ការ​ភ័យ​ខ្លាច​ដ៏​ត្រឹម​ត្រូវ

និក្ខមនំ ២០:១៨-២១

កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ដល់​ទ្រង់​។ និក្ខមនំ ២០:២០

មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុផល ចំពោះ​អ្វីមួយ ឬ​ស្ថានភាព​អ្វីមួយ រៀងៗ​ខ្លួន​។ អ្នក​ខ្លះ​ខ្លាច​សត្វ​ពីងពាង(ទោះ​អ្នក​ខ្លះ​បាន​ប្រកែក​ថា ការ​ខ្លាច​សត្វ​ពីងពាង​ជា​រឿង​ធម្មតា​ក៏ដោយ)។ អ្នក​ខ្លះ​ទៀត​ខ្លាច​ប៉េង​ប៉ោង ហើយ​អ្នក​ផ្សេង​ទៀត​ខ្លាច​ស្ករ​សូកូឡា​។ ការ​ភ័យ​ខ្លាច​ទាំង​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ភ័យ​ខ្លាច​ប្លែកៗ​ជាង៤០០ ដែល​ពិត​ជា​មាន​មែន និង​ត្រូវ​បាន​គេ​ធ្វើ​ការ​សិក្សា និង​កត់​ត្រា​ទុក​ក្នុង​ឯកសារ​។ និយាយ​រួម មនុស្ស​យើង​ហាក់​ដូចជា​អាច​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ភាគ​ច្រើន ដែល​កើត​មាន​ក្នុង​ពិភពលោក​។

ពួក​អ៊ីស្រាអែល​ក៏​មាន​ការ​ភ័យ​ខ្លាច បន្ទាប់ពី​ពួកគេ​បាន​ទទួល​ក្រឹត្យ​វិន័យ១០ប្រការ គឺ​ដូច​មាន​សេចក្តី​ចែងថា “កាល​បណ្តាជន​ទាំង​អស់​គ្នា បានឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេកបន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ នោះ​ស្រាប់តែ​គេ​ញ័រ​រន្ធត់ ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​ឆ្ងាយ​វិញ”(និក្ខមនំ ២០:‌១៨)។ លោក​ម៉ូសេ​ក៏បាន​កម្សាន្ត​ចិត្ត​ពួកគេ ដោយ​មាន​ប្រសាសន៍​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ថា “កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើបាប​ឡើយ”(ខ.២០)។ ត្រង់​ចំណុច​នេះ លោក​ម៉ូសេ​មិន​បាន​និយាយ​ជាន់កែង​ខ្លួនឯង​ទេ នៅពេល​ដែល​គាត់​ប្រាប់​គេ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច តែ​គាត់​ក៏បាន​ប្រាប់​គេ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​វិញ​។ តាម​ពិត ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ “ខ្លាច” យ៉ាង​ហោច​ណាស់ មានន័យ​ពីរ គឺ​ការ​ភ័យ​ញ័រ​ចំពោះ​អ្វីមួយ ឬ​ការ​កោត​ខ្លាច ដោយ​ការ​គោរព​ចំពោះ​ព្រះ​។

យើង​ប្រហែល​អស់​សំណើច ពេល​ដែល​បាន​ដឹង​ថា មាន​អ្នក​ខ្លះ​ខ្លាច​ប៉េង​ប៉ោង ឬ​ស្ករ​សូ​កូឡា ឬ​ក៏​អ្វីមួយ​ដែល​មិន​គួរ​ឲ្យ​ខ្លាច​ចំពោះ​យើង​។ ប៉ុន្តែ ការ​ភ័យ​ខ្លាច​ប្រភេទ​នេះ មាន​ផ្នែក​ដែល​សំខាន់​ជាង និង​ស៊ី​ជម្រៅ​ជាង នៅ​ក្នុង​ការ​ពិត​ដែល​ថា មនុស្ស​យើង​អាច​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​។ ការ​ភ័យ​ខ្លាច​លួច​ចូល​ទៅ​ក្នុង​ជីវិត​យើង​ស្ងាត់ៗ ដូចជា​សត្វ​ពីងពាង​វា​ចូល​ក្នុង​ផ្ទះ​យើង ហើយ​លោកិយ​អាច​ជា​កន្លែង​ដែល​គួរ​ឲ្យ​ខ្លាច​។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​ជម្នះ​ការ​ភ័យ​ខ្លាច​ដែល​មិន​សម​ហេតុផល ឬ​ការ​ភ័យ​ខ្លាច​ដែល​មាន​ហេតុផល ចូរ​យើង​នឹក​ចាំ​ថា ព្រះ​នៃ​យើង​ជា​ព្រះ​ដែល​យើង​ត្រូវ​កោត​ខ្លាច ដោយ​ព្រះអង្គ​បាន​ប្រទាន​យើង នូវ​ព្រះ​វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត ក្នុង​ពេល​ដែល​យើង​ស្ថិត​ក្នុង​ភាព​ងងឹត​។ —Kenneth Petersen

តើ​អ្នក​ខ្លាច​អ្វី​ខ្លះ ក្នុង​ជីវិត​អ្នក? តើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ជួយ​អ្នក​ជម្នះ​ការ​ភ័យ​ខ្លាច​ទាំង​នោះ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ជា​ច្រើន​។ សូម​ព្រះអង្គ​កម្សាន្ត​ចិត្ត​ទូល​បង្គំ ហើយ​ជួយ​ទូល​បង្គំ​ឲ្យ​សម្រាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១-២ និង កិច្ចការ ៧:២២-៤៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles