបានគយគន់ផ្កាធូលីពទាំងនោះ រៀងរាល់រដូវផ្ការីក ហើយដែលសំខាន់ជាងនេះទៀតនោះ គឺខ្ញុំរង់ចាំក្តីសង្ឃឹមដែលកើតមានជាថ្មី ក្នុងតំបន់ដែលខ្ញុំរស់នៅ និងសហគមន៍ដទៃទៀត។—Katara Patton
តើអ្នកបានឃើញភាពស្រស់ស្អាត ជំនួសឲ្យភាពអស់សង្ឃឹម ក្នុងផ្នែកណាខ្លះ ក្នុងសហគមន៍របស់អ្នក?
តើអ្នកអាចជួយបង្កើតឲ្យមានភាពស្រស់ស្អាត ក្នុងកន្លែងអស់សង្ឃឹមដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានភាពស្រស់ស្អាត នៅពេលណាស្ថានភាពទូលបង្គំហាក់ដូចជាអស់សង្ឃឹម។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១កូរិនថូស ២៨-២៩ និង យ៉ូហាន ៩:២៤-៤១
ប្រភេទ
ល្ងាច

ទម្រង់ដ៏ល្អបំផុតនៃភាពជាបាវបម្រើ
ដោយJohn Piper
May 25, 2024
ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ។ ១កូរិនថូសស ៧:២២
ក្នុងបទគម្ពីរនេះ សាវ័កប៉ុលបានប្រើពាក្យ “ព្រះអម្ចាស់” ដែលមានន័យថា ម្ចាស់ និង “ព្រះគ្រីស្ទ” ដែលមានន័យថា ព្រះមែស៊ី តាមរបៀបដែលគេមិននឹកស្មានដល់។
ក្នុងបទគម្ពីរនេះ គាត់បានបង្ហាញទំនាក់ទំនងរវាងសេរីភាពរបស់យើង និងភាពជាម្ចាស់របស់ព្រះយេស៊ូវ (“អ្នកជារបស់ព្រះអម្ចាស់”)។ ហើយគាត់ក៏បានបង្ហាញទំនាក់ទំនងរវាងភាពជាបាវបម្រើប្រភេទថ្មីរបស់យើង និងភាពជាព្រះមែស៊ី នៃព្រះគ្រីស្ទ (“បាវបម្រើព្រះគ្រីស្ទ”)។ ស្តាប់មើលទៅ ហាក់ដូចជាចម្លែក ព្រោះព្រះមែស៊ីបានយាងមករំដោះរាស្រ្តព្រះអង្គ ឲ្យរួចពីចំណង ហើយជាម្ចាស់គ្រប់គ្រងជីវិតរបស់បាវបម្រើ។
ហេតុអ្វីគាត់មានប្រសាសន៍ដូចនេះ? ហេតុអ្វីគាត់បង្ហាញអំពីទំនាក់ទំនងរវាងភាពជាបាវបម្រើ(ជាជាងការរំដោះ) ជាមួយនឹងព្រះមែស៊ី ហើយបង្ហាញទំនាក់ទំនងរវាងការរំដោះ(ជាជាងភាពជាបាវបម្រើ) ជាមួយនឹងព្រះអម្ចាស់?
ខ្ញុំយល់ឃើញថា ទំនាក់ទំនងទាំងពីរនេះមានផលប៉ះពាល់ពីរយ៉ាងមកលើសេរីភាពប្រភេទថ្មីរបស់យើង និងផលប៉ះពាល់ពីរយ៉ាងមកលើភាពជាបាវបម្រើប្រភេទថ្មីរបស់យើង។
ម្យ៉ាងទៀត ពេលដែលព្រះអង្គហៅយើងថា “អ្នកជារបស់ព្រះអម្ចាស់” គឺព្រះអង្គបង្ហាញឲ្យយើងដឹងថា សេរីភាពប្រភេទថ្មីរបស់យើង មានភាពស្ថិតស្ថេរ និងមានដែនកំណត់ ៖
ភាពជាម្ចាស់របស់ព្រះអង្គ គឺបានគ្រប់គ្រងពីលើភាពជាម្ចាស់ទាំងអស់ បានសេចក្តីថា ការរំដោះដែលព្រះអង្គប្រទានមកយើង គ្មាននរណាអាចប្រឆាំងបានឡើយ និយាយរួម គឺមានសុវត្ថិភាពទាំងស្រុង។
ប៉ុន្តែ ដែលយើងមានសេរីភាពរួចផុតពីម្ចាស់ផ្សេងទៀត ហើយទទួលព្រះអង្គជាម្ចាស់របស់យើង គឺមិនមានន័យថា យើងមានសេរីភាពធ្វើអ្វីតាមចិត្តនោះឡើយ។ សេរីភាពរបស់យើងមានដែនកំណត់ ដោយសារសេចក្តីមេត្តារបស់ព្រះអង្គ។ ព្រះយេស៊ូវជាម្ចាស់របស់យើង។
ជាងនេះទៅទៀត ពេលដែលទ្រង់ហៅយើងថា “បាវបម្រើព្រះគ្រីស្ទ” គឺទ្រង់បង្ហាញថា ភាពជាបាវបម្រើរបស់យើង មានភាពធូរស្រាល ហើយក៏ផ្អែមល្ហែមជាងមុន ៖
ព្រះមែស៊ីប្រកាសថា យើងជាបាវបម្រើរបស់ព្រះអង្គ ដើម្បីនាំយើងចេញពីការជាប់ចំណងក្នុងកន្លែងឃុំឃាំង ចូលទៅកន្លែងបើកចំហដែលមានសន្តិភាព។ “ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ”(អេសាយ ៩:៧)។
ហើយព្រះអង្គធ្វើឲ្យយើងក្លាយជាកម្មសិទ្ធិព្រះអង្គ ដើម្បីប្រទានយើងនូវក្តីអំណរដែលផ្អែមល្ហែមបំផុត។ “ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុត ហើយនឹងចំអែតគេដោយទឹកឃ្មុំពីថ្មដា”(ទំនុកដំកើង ៨១:១៦)។ ហើយថ្មដានោះ គឺជាព្រះគ្រីស្ទ ដែលជាព្រះមែស៊ី។
ដូចនេះ ចូរយើងដែលជាគ្រីស្ទបរិស័ទមានអំណរឡើង ព្រោះ “ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់” ដែលជាម្ចាស់របស់យើង។ “អ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ ដែលទ្រង់ជាព្រះមែស៊ីដែលបន្ធូរចំណង និងប្រទាននូវភាពផ្អែមល្ហែមកាន់តែខ្លាំង”។