អ្នក​ខ្លាំង​ពូកែ​ខាង​ការ​អធិស្ឋាន

អេភេសូរ ១:១៥-២៣

នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះគុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ​។ អេភេសូរ ១:‌១៦

លោក​ជន(Jørn) ជា​កសិករ ដែល​ជួល​ដី​ស្រែ​របស់​គេ ដើម្បី​ធ្វើ​ស្រែ​។ គេ​មិន​គិតថា គាត់​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​នោះ​ទេ​។ តែ​ទោះ​គាត់​មាន​ភ្នែក​ខ្សោយ និង​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​ក៏ដោយ គាត់​បាន​ធ្វើ​ការ​លះបង់ ដើម្បី​អ្នក​ភូមិ​របស់​គាត់ ក្នុង​ប្រទេស​នរវេយ ដោយ​អធិស្ឋាន​ឲ្យ​ពួកគេ អស់​ជា​ច្រើន​យប់ នៅ​ពេលណា​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន​គាត់ ធ្វើ​ឲ្យ​គាត់​មិន​អាច​គេង​លក់​។ ក្នុង​ការ​អធិស្ឋាន​នោះ គាត់​បាន​អធិស្ឋាន​ឲ្យ​ពួកគេ ម្តង​មួយ​គ្រួសារ ដោយ​បញ្ចេញ​ឈ្មោះ​របស់​ពួក​គេ​ម្នាក់ៗ និង​ថែម​ទាំង​បាន​អធិស្ឋាន​ឲ្យ​ក្មេងៗ​ដែល​គាត់​មិន​ទាន់​បាន​ជួប​ផង​ដែរ​។ អ្នក​ភូមិ​ស្រឡាញ់​វិញ្ញាណ​ដ៏​សុភាព​របស់​គាត់ ហើយក៏​បាន​ទៅ​សុំ​យោបល់ និង​ការ​ណែនាំ​ប្រកប​ដោយ​ប្រាជ្ញា​ពី​គាត់​។ បើសិន​ជា​គាត់​មិន​អាច​ជួយ​ពួកគេ តាម​របៀប​ជាក់​ស្តែង​ណាមួយ ពួកគេ​នៅតែ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ពួកគេ តាម​រយៈ​សេចក្តី​ស្រឡាញ់​ដែល​គាត់​បាន​បង្ហាញ​ដល់​ពួកគេ ដោយ​បាន​ទទួល​សេចក្តី​ស្រឡាញ់​ពី​គាត់​។ នៅពេល​ដែល​លោក​ជន​ទទួល​មរណៈ​ភាព គេ​បាន​ធ្វើ​ពិធី​បុណ្យសព​ធំជាង​គេ​សម្រាប់​គាត់ នៅ​ក្នុង​សហគមន៍​របស់​ពួកគេ ទោះ​គាត់​មិន​មាន​សាច់​ញាតិ​នៅ​ក្នុង​ភូមិ​នោះ​ក៏ដោយ​។ ការ​អធិស្ឋាន​របស់​គាត់ បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន​ហួស​ក្តី​ស្រមៃ​របស់​គាត់​។

បុរស​ដែល​បាន​បន្ទាប​ខ្លួន​នេះ បាន​យក​គំរូ​តាម​សាវ័ក​ប៉ុល ​ដែល​​បាន​ស្រឡាញ់​មនុស្ស​ដែល​គាត់​បាន​បម្រើ និង​អធិស្ឋាន​ឲ្យ​ពួកគេ កាល​គាត់​កំពុង​ជាប់ឃុំ​ក្នុង​គុក​។ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ កាល​គាត់​កំពុង​ជាប់គុក នៅ​ទីក្រុង​រ៉ូម ដោយ​អធិស្ឋាន​សូម​ព្រះអម្ចាស់ ប្រទាន​ពួកគេ​នូវ “ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹងពី​ដំណើរ​ស្គាល់​ទ្រង់” និង​សូម​ឲ្យ​ភ្នែក​នៃ​ចិត្ត​របស់​ពួកគេ “បាន​ភ្លឺ​ឡើង”(អេភេសូរ ១:‌១៧-១៨)។ គាត់​ពិតជា​ចង់​ឲ្យ​ពួកគេ​ស្គាល់​ព្រះយេស៊ូវ​ច្បាស់ ហើយ​រស់នៅ ដោយ​សេចក្តី​ស្រឡាញ់ និង​ការ​រួបរួម តាមរយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​។

លោក​ជន និង​សាវ័ក​ប៉ុល​មាន​ការ​ប្តូរ​ផ្តាច់​ទាំងស្រុង ចំពោះ​ព្រះអម្ចាស់ ដោយ​បាន​អធិស្ឋាន​ឲ្យ​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ និង​បម្រើ​។ ចូរ​យើង​រៀន​សូត្រ​ពី​គំរូ​របស់​ពួកគេ ហើយ​យក​តម្រាប់​តាម ក្នុង​ការ​ស្រឡាញ់ និង​ប្រើ​អ្នក​ដទៃ​នៅ​ថ្ងៃ​នេះ​។—Amy Boucher Pye

តើ​អ្នក​បាន​ស្គាល់​នរណា​ខ្លះ ជា​មនុស្ស​ខ្លាំង​ពូកែ​ខាង​ការ​អធិស្ឋាន ដោយ​ចិត្ត​សុភាព? តើ​គំរូ​របស់​គាត់​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​បាន​ស្គាល់​ព្រះទ័យ​របស់​ព្រះគ្រីស្ទ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ព្រះអង្គ​បម្រើ​អ្នក​ដទៃ និង​បំពេញ​តម្រូវការ​របស់​ពួកគេ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ស្រឡាញ់ និង​បម្រើ​ព្រះអង្គ ដោយ​ក្តី​អំណរ ជា​រៀង​រាល់​ថ្ងៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣-៤ និង កិច្ចការ ៧:៤៤-៦០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles