ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​ដ៏​ពិបាក

ហេព្រើរ ១១:១៣-១៦

តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន​សួគ៌​វិញ​។ ហេព្រើរ ១១:១៦

ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ជាង២រយលាន​នាក់ មាន​ជំនឿ​សាសនា​ផ្សេង​គ្នា បាន​ធ្វើ​ធម្ម​យាត្រា ទៅ​កាន់​ទី​សក្ការៈ​សំខាន់ៗ​របស់​សាសនា​ពួកគេ​។ អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ ដែល​មនុស្ស​ជា​ច្រើន​យល់​ឃើញថា ការ​ធ្វើ​ធម្ម​យាត្រា គឺជា​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ទី​សក្ការៈ ដើម្បី​ទទួល​ព្រះពរ​បែប​ណាមួយ​។ ពួកគេ​ខិតខំ​ធ្វើ​យ៉ាងណា ទៅ​ឲ្យ​ដល់​ព្រះវិហារ ទី​សក្ការ​បូជា ឬ​ទីតាំង​ផ្សេង​ទៀត ដែល​ពួកគេ​អាច​ទទួល​ពរជ័យ​ពី​សាសនា ឬ​ព្រះ​របស់​ពួកគេ​។

ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​គ្រីស្ទបរិស័ទ​ជា​ជនជាតិ​ឃែល នៅ​ចក្រភព​អង់គ្លេស ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ព្រះពរ តាម​របៀប​ផ្សេង​ពី​នេះ​។ ពួកគេ​ធ្វើ​ដំណើរ​ដោយ​គ្មាន​គោលដៅ ចូល​ទៅ​ក្នុង​ព្រៃ ឬ​ទីវាល​ដែល​គ្មាន​មនុស្ស​នៅ ឬ​ជិះ​ទូក​រសាត់​អណ្តែត តាម​ចរន្ត​ទឹកស​មុទ្រ ដោយ​គ្មាន​គោលដៅ ព្រោះ​ពួកគេ​យល់​ឃើញថា ការ​ធ្វើ​ដំណើរ​នោះ គឺជា​ការ​រៀន​ទុកចិត្ត​ព្រោះ ក្នុង​ទឹកដី​ដែល​ពួកគេ​មិន​ស្គាល់​។ បាន​សេចក្តី​ថា សម្រាប់​ពួកគេ ព្រះពរ​មិនមែន​ជា​អ្វី​ដែល​ពួកគេ​អាច​រកបាន​នៅ​ត្រង់​គោលដៅ​នៃ​ការ​ធ្វើ​ដំណើរ តែ​អាច​រកបាន​នៅ​តាម​ផ្លូវ​ដែល​ពួកគេ​ធ្វើ​ដំណើរ​។

បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ជា​បទ​គម្ពីរ​ដ៏​សំខាន់ ដែល​ជនជាតិ​ឃែល​បាន​យក​មក​ប្រើ ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​។ ការ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ គឺជា​ការ​ចាក​ចេញពី​ផ្លូវ​របស់​លោកិយ ហើយ​ជា​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ទីក្រុង​របស់​ព្រះ​អម្ចាស់ (ខ.១៣-១៦) ដូច​នេះ ពួកគេ​យល់​ឃើញថា ពួកគេ​ត្រូវ​ទុក​ចិត្ត​ថា ព្រះ​នឹង​ផ្គត់ផ្គង់​ពួកគេ ក្នុង​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក តាម​ផ្លូវ​ដែល​ពួកគេ​មិន​ស្គាល់ ដើម្បី​ឲ្យ​ពួកគេ​កើត​មាន​សេចក្តី​ជំនឿ​ដ៏​រឹងមាំ ដូច​វីរៈ​បុរស​នៃ​សេចក្តី​ជំនឿ​ក្នុង​សម័យ​ដើម(ខ.១-១២)។

យើង​មិន​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ខាង​សាច់ឈាម ចូល​ទៅ​ក្នុង​វាល​រហោស្ថាន ឬ​សមុទ្រ​ដើម្បី​ទទួល​ព្រះពរ ឬ​រៀន​សូត្រ​អំពី​ជំនឿ​នោះ​ទេ ប៉ុន្តែ សម្រាប់​អ្នក​ដែល​ទុកចិត្ត​ព្រះយេស៊ូវ ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ គឺជា​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​ឆ្ពោះ​ទៅ​រក​នគរ​ស្ថាន​សួគ៌ ដែល​ត្រូវ​ឆ្លង​កាត់​ព្រៃ​ភ្នំ ភាព​ទាល់​ច្រក និង​វាល​រហោស្ថាន​ខាង​វិញ្ញាណ​។ ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ចូរ​យើង​កុំ​ខកខាន មិន​បាន​ទទួល​ព្រះពរ ក្នុង​ការ​ដក​ពិសោធន៍​ជាមួយនឹង​ការ​ផ្គត់ផ្គង់​របស់​ព្រះ នៅ​តាម​ផ្លូវ​ឡើយ​។—Sheridan Voysey

តើ​អ្នក​អាច​បើក​ចំហ​ចិត្ត​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ ដើម្បី​ទទួល​អំណោយ​របស់​ព្រះ នៅ​តាម​ផ្លូវ​នៃ​ជីវិត?
តើ​អ្នក​អាច​រំឭក​ខ្លួនឯង​ដូច​ម្តេច​ខ្លះ ឲ្យ​នឹក​ចាំ​ថា លោកិយ​នេះ​មិនមែន​ជា​ផ្ទះ​ពិត​ប្រាកដ​របស់​អ្នក​ទេ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្ហាញ​ឲ្យ​ទូល​បង្គំ​ដឹង​ថា
ទុក្ខ​លំបាក​ក្នុង​ជីវិត គឺជា​ឱកាស សម្រាប់​ឲ្យ​សេចក្តី​ជំនឿ​របស់​ទូល​បង្គំ​លូត​លាស់ កាន់តែ​ស៊ី​ជម្រៅ​។

Learn more here: DiscoverODB.org/articles/gardens-and-the-history-of-humanity.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៨-១០ និង កិច្ចការ ៨:២៦-៤០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles