ម៉ាថាយ ១១:២៩-៣០
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ម៉ាថាយ ១១:២៨
វិញ្ញាណដែលនឿយព្រួយ មិនដែលស្កប់ចិត្តនឹងទ្រព្យសម្បត្តិ និងភាពជោគជ័យឡើយ។ ជីវិតរបស់តារាចម្រៀងជនបទដ៏ល្បីល្បាញម្នាក់បានបង្ហាញឲ្យយើងដឹងថា នេះជាការពិតមែន។ បទចម្រៀងរបស់គាត់ ជិត៤០អាល់ប៊ុម បានជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមកំពូលបទចម្រៀងជនបទទាំង១០ ដែលពេញនិយមបំផុត។ ប៉ុន្តែ គាត់បានរៀបការជាច្រើនលើក ហើយធ្លាប់ជាប់គុកផងដែរ។ ទោះគាត់សម្រេចបានជោគជ័យច្រើនប៉ុណ្ណាក៏ដោយ ក៏គាត់ធ្លាប់ពោលទំនួញថា “វិញ្ញាណរបស់ខ្ញុំ មានភាពនឿយព្រួយ ដែលខ្ញុំមិនអាចជម្នះបាន ដោយភាពល្បីល្បាញ ការរៀបការជាមួយអ្នកថ្មី ឬការស្វែងរកអត្ថន័យជីវិត… វានៅតែមានភាពហត់នឿយនោះ គឺមានរហូតដល់ថ្ងៃដែលខ្ញុំស្លាប់”។ គួរឲ្យស្តាយណាស់ គាត់គួរតែបានរកឃើញការសម្រាកសម្រាប់វិញ្ញាណគាត់ មុនពេលជីវិតគាត់បញ្ចប់។
ព្រះយេស៊ូវបានធ្វើការអញ្ជើញដល់មនុស្សទាំងអស់ ឲ្យចូលមករកព្រះអង្គផ្ទាល់ៗខ្លួន(ម៉ាថាយ ១១:២៨) គឺមនុស្សដែលមានភាពនឿយព្រួយ ដោយសារបន្ទុកនៃអំពើបាប និងផលវិបាករបស់វា មិនខុសពីតារាចម្រៀងរូបនេះឡើយ។ ពេលណាយើងទទួលសេចក្តីសង្រ្គោះក្នុងព្រះយេស៊ូវ ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយប្រទានយើង នូវការសម្រាក។ អ្វីដែលយើងត្រូវធ្វើនោះគឺ ត្រូវជឿព្រះអង្គ ហើយរៀនសូត្រពីព្រះអង្គ អំពីរបៀបរស់នៅក្នុងជីវិតពេញបរិបូរ ដែលព្រះអង្គបានប្រទាន(យ៉ូហាន ១០:១០)។ ការទទួលយកនឹមនៃភាពជាសិស្សរបស់ព្រះគ្រីស្ទ នាំឲ្យយើងរកឃើញការសម្រាកសម្រាប់វិញ្ញាណយើង(ម៉ាថាយ ១១:២៩)។
ពេលយើងចូលទៅរកព្រះយេស៊ូវ ព្រះអង្គមិនបានកាត់បន្ថយការទទួលខុសត្រូវ ដែលយើងត្រូវមានចំពោះព្រះអង្គនោះឡើយ។ ព្រះអង្គប្រទានសន្តិភាព ដល់វិញ្ញាណដ៏ហត់នឿយរបស់យើង ដោយប្រទានយើងនូវរបៀបរស់នៅក្នុងព្រះអង្គ ដោយបន្ទុកដែលថ្មី និងស្រាលជាងមុន។ និយាយរួម ព្រះអង្គប្រទានយើងនូវការសម្រាកដ៏ពិត។—Marvin Williams
តើអ្នកមានអារម្មណ៍នឿយព្រួយ និងមានបន្ទុកធ្ងន់ដូចម្តេចខ្លះ ក្នុងពេលឥឡូវនេះ?
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលបានទទួលការសម្រាក ដែលព្រះយេស៊ូវសន្យាប្រទាន?
ឱព្រះយេស៊ូវ សូមព្រះអង្គប្រទានព្រះពរ ដល់វិញ្ញាណដ៏ហត់នឿយរបស់ទូលបង្គំ ឲ្យរកឃើញសន្តិភាព និងការសម្រាកក្នុងព្រះអង្គ តែមួយប៉ុណ្ណោះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៣-៥ និង កិច្ចការ ៥:២២-៤២