និក្ខមនំ ២០:១៨-២១
កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់។ និក្ខមនំ ២០:២០
មនុស្សជាច្រើនមានការភ័យខ្លាចមិនសមហេតុផល ចំពោះអ្វីមួយ ឬស្ថានភាពអ្វីមួយ រៀងៗខ្លួន។ អ្នកខ្លះខ្លាចសត្វពីងពាង(ទោះអ្នកខ្លះបានប្រកែកថា ការខ្លាចសត្វពីងពាងជារឿងធម្មតាក៏ដោយ)។ អ្នកខ្លះទៀតខ្លាចប៉េងប៉ោង ហើយអ្នកផ្សេងទៀតខ្លាចស្ករសូកូឡា។ ការភ័យខ្លាចទាំងនេះ ស្ថិតក្នុងចំណោមការភ័យខ្លាចប្លែកៗជាង៤០០ ដែលពិតជាមានមែន និងត្រូវបានគេធ្វើការសិក្សា និងកត់ត្រាទុកក្នុងឯកសារ។ និយាយរួម មនុស្សយើងហាក់ដូចជាអាចមានការភ័យខ្លាច ចំពោះរឿងភាគច្រើន ដែលកើតមានក្នុងពិភពលោក។
ពួកអ៊ីស្រាអែលក៏មានការភ័យខ្លាច បន្ទាប់ពីពួកគេបានទទួលក្រឹត្យវិន័យ១០ប្រការ គឺដូចមានសេចក្តីចែងថា “កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ”(និក្ខមនំ ២០:១៨)។ លោកម៉ូសេក៏បានកម្សាន្តចិត្តពួកគេ ដោយមានប្រសាសន៍គួរឲ្យចាប់អារម្មណ៍បំផុតថា “កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ”(ខ.២០)។ ត្រង់ចំណុចនេះ លោកម៉ូសេមិនបាននិយាយជាន់កែងខ្លួនឯងទេ នៅពេលដែលគាត់ប្រាប់គេកុំឲ្យមានការភ័យខ្លាច តែគាត់ក៏បានប្រាប់គេឲ្យកោតខ្លាចដល់ព្រះវិញ។ តាមពិត ក្នុងព្រះគម្ពីរដើមភាសាហេព្រើរ ពាក្យ “ខ្លាច” យ៉ាងហោចណាស់ មានន័យពីរ គឺការភ័យញ័រចំពោះអ្វីមួយ ឬការកោតខ្លាច ដោយការគោរពចំពោះព្រះ។
យើងប្រហែលអស់សំណើច ពេលដែលបានដឹងថា មានអ្នកខ្លះខ្លាចប៉េងប៉ោង ឬស្ករសូកូឡា ឬក៏អ្វីមួយដែលមិនគួរឲ្យខ្លាចចំពោះយើង។ ប៉ុន្តែ ការភ័យខ្លាចប្រភេទនេះ មានផ្នែកដែលសំខាន់ជាង និងស៊ីជម្រៅជាង នៅក្នុងការពិតដែលថា មនុស្សយើងអាចមានការភ័យខ្លាចចំពោះអ្វីៗគ្រប់យ៉ាង។ ការភ័យខ្លាចលួចចូលទៅក្នុងជីវិតយើងស្ងាត់ៗ ដូចជាសត្វពីងពាងវាចូលក្នុងផ្ទះយើង ហើយលោកិយអាចជាកន្លែងដែលគួរឲ្យខ្លាច។ ខណៈពេលដែលយើងព្យាយាមជម្នះការភ័យខ្លាចដែលមិនសមហេតុផល ឬការភ័យខ្លាចដែលមានហេតុផល ចូរយើងនឹកចាំថា ព្រះនៃយើងជាព្រះដែលយើងត្រូវកោតខ្លាច ដោយព្រះអង្គបានប្រទានយើង នូវព្រះវត្តមាននៃការកម្សាន្តចិត្ត ក្នុងពេលដែលយើងស្ថិតក្នុងភាពងងឹត។ —Kenneth Petersen
តើអ្នកខ្លាចអ្វីខ្លះ ក្នុងជីវិតអ្នក? តើសេចក្តីស្រឡាញ់របស់ព្រះ បានជួយអ្នកជម្នះការភ័យខ្លាចទាំងនោះដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំមានការភ័យខ្លាច ចំពោះរឿងជាច្រើន។ សូមព្រះអង្គកម្សាន្តចិត្តទូលបង្គំ ហើយជួយទូលបង្គំឲ្យសម្រាកក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១-២ និង កិច្ចការ ៧:២២-៤៣