រក​ឃើញ​ការ​សម្រាក​ក្នុង​ព្រះយេស៊ូវ

ម៉ាថាយ ១១:២៩-៣០

អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨

វិញ្ញាណ​ដែល​នឿយ​ព្រួយ មិន​ដែល​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ និង​ភាព​ជោគជ័យ​ឡើយ​។ ជីវិត​របស់​តារា​ចម្រៀង​ជនបទ​ដ៏​ល្បី​ល្បាញ​ម្នាក់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នេះ​ជា​ការ​ពិតមែន​។ បទចម្រៀង​របស់​គាត់ ជិត៤០អាល់ប៊ុម បាន​ជាប់​ចំណាត់​ថ្នាក់ នៅ​ក្នុង​ចំណោម​កំពូល​បទ​ចម្រៀង​ជនបទ​ទាំង១០ ដែល​ពេញ​និយម​បំផុត​។ ប៉ុន្តែ គាត់​បាន​រៀប​ការ​ជា​ច្រើន​លើក ហើយ​ធ្លាប់​ជាប់គុក​ផង​ដែរ​។ ទោះ​គាត់​សម្រេច​បាន​ជោគជ័យ​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏​គាត់​ធ្លាប់​ពោល​ទំនួញ​ថា “វិញ្ញាណ​របស់​ខ្ញុំ មាន​ភាព​នឿយ​ព្រួយ ដែល​ខ្ញុំ​មិន​អាច​ជម្នះ​បាន ដោយ​ភាព​ល្បី​ល្បាញ ការ​រៀប​ការ​ជាមួយ​អ្នក​ថ្មី ឬ​ការ​ស្វែងរក​អត្ថន័យ​ជីវិត… វា​នៅតែ​មាន​ភាព​ហត់​នឿយ​នោះ គឺ​មាន​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ស្លាប់”។ គួរ​ឲ្យ​ស្តាយ​ណាស់ គាត់​គួរតែ​បាន​រក​ឃើញ​ការ​សម្រាក​សម្រាប់​វិញ្ញាណ​គាត់ មុន​ពេល​ជីវិត​គាត់​បញ្ចប់​។

ព្រះយេស៊ូវ​បាន​ធ្វើ​ការ​អញ្ជើញ​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​ចូល​មក​រក​ព្រះ​អង្គ​ផ្ទាល់ៗ​ខ្លួន(ម៉ាថាយ ១១:២៨) គឺ​មនុស្ស​ដែល​មាន​ភាព​នឿយ​ព្រួយ ដោយសារ​បន្ទុក​នៃ​អំពើបាប និង​ផល​វិបាក​របស់​វា មិន​ខុសពី​តារា​ចម្រៀង​រូប​នេះ​ឡើយ​។ ពេលណា​យើង​ទទួល​សេចក្តី​សង្រ្គោះ​ក្នុង​ព្រះយេស៊ូវ ព្រះអង្គ​នឹង​ដក​បន្ទុក​ចេញពី​យើង ហើយ​ប្រទាន​យើង នូវ​ការ​សម្រាក​។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ ត្រូវ​ជឿ​ព្រះអង្គ ហើយ​រៀន​សូត្រ​ពី​ព្រះអង្គ អំពី​របៀប​រស់នៅ​ក្នុង​ជីវិត​ពេញ​បរិបូរ ដែល​ព្រះអង្គ​បាន​ប្រទាន(យ៉ូហាន ១០:១០)។ ការ​ទទួល​យក​នឹម​នៃ​ភាពជា​សិស្ស​របស់​ព្រះគ្រីស្ទ នាំ​ឲ្យ​យើង​រក​ឃើញ​ការ​សម្រាក​សម្រាប់​វិញ្ញាណ​យើង(ម៉ាថាយ ១១:២៩)។

ពេល​យើង​ចូល​ទៅ​រក​ព្រះយេស៊ូវ ព្រះអង្គ​មិន​បាន​កាត់​បន្ថយ​ការ​ទទួល​ខុស​ត្រូវ ដែល​យើង​ត្រូវ​មាន​ចំពោះ​ព្រះអង្គ​នោះ​ឡើយ​។ ព្រះអង្គ​ប្រទាន​សន្តិភាព ដល់​វិញ្ញាណ​ដ៏​ហត់​នឿយ​របស់​យើង ដោយ​ប្រទាន​យើង​នូវ​របៀប​រស់នៅ​ក្នុង​ព្រះអង្គ ដោយ​បន្ទុក​ដែល​ថ្មី និង​ស្រាល​ជាង​មុន​។ និយាយ​រួម ព្រះអង្គ​ប្រទាន​យើង​នូវ​ការ​សម្រាក​ដ៏​ពិត​។—Marvin Williams

តើ​អ្នក​មាន​អារម្មណ៍​នឿយ​ព្រួយ និង​មាន​បន្ទុក​ធ្ងន់​ដូច​ម្តេច​ខ្លះ ក្នុង​ពេល​ឥឡូវ​នេះ?
តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​​បាន​ទទួល​ការ​សម្រាក ដែល​ព្រះយេស៊ូវ​សន្យា​ប្រទាន?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ប្រទាន​ព្រះ​ពរ ដល់វិញ្ញាណ​ដ៏​ហត់​នឿយ​របស់​ទូល​បង្គំ ឲ្យ​រក​ឃើញ​សន្តិភាព និង​ការ​សម្រាក​ក្នុង​ព្រះអង្គ តែមួយ​ប៉ុណ្ណោះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៣-៥ និង កិច្ចការ ៥:២២-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles