អេសាយ ២២:១៥-២៤
អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ។ វិវរណៈ ១៤:១៣
លោក ដាប់ប៊លយូ ប៊ី យីត(W. B. Yeats) ចង់ឲ្យគេបញ្ចុះសពគាត់ នៅជើងភ្នំ “ប៊ែន ប៊ូលបែន” ជាភ្នំដែលមានកំពូលរាបស្មើ ហើយគេបានដាក់ឈ្មោះឲ្យភ្នំនេះ ផ្អែកទៅលើចំណងជើងរបស់បទកំណាព្យចុងក្រោយរបស់គាត់។ គេបានឆ្លាក់ឃ្លាចុងក្រោយនៃកំណាព្យគាត់ នៅលើផ្លាកឈ្មោះផ្នូររបស់គាត់ថា : “ចូរយើងពិចារណា អំពីជីវិត និងសេចក្តីស្លាប់ ដោយមិនលម្អៀង នោះសេះនឹងផាយទៅបាត់!”។
មានការយល់ឃើញខុសៗគ្នាជាច្រើន អំពីអត្ថន័យរបស់ពាក្យមួយឃ្លានេះ។ អ្នកនិពន្ធបទកំណាព្យនេះ ប្រហែលជាបានទទួលស្គាល់ ធាតុពិតនៃជីវិត និងសេចក្តីស្លាប់។ ទោះជាយ៉ាងណាក៏ដោយ បំណងរបស់លោកយីតក៏បានសម្រេច ដោយគេបានបញ្ចុះសពគាត់នៅជើងភ្នំនោះ ស្របតាមអ្វីដែលគេបានឆ្លាក់នៅលើផ្លាកឈ្មោះផ្នូរគាត់។ ប៉ុន្តែ ការពិតដែលមនុស្សពិបាកទទួលយកនោះគឺ ជីវិតរបស់អ្នកដទៃនៅតែបន្ត ដោយគ្មានយើង ទោះយើងធ្លាប់មានឥទ្ធិពលយ៉ាងណា មុនពេលយើងលាចាកលោកក៏ដោយ។
ក្នុងអំឡុងពេលដ៏ពិបាក នៃប្រវត្តិសាស្រ្តរបស់នគរយូដា លោកសេបណា ជាឧកញ៉ា មានមុខនាទីជារដ្ឋបាលនៃរាជវាំងបានឲ្យគេសង់ផ្នូរមួយសម្រាប់ខ្លួនគាត់ ដើម្បីឲ្យគេនៅនឹកចាំអំពីកេរដំណែលរបស់គាត់ បន្ទាប់ពីគាត់ស្លាប់។ ប៉ុន្តែ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយថា “ឯងមានការអ្វីនៅទីនេះ តើមានញាតិសន្តានណានៅទីនេះ បានជាឯងធ្វើម៉ុងសំរាប់ខ្លួនដូច្នេះ ដូចជាអ្នកណាដែលធ្វើម៉ុងសំរាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសំរាប់ខ្លួននៅក្នុងថ្ម”(អេសាយ ២២:១៦)។ លោកហោរាក៏បានប្រាប់គាត់ថា “ទ្រង់នឹងរុំឆ្វាក់ឯងជាពិត ហើយបោះឯងទៅក្នុងស្រុក១ធំទូលាយ ដូចជាគេបោះរបុំអំបោះ ឯងនឹងស្លាប់នៅទីនោះវិញ”(ខ.១៨)។
លោកសេបណាបានយល់ច្រឡំ។ ទីន្លែងបញ្ចុះសពរបស់យើងមិនសំខាន់នោះទេ អ្នកដែលយើងបម្រើទើបសំខាន់ ចំពោះយើង។ អ្នកបម្រើព្រះយេស៊ូវ មានការកម្សាន្តចិត្តដ៏លើសលប់ ព្រោះព្រះគម្ពីរប៊ីបបានចែងថា “អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ”(វិវរណៈ ១៤:១៣)។ យើងបម្រើព្រះ ដែលតែងតែយកព្រះទ័យទុកដាក់ចំពោះ “ការលាចាកលោក”របស់យើង។ ព្រះអង្គកំពុងទន្ទឹងរង់ចាំពេលដែលយើងទៅដល់ស្ថានសួគ៌ ហើយស្វាគមន៍យើងចូលផ្ទះដ៏អស់កល្ប!—Tim Gustafson
តើការរស់នៅរបស់ខ្ញុំ បានឆ្លុះបញ្ចាំងដូចម្តេចខ្លះ អំពីអ្នកដែលខ្ញុំកំពុងធ្វើការបម្រើ? តើអ្នកចង់ឲ្យគេនឹកចាំអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅជារៀងរាល់ថ្ងៃ ដោយទន្ទឹងរង់ចាំ ពេលដែលទូលបង្គំនឹងទៅរស់នៅ ជាមួយព្រះអង្គអស់កល្បជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២