២របាក្សត្រ ៩:៦-១១
ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ។ ២កូរិនថូស ៩:៧
ភរិយាខ្ញុំ ឈ្មោះស៊ូ(Sue)បានធ្វើការមួយសប្តាហ៍ម្តង ក្នុងក្លិបសិក្សាព្រះគម្ពីរប៊ីបសម្រាប់សិស្សសាលា។ នៅទីនោះ គេបានលើកទឹកចិត្តក្មេងៗឲ្យដាក់ដង្វាយ ដើម្បីជួយដល់កុមារ ក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងទទួលរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម។ រយៈពេល១សប្តាហ៍ បន្ទាប់ពីស៊ូបានប្រាប់មែគី(Maggie) ជាចៅស្រីរបស់យើង មានអាយុ១១ឆ្នាំ អំពីគម្រោងនេះ យើងក៏បានទទួលសំបុត្រមួយច្បាប់ពីគាត់។ ក្នុងស្រោមសំបុត្រនោះ យើងឃើញមានលុយ៣.៤៥ដុល្លា ភ្ជាប់ជាមួយក្រដាសមួយសន្លឹក ដែលគាត់បានសរសេរពីលើថា “ចៅមានលុយសម្រាប់ជួយក្មេងៗនៅប្រទេសអ៊ុយក្រែន តែប៉ុណ្ណេះទេ។ ចៅនឹងផ្ញើថែមទៀត នៅពេលក្រោយ”។
ស៊ូមិនបានប្រាប់មែគី ឲ្យជួយដល់ក្មេងៗទាំងនោះទេ តែព្រះវិញ្ញាណបរិសុទ្ធប្រហែលជាបានបណ្តាលចិត្តនាង។ ហើយមែគីស្រឡាញ់ព្រះយេស៊ូវ ហើយបានព្យាយាមរស់នៅថ្វាយព្រះអង្គ ក៏បានឆ្លើយតបចំពោះការបណ្តាលចិត្តនេះ។
យើងអាចរៀនសូត្របានច្រើនណាស់ នៅពេលដែលយើងគិតអំពីអំណោយដ៏តូច ដែលនាងបានឲ្យដល់ចិត្តដ៏ធំទូលាយ។ ការនេះបានឆ្លុះបញ្ចាំង អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ២កូរិនថូស ជំពូក៩។ ទីមួយ សាវ័កប៉ុលបានបង្រៀនថា យើងត្រូវតែព្រោះ “ដោយចិត្តសប្បុរស”(ខ.៦)។ អំណោយដែលបានឲ្យដោយមិនសោកស្តាយ គឺជាអំណោយសប្បុរស។ សាវ័កប៉ុលក៏បានបង្រៀនផងដែរថា យើងត្រូវឲ្យអំណោយ ដោយអំណរ តាមការបណ្តាលចិត្តរបស់ព្រះ និងតាមលទ្ធភាពរបស់យើង គឺមិនមែនដោយបង្ខំចិត្តនោះទេ(ខ.៧)។ ហើយគាត់ក៏បានលើកឡើង អំពីតម្លៃរបស់ “អំណោយសម្រាប់អ្នកក្រ”(ខ.៩) ដោយដកស្រង់បទគម្ពីរ ទំនុកដំកើង ១១២:៩។
ពេលណាយើងមានឱកាសឲ្យអំណោយ ឬដាក់ដង្វាយឲ្យអ្នកដទៃ ចូរយើងនឹកចាំថា ព្រះអង្គសព្វព្រះទ័យឲ្យយើងឆ្លើយតប ដូចម្តេចខ្លះ។ ពេលណាយើងមានចិត្តសប្បុរស និងរីករាយ ក្នុងការដាក់ដង្វាយដល់អ្នកដែលត្រូវការ តាមការដឹកនាំរបស់ព្រះអង្គ នោះមានន័យថា យើងដាក់ដង្វាយ ដែលនឹងនាំឲ្យមានការអរព្រះគុណព្រះអង្គ(២កូរិនថូស ៩:១១)។ នេះជាការឲ្យ ដោយចិត្តដែលធំទូលាយ។—Dave Branon
តើមានការអ្វីបណ្តាលចិត្តអ្នក ឲ្យដាក់ដង្វាយដល់អ្នកដទៃ ដោយចិត្តសប្បុរស? តើអ្នកព្យាយាមបំពេញតម្រូវការរបស់ពួកគេ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គដឹកនាំទូលបង្គំ ឲ្យក្លាយជាអ្នកឲ្យ ដោយចិត្តសប្បុរស តាមបំណងព្រះទ័យព្រះអង្គ ដោយបង្ហាញឲ្យគេស្គាល់ព្រះទ័យដ៏សប្បុរសរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣២-៣៣ និង យ៉ូហាន ១៨:១៩-៤០