ព្រឹក

ផ្លាស់ប្រែពីខ្វះចន្លោះ ទៅជាបរិសុទ្ធ
ដោយElisa Morgan
May 31, 2024
២ធីម៉ូថេ ១:៦-១០
ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ និងព្រះគុណនៃទ្រង់វិញ។ ២ធីម៉ូថេ ១:៩
កាលពីក្មេង កូនស្រីខ្ញុំចូលចិត្តលេងដុំឈីសរបស់ជនជាតិស្វីស ក្នុងពេលអាហារថ្ងៃត្រង់។ គាត់បានយកបន្ទះឈីសពណ៌លឿងនោះ មកដាក់ពីលើមុខគាត់ដូចម៉ាស់ ហើយប្រាប់ខ្ញុំឲ្យមើលទៅគាត់ ដោយភ្នែកពណ៌បៃតង ដ៏ចែងចាំង កំពុងមើលមុខខ្ញុំ ចេញពីរន្ធ២ នៅលើបន្ទះឈីសនោះ។ ក្នុងនាមខ្ញុំជាម្តាយវ័យក្មេង ដុំឈីសរបស់ជនជាតិស្វីស មានរន្ធច្រើន គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពខ្វះចន្លោះជាច្រើន នៅក្នុងការប្រឹងប្រែងរបស់ខ្ញុំ ដែលមានពេញដោយសេចក្តីស្រឡាញ់ពិតប្រាកដ តែមិនមានភាពល្អឥតខ្ចោះ ពោលគឺខ្ញុំនៅខ្វះសេចក្តីបរិសុទ្ធ។
យើងពិតជាចង់រស់នៅ ក្នុងជីវិតដែលបរិសុទ្ធ ជាជីវិតដែលបានញែកចេញថ្វាយព្រះ ហើយមានចារិកលក្ខណៈដូចព្រះយេស៊ូវ។ តែពីមួយថ្ងៃទៅមួយថ្ងៃ សេចក្តីបរិសុទ្ធ ហាក់ដូចជានៅខ្ពស់ពេក យើងឈោងមិនដល់។ យើងនៅបន្តមើលឃើញ “ភាពខ្វះចន្លោះ” ក្នុងជីវិតយើង។
ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:៦-៧ សាវ័កប៉ុលបានជំរុញលោកធីម៉ូថេ ជាសិស្សរបស់គាត់ ឲ្យរស់នៅ តាមការត្រាស់ហៅ ឲ្យមានសេចក្តីបរិសុទ្ធ។ សាវ័កប៉ុលក៏បានបកស្រាយថា “ទ្រង់បានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ និងព្រះគុណនៃទ្រង់វិញ”(ខ.៩)។ ជីវិតយើងអាចបរិសុទ្ធ មិនមែនដោយសារយើងមានចារិកលក្ខណៈល្អ តែដោយសារព្រះគុណព្រះ ដែលព្រះអង្គបានប្រទានមក ក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប(ខ.៩)។ តើយើងអាចទទួលយកព្រះគុណព្រះ ហើយរស់នៅ ដោយពឹងអាងអំណាចដែលយើងទទួលបានតាមរយៈព្រះគុណព្រះអង្គដែរឬទេ?
ព្រះអង្គបានត្រាស់ហៅយើងឲ្យរស់នៅ ក្នុងជីវិតដែលបរិសុទ្ធ ទោះនៅក្នុងភារកិច្ចជាឪពុកម្តាយ ក្នុងទំនាក់ទំនងប្តីប្រពន្ធ ឬក្នុងការស្រឡាញ់អ្នកជិតខាងក៏ដោយ។ ហើយយើងអាចបរិសុទ្ធបាន មិនមែនដោយសារការប្រឹងប្រែង ដោយពឹងអាងសមត្ថភាពរបស់យើង តែដោយសារតែព្រះគុណព្រះអង្គ។—Elisa Morgan
តើអ្នកមានការយល់ឃើញយ៉ាងណា ចំពោះសេចក្តីបរិសុទ្ធផ្ទាល់ខ្លួន?
តើអ្នកអាចទូលសូមព្រះអង្គរំឭកអ្នកដូចម្តេចខ្លះ អំពីព្រះគុណដ៏លើសលប់របស់ព្រះអង្គ ដែលនាំមកនូវសេចក្តីបរិសុទ្ធក្នុងជីវិតអ្នក?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យពឹងផ្អែកលើព្រះគុណព្រះអង្គ មិនមែនពឹងផ្អែកលើសមត្ថភាពខ្លួនឯង ក្នុងការរស់នៅ ក្នុងជីវិតដែលបរិសុទ្ធ។
For further study, read Why Would Anyone Want to Be Holy? at DiscoverySeries.org/Q0305.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២កូរិនថូស ១៥-១៦ និង យ៉ូហាន ១២:២៧-៥០
ប្រភេទ
ល្ងាច

ជំនឿរបស់លោកលីនខិន មកលើការរៀបចំរបស់ព្រះ
ដោយJohn Piper
May 31, 2024
អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន! (រ៉ូម ១១:៣៣)។
លោកអ័ប្រាហាំ លីនខិន(Abraham Lincoln) បានចាប់កំណើតនៅថ្ងៃនេះ ក្នុងឆ្នាំ១៨០៩។ គាត់នៅតែមានការសង្ស័យចំពោះជំនឿសាសនា ហើយពេលខ្លះថែមទាំងគិតថា អ្នកដទៃសុទ្ធតែគិតប្រយោជន៍ផ្ទាល់ខ្លួន។ ដូចនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺទុក្ខវេទនាផ្ទាល់ខ្លួន និងទុក្ខលំបាករបស់ជាតិ បានបណ្តាលចិត្តលោកលីនខិន ឲ្យជឿថា ព្រះពិតជាមានមែន ជាជាងរុញច្រានគាត់ឲ្យចេញឆ្ងាយពីព្រះអង្គ។
នៅឆ្នាំ១៨៦២ ពេលដែលលោកលីនខិន មានអាយុ៥៣ឆ្នាំ កូនប្រុសគាត់អាយុ១១ឆ្នាំ ឈ្មោះវីលី(Willie) បានស្លាប់បាត់បង់ជីវិត។ ភរិយារបស់គាត់ “ក៏បានព្យាយាមជម្នះភាពសោកសង្រេងរបស់ខ្លួន ដោយស្វែងរកជំនួយពីក្រុមសាសនាសម័យថ្មី”។ លោកលីនខិនក៏បានងាកទៅរកលោក ភីនាស ហ្គ័រលីយ(Phineas Gurley) ដែលជាគ្រូគង្វាលនៃព្រះវិហារសភាភិបាល ញូយ៉ក ក្នុងរដ្ឋវ៉ាស៊ីនតុន។
លោកគ្រូហ្គ័រលីបានរៀបរាប់ថា ការសន្ទនារយៈពេលយូរជាមួយលោកលិនខិន ជាញឹកញាប់ បាននាំឲ្យគាត់ “ប្រែចិត្តទទួលជឿព្រះគ្រីស្ទ”។ លោកលីនខិនជឿថា គាត់បានទទួលការបណ្តាលចិត្តជាច្រើនលើកច្រើនសារ ឲ្យលុតជង្គង់ចុះ ពេលដែលព្រះទ្រង់ធ្វើការក្នុងចិត្តគាត់យ៉ាងខ្លាំងក្រៃលែង ឲ្យគាត់ដឹងថា ខ្លួនគាត់គ្មានកន្លែងណាផ្សេងទៀត ដែលត្រូវទៅរកជំនួយនោះឡើយ។
ស្រដៀងគ្នានេះដែរ រឿងដ៏តក់ស្លុត នៃទាហានជាច្រើនដែលបានស្លាប់ និងរបួស ក្នុងសង្គ្រាម ក៏បានចាក់ចុចចិត្តគាត់ជារៀងរាល់ថ្ងៃ។ នៅទីក្រុងវ៉ាស៊ីនតុន មានមន្ទីរពេទ្យ៥០កន្លែង សម្រាប់ព្យាបាលអ្នករបួស។ ក្នុងសាលរាងមូល ក្នុងវិមានរដ្ឋសភា គេដាក់បានគ្រែ២ពាន់ សម្រាប់ទាហានដែលមានរបួស។
តាមធម្មតា មានទាហាន៥០នាក់ស្លាប់ ជារៀងរាល់ថ្ងៃ ក្នុងមន្ទីរពេទ្យបណ្ដោះអាសន្នទាំងនេះ។ រឿងនេះបានបណ្តាលចិត្តលោកលីនខិន ឲ្យមានជំនឿមកលើការរៀបចំរបស់ព្រះ កាន់តែស៊ីជម្រៅ។ បានជាគាត់មានប្រសាសន៍ថា “យើងមិនអាចប្រកែកបាន តែត្រូវជឿថា ព្រះដែលបង្កើតលោកិយនេះ ទ្រង់នៅតែគ្រប់គ្រងវាជានិច្ច”។
ក្រោយមក សម្រង់សម្ដីដ៏ល្បីបំផុតរបស់គាត់ អំពីការរៀបចំរបស់ព្រះ ទាក់ទងនឹងសង្គ្រាមស៊ីវិលអាមេរិក គឺបានធ្វើឡើង ក្នុងពេលគាត់ឡើងថ្លែងសន្ទរកថា ចូលកាន់ដំណែងប្រធានាធិបតី រយៈពេល១ខែ មុនពេលគេធ្វើឃាតគាត់។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺគាត់មិនបានថា ព្រះទ្រង់ជាអ្នកគាំទ្របុព្វហេតុរបស់ភាគីណាមួយ ក្នុងសង្គ្រាមនេះទេ។ តែព្រះអង្គមានគោលបំណងរបស់ព្រះអង្គ ហើយមិនលើកលែងឲ្យអំពើបាបរបស់ភាគីទាំងសងខាងឡើយ។
គឺដូចដែលគាត់មានប្រសាសន៍ថា ៖ “យើងសង្ឃឹមដោយចិត្តស្រឡាញ់ អធិស្ឋានដោយចិត្តឆេះឆួលថា វិនាសកម្មដ៏ធ្ងន់ធ្ងរនៃសង្គ្រាមនេះ នឹងកន្លងផុតទៅ ក្នុងពេលដ៏ខ្លីខាងមុខ…
ប៉ុន្តែ បើព្រះទ្រង់សព្វព្រះទ័យ ឲ្យសង្គ្រាមនេះបន្តទៅមុខទៀត ទាល់តែទ្រព្យសម្បត្តិដែលរកបានដោយញើសឈាមទាសករ ជាង២រយឆ្នាំ ត្រូវលិចលង់អស់ ហើយទាល់តែដំណក់ឈាមគ្រប់ដំណក់ដែលបានស្រក់ ដោយសារទារុណកម្ម ដែលបានបង់ថ្លែដោយអ្នកដែលហូតដាវចេញមក គឺដូចដែលបានថ្លែង កាលពី៣ពាន់ឆ្នាំមុន ហើយនៅតែត្រូវថ្លែងដដែលថា “ការជំនុំជម្រះរបស់ព្រះអម្ចាស់ សុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក”។
ខ្ញុំសូមអធិស្ឋាន ឲ្យអ្នកទាំងអស់គ្នា ដែលរងគ្រោះដោយសារការបាត់បង់ របួស និងការសោកសង្រេង សូមឲ្យរឿងនេះបានដាស់អ្នកឲ្យភ្ញាក់ឡើង ដូចលោកអ័ប្រាហាំលិនខិន មិនមែនភ្ញាក់ឡើង ចូលទៅក្នុងការបញ្ចប់ដែលអស់សង្ឃឹម តែពឹងផ្អែកកាន់តែខ្លាំងឡើង ទៅលើប្រាជ្ញា និងក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ព្រះ នៅក្នុងការរៀបផែនការរបស់ព្រះអង្គ ដែលមនុស្សពិបាកយល់។