ទំនុកដំកើង ១១២
អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី នោះបានសប្បាយហើយ។ ទំនុកដំកើង ១១២:៥
កាលខ្ញុំ និងភរិយាខ្ញុំឈ្មោះ ខារី(Cari) បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ យើងបានជាប់បំណុលគេរាប់ពាន់ដុល្លា រៀងៗខ្លួន បានជាយើងចាំបាច់ត្រូវស្វែងរកដំណោះស្រាយ ដើម្បីបញ្ចុះអត្រាការប្រាក់ឲ្យបានទាបជាងមុន។ យើងក៏បានទៅស្នើប្រាក់កម្ចី ពីធនាគារក្នុងតំបន់មួយ តែពួកគេបានបដិសេធន៍ ដោយសារយើងមិនបានរស់នៅ ឬធ្វើការ ក្នុងទីក្រុងនោះ ឲ្យបានច្រើនឆ្នាំ។ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានចែកចាយអំពីបញ្ហានេះ ដល់មិត្តភក្តិខ្ញុំម្នាក់ឈ្មោះ មីង(Ming) ដែលជាចាស់ទុំក្នុងពួកជំនុំរបស់យើង។ ពេលគាត់ជូនដំណើរខ្ញុំចេញមកវិញ គាត់ក៏បានប្រាប់ខ្ញុំថា គាត់នឹងពិភាក្សាជាមួយភរិយាគាត់។
ពីរបីម៉ោងក្រោយមក ទូរស័ព្ទខ្ញុំក៏បានរោទ៍ឡើង។ គាត់ក៏បានប្រាប់ខ្ញុំថា គាត់និងភរិយាគាត់ចង់ឲ្យប្រាក់យើងខ្ចី ដោយគ្មានការប្រាក់។ ខ្ញុំមិនដឹងថា ត្រូវនិយាយថាម៉េចទេ ពេលនោះ ដូចនេះ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនបានស្នើសុំប្រាក់កម្ចីពីគាត់ទេ។ គាត់ក៏បាននិយាយដោយចិត្តរីករាយថា គាត់ក៏ដឹងដែរថា ខ្ញុំមិនបានស្នើប្រាក់កម្ចីពីគាត់ តែគាត់ និងភរិយាគាត់ចង់ឲ្យប្រាក់កម្ចី ដោយឥតការប្រាក់ ហើយ ក្រោយមក ខ្ញុំ និងខារីក៏បានសងពួកគេវិញ នៅពេលណាយើងមានលទ្ធភាព។
ខ្ញុំជឿថា លោកមីង និងអ្នកស្រីអាន(Ann)ជាភរិយា មានចិត្តសប្បុរស ដោយសារពួកគេស្រឡាញ់ព្រះយេស៊ូវ។ គឺដូចដែលព្រះគម្ពីរបានប្រាប់យើងថា “អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី នោះបានសប្បាយហើយ អ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្តីយុត្តិធម៌”(ទំនុកដំកើង ១១២:៥)។ អ្នកដែលទុកចិត្តព្រះ អាចមានចិត្ត “រឹងមាំ” និងបាន “តាំងខ្ជាប់ខ្ជួន”(ខ.៧-៨) ដោយដឹងថា ព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់ដែលល្អ ក្នុងជីវិតពួកគេ។
ព្រះទ្រង់មានសេចក្តីសប្បុរសចំពោះយើង ដោយប្រទានយើងនូវជីវិត និងការអត់ទោសបាប។ ចូរយើងមានចិត្តសប្បុរស ក្នុងការចែកចាយសេចក្តីស្រឡាញ់ និងធនធានយើងដល់អ្នកដែលត្រូវការ។—James Banks
តើព្រះអម្ចាស់បានបង្ហាញសេចក្តីសប្បុរសដល់អ្នកដូចម្តេចខ្លះ? តើអ្នកអាចចែកចាយ សេចក្តីសប្បុរសរបស់ព្រះអង្គ ដល់អ្នកដែលខ្វះខាត នៅថ្ងៃនេះយ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានទូលបង្គំនូវអំណោយនៃជីវិត និងផ្គត់ផ្គង់តម្រូវការទូលបង្គំជារៀងរាល់ថ្ងៃ។ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ហើយមានចិត្តសប្បុរស ដូចព្រះអង្គដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៧-១៨ និង យ៉ូហាន ១៣:១-២០