នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ភាព​ស្រស់​ស្អាត ក្នុង​កន្លែង​អស់​សង្ឃឹម

ភាព​ស្រស់​ស្អាត ក្នុង​កន្លែង​អស់​សង្ឃឹម

ដោយKatara Patton

May 26, 2024

អេសាយ ៦១:១-៣

នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួងលំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់​។ អេសាយ ៦១:៣

នៅពេល​ល្ងាច​មួយ​នោះ ខ្ញុំ​បាន​កត់​សំ​គាល់​ឃើញ​ថ្នាល​ដំណាំ​ជាជួរ ក្នុង​ដីឡូ​ក្បែរ​ផ្ទះ​ខ្ញុំ​។ ជួរ​នីមួយៗ​មាន​ស្លឹក​ឈើ​ពណ៌​បៃតង​តូចៗ​ដុះ​ចេញ​ពី​ដី ជាមួយ​ពន្លក​តូចៗ​។ នៅពេល​ព្រឹក​បន្ទាប់ ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ខ្ញុំ​ក៏​បាន​ឈប់​ត្រឹង​មួយ​កន្លែង ពេល​ដែល​ខ្ញុំ​បាន​ឃើញ​កូន​ដើម​ផ្កា​ធូលីប​ពណ៌​ក្រហម ក្នុង​ចំនួន​ច្រើន​សន្ធឹក កំពុង​ដុះ​ឡើង ក្នុង​ដីឡូ​នោះ​។

ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​កាលពី​ឆ្នាំ​មុន មាន​មនុស្ស​មួយ​ក្រុម​បាន​យក​មើម​ដើម​ផ្កា​ធូលីប​មក​ដាំ ក្នុង​ដីឡូ​ដែល​គេ​ទុកចោល នៅ​ទូ​ទាំង​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ឈីកាហ្គោ​។ ពួកគេ​បាន​ជ្រើស​រើស​យក​ពូជ​ផ្កា​ធូលីប​ពណ៌​ក្រហម ជា​តំណាង​ឲ្យ​ការ​រើសអើង​របស់​ធនាគារ មក​លើ​អ្នក​ស្នើសុំ​ប្រាក់​កម្ចី ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​តំបន់ ដែល​ជនជាតិ​ភាគ​តិច​រស់នៅ​។ ផ្កា​ធូលីបទាំង​នោះ​ជា​តំណាង​ឲ្យ​ផ្ទះ ដែល​គេ​អាច​សាង​សង់​នៅ​លើ​ដីឡូ​ទាំង​នោះ​។

រាស្រ្ត​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​រាប់​ចាប់​តាំងពី​ការ​និ​ទេស​ចេញពី​ស្រុក​កំណើត រហូត​ដល់​ការ​រើសអើង ដោយ​ប្រកាន់​ពូជ​សាសន៍​ជាដើម​។ តែ​យើង​នៅតែ​អាច​រក​ឃើញ​ក្តី​សង្ឃឹម​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​រំឭក​ប្រជាជន​អ៊ីស្រាអែល ក្នុង​អំឡុង​ពេល​និរទេស​ថា ព្រះអម្ចាស់​នឹង​មិន​ចាក​ចេញពី​ពួកគេ​ឡើយ​។ ព្រះអង្គ​នឹង​ប្រទាន “ភួង​លម្អ” ជំនួស​ផេះ​។ សូម្បីតែ​អ្នក​ក្រ​ក៏​នឹង​ទទួល “ដំណឹង​ល្អ”(៦១:‌១)។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​កែ​ប្រែ​វិញ្ញាណ​ដែល​អស់​សង្ឃឹម ឲ្យ​ក្លាយ​ជា “អាវ​នៃ​សេចក្តី​សរសើរ”។ ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​បាន​បង្ហាញ​នូវ​សិរី​ល្អ​របស់​ព្រះអង្គ ហើយ​នាំក្តី​អំណរ​ដល់​រាស្រ្ត​ព្រះអង្គ ដែល​បាន​ប្រែ​ក្លាយ​ជា “ដើមឈើ​នៃ​សេចក្តី​សុ​ចរិត” គឺ​មិនមែន​ជា​ឈើ្លយ​សឹក​ដែល​អស់​អ​សង្ឃឹម​ទៀត​ទេ(ខ.៣)។

ផ្កា​ធូលីប​ទាំង​នោះ​ក៏បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះអម្ចាស់​អាច​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ចេញ​ពី​ដី និង​ការ​រើសអើង​។ ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ខ្ញុំ​នឹង​បាន​គយគន់​ផ្កា​ធូលីព​ទាំង​នោះ រៀង​រាល់​រដូវ​ផ្ការីក ហើយ​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ខ្ញុំ​រង់​ចាំ​ក្តី​សង្ឃឹម​ដែល​កើត​មាន​ជា​ថ្មី ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ និង​សហគមន៍​ដទៃ​ទៀត​។—Katara Patton

តើ​អ្នក​បាន​ឃើញ​ភាព​ស្រស់​ស្អាត ជំនួស​ឲ្យ​ភាព​អស់​សង្ឃឹម ក្នុង​ផ្នែក​ណាខ្លះ ក្នុង​សហគមន៍​របស់​អ្នក?
តើ​អ្នក​អាច​ជួយ​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ក្នុង​កន្លែង​អស់​សង្ឃឹម​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ភាព​ស្រស់​ស្អាត នៅ​ពេលណា​ស្ថាន​ភាព​ទូល​បង្គំ​ហាក់​ដូចជា​អស់​សង្ឃឹម​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១កូរិនថូស ២៨-២៩ និង យ៉ូហាន ៩:២៤-៤១

ល្ងាច

Devotional illustration

ទម្រង់​ដ៏​ល្អ​បំផុត​នៃ​ភាពជា​បាវបម្រើ

ដោយJohn Piper

May 26, 2024

ដ្បិត​អ្នកណា​ដែល​ធ្វើជា​បាវបំរើ​គេ ក្នុង​កាលដែល​ព្រះអម្ចាស់​ហៅ​មក នោះ​ជា​អ្នកជា​របស់​ព្រះអម្ចាស់ ហើយ​អ្នកជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវបំរើ​នៃ​ព្រះគ្រីស្ទ​វិញ។ ១កូរិនថូស​ស ៧:២២

ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “ព្រះអម្ចាស់” ដែល​មានន័យថា ម្ចាស់ និង “ព្រះគ្រីស្ទ” ដែល​មានន័យថា ព្រះ​មែ​ស៊ី តាមរបៀប​ដែលគេ​មិន​នឹកស្មាន​ដល់។

ក្នុង​បទ​គម្ពីរ​នេះ គាត់​បាន​បង្ហាញ​ទំនាក់ទំនង​រវាង​សេរីភាព​របស់​យើង និង​ភាពជា​ម្ចាស់​របស់​ព្រះយេស៊ូវ​ (“អ្នកជា​របស់​ព្រះអម្ចាស់”)។ ហើយ​គាត់​ក៏បាន​បង្ហាញ​ទំនាក់ទំនង​រវាង​ភាពជា​បាវបម្រើ​ប្រភេទ​ថ្មី​របស់​យើង និង​ភាពជា​ព្រះ​មែ​ស៊ី នៃ​ព្រះគ្រីស្ទ (“បាវបម្រើ​ព្រះគ្រីស្ទ”)។ ស្តាប់​មើលទៅ ហាក់ដូចជា​ចម្លែក ព្រោះ​ព្រះ​មែ​ស៊ី​បាន​យាង​មក​រំដោះ​រាស្រ្ត​ព្រះអង្គ ឲ្យ​រួចពី​ចំណង ហើយ​​ជា​ម្ចាស់​គ្រប់គ្រង​ជីវិត​របស់​បាវបម្រើ។

ហេតុអ្វី​គាត់​មានប្រសាសន៍​ដូចនេះ? ហេតុអ្វី​គាត់​បង្ហាញ​អំពី​ទំនាក់ទំនង​រវាង​ភាពជា​បាវបម្រើ(ជាជាង​ការ​រំដោះ) ជាមួយនឹង​ព្រះ​មែ​ស៊ី ហើយ​បង្ហាញ​ទំនាក់ទំនង​រវាង​ការ​រំដោះ(ជាជាង​ភាពជា​បាវបម្រើ) ជាមួយនឹង​ព្រះអម្ចាស់?

ខ្ញុំ​យល់ឃើញ​ថា ទំនាក់ទំនង​ទាំងពីរ​នេះ​មានផល​ប៉ះពាល់​ពីរ​យ៉ាង​មក​លើ​សេរីភាព​ប្រភេទ​ថ្មី​របស់​យើង និង​ផល​ប៉ះពាល់​ពីរ​យ៉ាង​មក​លើ​ភាពជា​បាវបម្រើ​ប្រភេទ​ថ្មី​របស់​យើង។

ម្យ៉ាងទៀត ពេល​​ដែល​ព្រះ​អង្គ​ហៅ​យើង​ថា “អ្នកជា​របស់​ព្រះអម្ចាស់” គឺ​ព្រះអង្គ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា សេរីភាព​ប្រភេទ​ថ្មី​របស់​យើង មាន​ភាព​ស្ថិតស្ថេរ និង​មាន​ដែន​កំណត់ ៖

ភាពជា​ម្ចាស់​របស់​ព្រះអង្គ គឺ​បាន​គ្រប់គ្រង​ពីលើ​ភាពជា​ម្ចាស់​ទាំង​អស់ បាន​សេចក្តី​ថា ការ​រំដោះ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង គ្មាន​នរណា​អាច​ប្រឆាំង​បាន​ឡើយ និយាយរួម គឺ​មាន​សុវត្ថិភាព​ទាំងស្រុង។

ប៉ុន្តែ ដែល​យើង​មាន​សេរីភាព​រួចផុត​ពី​ម្ចាស់​ផ្សេងទៀត ហើយ​ទទួល​ព្រះអង្គ​ជា​ម្ចាស់​របស់​យើង គឺ​មិន​មានន័យថា យើង​មាន​សេរីភាព​ធ្វើអ្វី​តាមចិត្ត​នោះ​ឡើយ។ សេរីភាព​របស់​យើង​មាន​ដែន​កំណត់ ដោយសារ​សេចក្តី​មេត្តា​របស់​ព្រះអង្គ។ ព្រះយេស៊ូវ​ជា​ម្ចាស់​របស់​យើង។

ជាង​នេះ​ទៅទៀត ពេល​ដែល​ទ្រង់​ហៅ​យើង​ថា “បាវបម្រើ​ព្រះគ្រីស្ទ” គឺ​ទ្រង់​បង្ហាញថា ភាពជា​បាវបម្រើ​របស់​យើង មាន​ភាព​ធូរស្រាល ហើយក៏​ផ្អែមល្ហែម​ជាង​មុន ៖

ព្រះ​មែ​ស៊ី​ប្រកាស​ថា យើង​ជា​បាវបម្រើ​របស់​ព្រះអង្គ ដើម្បី​នាំ​យើង​ចេញពី​ការ​ជាប់ចំណង​ក្នុង​កន្លែង​ឃុំឃាំង ចូល​ទៅ​កន្លែង​​​បើក​ចំហ​ដែល​មាន​សន្តិភាព។ “ឯ​សេចក្តី​ចំរើន​នៃ​រដ្ឋបាល​ទ្រង់ និង​សេចក្តី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ”(អេសាយ ៩:៧)។

ហើយ​ព្រះអង្គ​ធ្វើឲ្យ​យើង​ក្លាយជា​កម្មសិទ្ធិ​ព្រះ​អង្គ ដើម្បី​ប្រទាន​យើង​នូវ​ក្តី​អំណរ​ដែល​ផ្អែម​ល្ហែ​ម​បំផុត។ “ទ្រង់​នឹង​ចិញ្ចឹម​គេ​ដោយ​ស្រូវសាលី​ល្អ​បំផុត ហើយនឹង​ចំអែត​គេ​ដោយ​ទឹកឃ្មុំ​ពី​ថ្មដា”(ទំនុកដំកើង ៨១:១៦)។ ហើយ​ថ្មដា​នោះ គឺជា​ព្រះគ្រីស្ទ ដែល​ជា​ព្រះ​មែ​ស៊ី។

ដូចនេះ ចូរ​យើង​ដែល​ជា​គ្រីស្ទបរិស័ទ​មាន​អំណរ​ឡើង ព្រោះ “ដ្បិត​អ្នកណា​ដែល​ធ្វើជា​បាវបំរើ​គេ ក្នុង​កាលដែល​ព្រះអម្ចាស់​ហៅ​មក នោះ​ជា​អ្នកជា​របស់​ព្រះអម្ចាស់” ដែល​ជា​ម្ចាស់​របស់​យើង។ “អ្នកជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវបំរើ​នៃ​ព្រះគ្រីស្ទ​វិញ ដែល​ទ្រង់​ជា​ព្រះ​មែ​ស៊ី​ដែល​បន្ធូរ​ចំណង និង​ប្រទាន​នូវ​ភាព​ផ្អែមល្ហែម​កាន់តែ​ខ្លាំង”។

ប្រភេទ

Devotionals for May 26, 2024 | នំម៉ាណាប្រចាំថ្ងៃ - Daily Manna