យេរេមា ១:១-១០
មុនដែលអញបានជប់បង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផង។ យេរេមា ១:៥
ខ្ញុំមានអារម្មណ៍ថា ប៊ូតុងឡែក( “likes”) ដែលមានរូបមេដៃ នៅលើហ្វេសប៊ុក គឺជាប៊ូតុងដែលយើងប្រើញឹកញាប់បំផុត ដើម្បីបង្ហាញថា យើងចូលចិត្តអ្វីមួយ។ ប៉ុន្តែ តាមពិត និមិត្តសញ្ញានៃការបញ្ជាក់អំពីការចូលចិត្តនេះ ទើបតែត្រូវបានគេប្រើប្រាស់ តាំងពីឆ្នាំ២០០៩ ។
លោក ចាស្ទីន រ៉ូសេនស្ទេន(Justin Rosenstein) ជាអ្នករចនាប៊ូតុង “like” បានមានប្រសាសន៍ថា គាត់ចង់ជួយកែប្រែពិភពលោក ឲ្យក្លាយជាកន្លែងដែលមនុស្សមានការលើកទឹកចិត្ត ជាជាងជាន់ឈ្លីគ្នាទៅវិញទៅមក។ ប៉ុន្តែ លោករ៉ូសេនស្តេន មានការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលមនុស្សជាច្រើនកំពុងតែញៀននឹងបណ្ដាញសង្គម ដែលកំពុងប្រើប្រាស់ប៊ូតុង “likes”។
ខ្ញុំយល់ឃើញថា រឿងនេះបានឆ្លុះបញ្ចាំងអំពីបញ្ហារបស់មនុស្សជាទូទៅ ដែលត្រូវការអ្នកដទៃបញ្ជាក់ អំពីការចូលចិត្ត និងការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ យើងចង់ដឹងថា អ្នកដទៃពិតជាស្គាល់យើង កត់សំគាល់យើង ហើយជាពិសេសចូលចិត្តយើង។ បញ្ហានេះមិនមែនទើបតែកើតមានទេ។ មនុស្សជាតិមានចិត្តស្រេកឃ្លានចង់ស្គាល់ និងចង់ឲ្យគេស្គាល់ខ្លួនឯង តាំងពីសម័យដែលព្រះអម្ចាស់បង្កើតមនុស្សដំបូង។
ប៉ុន្តែ ប៊ូតុង “like” ហាក់ដូចជា មិនបានធ្វើឲ្យយើងពិតជាមានអារម្មណ៍ថា គេចូលចិត្តយើងនោះទេ តើមែនទេ? តែអរព្រះគុណព្រះអង្គ ព្រោះយើងបម្រើព្រះ ដែលមានសេចក្តីស្រឡាញ់ជ្រាលជ្រៅ ជាងអ្វីដែលយើងអាចដកពិសោធន៍ក្នុងបណ្ដាញសង្គមទៅទៀត។ ក្នុងបទគម្ពីរយេរេមា ១:៥ ព្រះអង្គបានបង្ហាញអំពីការជាប់ទាក់ទងដែលព្រះអង្គមានជាមួយហោរាម្នាក់ ដែលព្រះអង្គបានត្រាស់ហៅឲ្យចូលមករកអង្គទ្រង់។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មុនដែលអញបានជប់បង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផង”។
ព្រះអម្ចាស់បានស្គាល់ហោរាយេរេមា តាំងពីមុនពេលគាត់ចាប់កំណើត ហើយក៏បានរៀបផែនការ ឲ្យគាត់រស់នៅ ក្នុងជីវិតដែលមានន័យ និងមានបេសកកម្ម(ខ.៨-១០)។ ហើយព្រះអង្គអញ្ជើញយើង ឲ្យចូលទៅក្នុងជីវិតដែលមានគោលបំណង ដោយស្គាល់ និងប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ដែលពិតជាស្គាល់ ស្រឡាញ់ និងចូលចិត្តយើង ដោយភាពជិតស្និទ្ធយ៉ាងខ្លាំង។—Adam R. Holz
តើការស្គាល់ព្រះ ដោយភាពជិតស្និទ្ធ មានឥទ្ធិពលយ៉ាងណាមកលើរបៀបដែលអ្នកទំនាក់ទំនងជាមួយអ្នកដទៃ? តើការរស់នៅ ដោយមានគោលបំណង នាំឲ្យមានសន្តិភាពក្នុងចិត្តដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យសម្រាកក្នុងសេចក្តីស្រឡាញ់ និងការត្រាស់ហៅ ដោយដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ ខណៈពេលដែលព្រះអង្គកំពុងកែឆ្នៃទូលបង្គំជារៀងរាល់ថ្ងៃ តាមផែនការរបស់ព្រះអង្គ។ Visit ODBU.org/SF010 to learn more about how to live out your purpose.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៣-២៤ និង យ៉ូហាន ១៥