សង្ឃឹមថា នឹង​បាន​ការ​ប្រោស​ឲ្យ​ជា

យ៉ូហាន ៥:១-៩

ស្រាប់តែ​អ្នក​នោះ​បានជា​ភ្លាម ក៏​យក​គ្រែ​ដើរទៅ​។ យ៉ូហាន ៥:៩

ហេតុផល​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​គេ​មាន​សង្ឃឹម​បាន​លេច​ឡើង សម្រាប់​មនុស្ស​ដែល​ពិការ ដោយសារ​មាន​របួស​នៅ​ឆ្អឹង​ខ្នង​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជនជាតិ​អាឡឺម៉ង់ បាន​រក​ឃើញ​វិធី​ភ្ញោច​ប្រព័ន្ធ​ប្រសាទ​ឲ្យ​លូត​លាស់​ឡើងវិញ ដើម្បី​តភ្ជាប់​នូវ​សរសៃ​ប្រសាទ​រវាង​សាច់ដុំ និង​ខួរ​ក្បាល​ដែល​បាន​ដាច់។ ការ​បណ្ដុះ​នេះ​បាន​ជួយ​ឲ្យ​សត្វ​កណ្តុរ​ដែល​ពិការ អាច​ដើរ​ឡើង​វិញ​បាន ហើយ​គេ​នឹង​បន្ត​ធ្វើ​តេស្ដ ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា ការ​ព្យាបាល​នោះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​ឬ​អត់​។

អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាយាម​ស្វែងរក សម្រាប់​អ្នក​ដែល​មាន​ភាព​ពិការ ក៏​ជា​អ្វី​ព្រះយេស៊ូវ​បាន​ប្រទាន​មក តាមរយៈ​ការ​អស្ចារ្យ​ផង​ដែរ។ មាន​ពេល​មួយ ព្រះ​អង្គ​យាង​ទៅ​ស្រះ​ទឹក បេថែសដា ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​មាន​ជំងឺ បាន​ទៅ ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​ការ​ប្រោស​ឲ្យ​ជា​។ ព្រះអង្គ​ក៏​បាន​ទត​ឃើញ​បុរស​ម្នាក់ ដែល​ពិការ៣៨ឆ្នាំ​ហើយ(យ៉ូហាន ៥:៥)។ បន្ទាប់ពី​បុរស​នោះ​បាន​បញ្ជាក់​ច្បាស់​ថា គាត់​ពិតជា​ចង់​ទទួល​ការ​ប្រោស​ឲ្យ​ជា ព្រះអង្គ​ក៏បាន​បង្គាប់​គាត់​ឲ្យ​ក្រោកឈរ ហើយ​ដើរ​។ “ស្រាប់តែ​អ្នក​នោះ​បានជា​ភ្លាម ក៏​យក​គ្រែ​ដើរទៅ”(ខ.៩)។

ព្រះអង្គ​មិន​បាន​សន្យា​ថា ជំងឺ​ខាង​សាច់ឈាម​របស់​យើង​នឹង​បានជា​ទាំង​អស់ ក្នុង​ជីវិត​នៅ​លើ​ផែនដី​នេះ​ទេ ហើយ​មាន​មនុស្ស​ផ្សេង​ទៀត នៅ​មាត់​ស្រះ​នោះ ដែល​មិន​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​នោះ​។ តែ​អ្នក​ដែល​ជឿ​ព្រះអង្គ អាច​ដក​ពិសោធន៍​នឹង​ការ​ប្រោស​ឲ្យ​ជា ដែល​ព្រះអង្គ​ប្រទាន គឺ​ប្រោស​ឲ្យ​ជា​ពី​ភាព​អស់​សង្ឃឹម ទៅជា​មាន​សង្ឃឹម ពី​ភាព​ជូរ​ល្វីង ទៅជា​ប្រកប​ដោយ​ព្រះគុណ ពី​សេចក្តី​សម្អប់​ទៅ​ជា​សេចក្តី​ស្រឡាញ់ ពី​ការ​ចោទ​ប្រកាន់ ទៅ​ជា​ការ​អត់​ទោស​។ គ្មាន​ការ​រក​ឃើញ​របស់​វិទ្យាសាស្ត្រ​ណា(ឬ​ទឹក​ស្រះ​ណា) ដែល​អាច​ផ្តល់​ឲ្យ​យើង​នូវ​ការ​ប្រោស​ឲ្យ​ជា​ដូច​នេះ​បានទេ ព្រោះ​វា​កើត​មាន​ឡើង ដោយសារ​សេចក្តី​ជំនឿ​ប៉ុណ្ណោះ​។—Kirsten Holmberg

តើ​អ្នក​បាន​ជួប​ការ​ល្បួង ឲ្យ​ស្វែងរក​ការ​ប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ នៅ​ក្នុង​ការ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះយេស៊ូវ នៅ​កន្លែងណា? តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាងណា ពេល​ដែល​បាន​ដឹង​ថា ថ្ងៃ​មួយ អ្នក​ជឿ​ព្រះយេស៊ូវ នឹង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ទាំងស្រុង​ខាង​រូបកាយ​ផង​ដែរ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ព្យាបាល​ជំងឺ​ធំ​បំផុត ដែល​ជា​បាប​របស់​ទូល​បង្គំ ហើយ​បាន​ស្អាង​សុខ​ភាព​ខាង​វិញ្ញាណ​របស់​ទូល​បង្គំ​ឡើង​វិញ តាមរយៈ​ព្រះយេស៊ូវ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៤-៦ និង កិច្ចការ ២:២២-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles