សេចក្តី​ជំនឿ​ដែល​សប្បុរស

ចោទិយកថា ២៤:១៧-២២

កាលណា​ច្រូត​ចំរូត​នៅ​ស្រែ​របស់​ឯង … ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ និង​ពួក​កូនកំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ​។ ចោទិយកថា ២៤:‌១៩

កាល​ពីរបី​ឆ្នាំ​មុន ពួក​ជំនុំ​របស់​យើង​បាន​ទទួល​ការ​អញ្ជើញ ឲ្យ​ទទួល​ជនភៀសខ្លួន​ចូល​ស្នាក់​នៅ បន្ទាប់ពី​ពួក​គេ​បាន​ភៀស​ខ្លួន​ចេញ​ប្រទេសកំណើត ដោយសារ​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ ដែល​នាំ​ឲ្យ​មាន​ភាព​វឹកវរ​។ ក្រុម​គ្រួសារ​ទាំងមូល​បាន​ធ្វើ​ដំណើរ​មកដល់ ដោយ​មានតែ​បង្វេច​តួច​មួយ​។ ក្រុម​គ្រួសារ​មួយ​ចំនួន ក្នុង​ពួក​ជំនុំ​របស់​ខ្ញុំ បាន​បើក​ទ្វារ​ផ្ទះ​ទទួល​ពួកគេ​ឲ្យ​ចូល​រស់នៅ​ជាមួយ ហើយ​សូម្បីតែ​គ្រួសារ​ដែល​នៅ​សល់​តែ​បន្ទប់​តូច​មួយ ក៏​បាន​ស្វាគមន៍​ពួកគេ​ឲ្យ​ចូល​ស្នាក់​នៅ​ជា​មួយ​ផង​ដែរ​។

ការ​ទទួល​ស្វាគមន៍​ដោយ​ចិត្ត​សប្បុរស​ដូច​នេះ បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ចំពោះ​ពួក​អ៊ីស្រាអែល នៅពេល​ដែល​ពួកគេ​ចូល​រស់នៅ​ក្នុង​ទឹកដី​សន្យា(ចោទិយថា ២៤:១៩-២១)។ ដោយសារ​ពួកគេ​រស់នៅ​ក្នុង​សង្គម​កសិកម្ម ពួកគេ​មាន​ការ​យល់​ដឹង អំពី​សារៈសំខាន់​នៃ​ការ​ប្រមូល​ផល​។ ស្រូវ​ដែល​ពួកគេ​បាន​ច្រូត​កាត់ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​រស់នៅ ក្នុង​ឆ្នាំ​ក្រោយ​។ ហេតុ​នេះ​ហើយ ព្រះអម្ចាស់​ក៏បាន​បង្គាប់​ពួកគេ​ឲ្យ ទុក​គួរ​ស្រូវ​ខ្លះ សម្រាប់​ជន​បរទេស​ដែល​មក​ស្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ ក៏​ដូចជា​សម្រាប់​ពួក​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ(ខ.១៩) ហើយក៏​បាន​ប្រាប់​ពួកគេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​។ ពួក​អ៊ីស្រាអែល​ត្រូវតែ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស មិន​គ្រាន់តែ​​ចែករំលែក​ដល់​អ្នក​ដទៃ នៅពេល​ដែល​ពួកគេ​មាន​គ្រប់​គ្រាន់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ចែករំលែក ដោយ​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​ផង​ដែរ​។

ការ​ស្វាគមន៍​អ្នក​ដទៃ​យ៉ាង​ដូច​នេះ ក៏​បាន​រំឭក​ពួកគេ​ឲ្យ​នឹក​ចាំ​ថា កាលពី​មុន ពួកគេ​ក៏​ធ្លាប់​រស់នៅ​ជា​ទាសករ ក្នុង​ទឹកដី​អេស៊ីព្ទ​ផង​ដែរ(ខ.១៨,២២)។ កាលពី​មុន ពួក​គេ​ធ្លាប់​រស់នៅ ក្រោម​ការគាបសង្កត់ និង​ភាព​លំបាក​តោកយ៉ាក​។ ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស​របស់​ពួកគេ គឺជា​ការ​រំឭក​អំពី​សេចក្តី​សប្បុរស ដែល​ព្រះអង្គ​មាន​ចំពោះ​ពួកគេ នៅ​ក្នុង​ការ​រំដោះ​ពួកគេ​ឲ្យ​រួចពី​ចំណង​។

អ្នកជឿ​ព្រះយេស៊ូវ ក៏បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ចិត្ត​សប្បុរស​ផង​ដែរ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា “ទោះបើ​ទ្រង់​ជា​សេដ្ឋី​ក៏ដោយ គង់តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់”(២កូរិនថូស ៨:៩)។ ដូច​នេះ យើង​ត្រូវ​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដទៃ ព្រោះ​ព្រះអង្គ​បាន​បង្ហាញ​ព្រះទ័យ​សប្បុរស​ចំពោះ​យើង​រួច​ហើយ​។—Matt Lucas

តើមាន​នរណា​ម្នាក់​ជួយ​អ្នក ក្នុង​ពេល​ដែល​អ្នក​មាន​ការ​ខ្វះខាត នៅ​ពេលណា? តើ​អ្នក​នឹង​ចែករំលែក​ដល់​អ្នក​ដទៃ ដោយ​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​បើក​ភ្នែក​ទូល​បង្គំ ឲ្យ​មើល​ឃើញ​តម្រូវការ​របស់​អ្នក​ដែល​ខ្វះខាត ក្នុង​សហគមន៍​របស់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៧-៩ និង កិច្ចការ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles