អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់

ចោទិយកថា ៣៣:១-៥,១២

អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត​។ ចោទិយកថា ៣៣:១២

មាន​ពេល​មួយ ក្មេង​ស្រី ឈ្មោះ អាលី(Allie) បាន​បង្ហាញ​ភាព​សោកសៅ​របស់​នាង ដោយ​យក​បន្ទះ​ឈើ​មួយ​សន្លឹក មក​សរសេរ​ពីលើ ហើយ​ដាក់​ព្យួរ​នៅ​ក្នុង​សួន​ច្បារ​សាធារណៈ ដោយ​ខ្លឹមសារ​ដូច​នេះ​ថា “និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​ពិបាក​ចិត្ត​ណាស់​។ គ្មាន​នរណា​ចង់​ចំណាយ​ពេល​ជាមួយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​បាត់បង់​មនុស្ស​តែ​ម្នាក់​គត់ ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ​។ ខ្ញុំ​យំ​ជា​រៀង​រាល់​ថ្ងៃ​។”

នៅពេល​ដែល​មនុស្ស​ម្នាក់​បាន​ប្រទះ​ឃើញ​សំណេរ​របស់​នាង អ្នក​នោះ​ក៏​បាន​យក​ដីស​មក​ដាក់​នៅ​សួន​ច្បារ ហើយ​សុំ​ឲ្យ​គេ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់ អាលី​។ ពួក​សិស្ស​ដែល​រៀន​នៅ​សាលា​ក្បែរ​នោះ ក៏បាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​រាប់​សិប​ឃ្លា នៅ​លើ​បន្ទះ​ឈើ​នោះ​ថា “យើង​ស្រឡាញ់​អ្នក” “ព្រះ​ស្រឡាញ់​អ្នក” “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់”។ នាយក​សាលា​នោះ ក៏បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​មធ្យោបាយ​តូច​មួយ ដែល​យើង​អាច​ឈោង​ទៅ​រក ឬ​ប្រហែល​ជា​អាច​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​នាង​។ នាង​ជា​តំណាង​ឲ្យ​យើង​ទាំង​អស់​គ្នា ព្រោះ​យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់ ឬ​យើង​នឹង​មាន​ភាព​សោកសៅ និង​ទុក្ខ​លំបាក នៅពេល​ណាមួយ”។

ឃ្លា​ដែល​គេ​សរសេរ​ថា “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មុន​ពេល​លោក​ម៉ូសេ​លាចាក​លោក គាត់​បាន​និយាយ​ពាក្យ​ជូនពរ​ដ៏​មានន័យ ទៅ​កាន់​ពូជ​អំបូ​បេនយ៉ាមីន នៃ​សាសន៍​អ៊ីស្រាអែល​ថា “ឯ​ចំណែក​ពួក​បេនយ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ​អង្សា​ទាំង២របស់​ទ្រង់”(ចោទិយកថា ៣៣:១២)។ លោក​ម៉ូសេ​ជា​អ្នក​ដឹកនាំ​ដ៏​រឹងមាំ ដែល​ព្រះអម្ចាស់​បាន​ជ្រើស​តាំង ដោយ​គាត់​បាន​ឈ្នះ​នគរ​ដែល​ជា​ខ្មាំង​សត្រូវ និង​បាន​ទទួល​ក្រឹត្យ​វិន័យ​ដប់​ប្រការ ហើយ​បាន​ជំរុញ​ពួកគេ​ឲ្យ​ដើរ​តាម​ព្រះអង្គ​។ មុន​ពេល​លាចាក​លោក គាត់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាងណា ចំពោះ​ពួកគេ​។ ពាក្យ ស្ងួន​ភ្ងា ឬ​មនុស្ស​ជាទី​ស្រឡាញ់ ក៏​អាច​ប្រើ​សម្រាប់​យើង​ផង​ដែរ គឺ​ដូច​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។

ខណៈ​ពេល​ដែល​ព្រះ​អម្ចាស់​ជួយ​យើង ឲ្យ​សម្រាក​យ៉ាង​សុខ​សាន្ត ក្នុង​សេចក្តី​ពិត​ដែល​ថា អ្នកជឿ​ព្រះ​យេស៊ូវ​ម្នាក់ៗ សុទ្ធតែ​ជា “កូន​ស្ងួនភ្ងា” យើង​អាច​ឈោង​ទៅ​រក​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់ តាម​គំរូ​របស់​អស់​អ្នក​ដែល​ឈោង​ទៅ​រក​អាលី​ផង​ដែរ​។—Anne Cetas

តើ​អ្នក​បាន​រៀន​សម្រាក​យ៉ាង​សុខ​សាន្ត ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ចែករំលែក សេចក្តី​ស្រឡាញ់​នោះ ដល់​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ហើយ​ចែក​ចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​មនុស្ស​ជុំវិញ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៤-១៦ និង កិច្ចការ ៩:២២-៤៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles