តើ​អំពល់​អ្វី​ដល់​អ្នក?

យ៉ូហាន ២១:១៥-២២

នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២

មាន​ពេល​មួយ​ក្មួយ​ស្រី​ខ្ញុំ​អាយុ៦ឆ្នាំ បាន​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​គាត់​ទទួល​បាន​ស្ករ​គ្រាប់​ មាន​រស់​ជាតិ​ស្តូ្របឺរី តែ​បង​ប្អូន​គាត់​ទទួល​បាន​ស្ករ​គ្រាប់​មាន​រស់​ជាតិ​ទំពាំង​បាយ​ជូរ? តាមរយៈ​អាកប្ប​កិរិយា​របស់​ក្មួយ​ប្រុស​ក្មួយ​ស្រី​របស់​ខ្ញុំ ខ្ញុំ​រៀន​សូត្រ​បាន​ថា ក្មេងៗ​ច្រើនតែ​ប្រៀបធៀប​របស់​អ្វី​ដែល​គាត់​បាន​ទទួល ជាមួយនឹង​របស់​អ្វី​ដែល​អ្នក​ដទៃ​បាន​ទទួល​។ បញ្ហា​នេះ​មានន័យថា ក្នុង​នាម​ខ្ញុំ​ជា​ម្តាយមីង​ដែល​ស្រឡាញ់​ពួក​គាត់ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា មុន​នឹង​ឲ្យ​អ្វីមួយ​ដល់​ពួកគេ​។

ជួនកាល ខ្ញុំ​ក៏​បាន​ប្រៀបធៀប​របស់​អ្វី​ដែល​ព្រះ​ប្រទាន​ខ្ញុំ ជាមួយនឹង​របស់​ដែល​ព្រះអង្គ​ប្រទាន​អ្នក​ដទៃ​ផង​ដែរ​។ ខ្ញុំ​ទូល​សួរ​ព្រះ​អង្គ​ថា “ហេតុ​អ្វី​ទូល​បង្គំ​បាន​របស់​នេះ តែ​នាង​បាន​របស់​នោះ​អញ្ចឹង?” សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្វី​ដែល​លោក​ស៊ីម៉ូន ពេត្រុស​បាន​សួរ​ព្រះយេស៊ូវ នៅ​សមុទ្រ​កាលីឡេ​។ កាល​នោះ ព្រះយេស៊ូវ​ទើបតែ​បាន​ប្រទាន​ការ​ស្អាង​ឡើង​វិញ និង​ការ​អត់​ទោស​បាប​ដល់​គាត់ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា គាត់​នឹង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ដោយ​ការ​ស្លាប់ ដោយសារ​សេចក្តី​ជំនឿ(យ៉ូហាន ២១:‌១៥-១៩)។ ពេល​នោះ គាត់​មិន​បាន​ឆ្លើយ​តប​ថា បាទ ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះយេស៊ូវ​ទេ តែ​គាត់​បែរជា​សួរ​ព្រះ​អង្គ​ថា​ “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។

ព្រះយេស៊ូវ​ក៏បាន​​ឆ្លើយ​តប​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ដូច​នេះ ចំពោះ​យើង​ផង​ដែរ​។ ពេលណា​ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ទិសដៅ ក្នុង​ផ្នែក​ណាមួយ​នៃ​ជីវិត​យើង​ហើយ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទុកចិត្ត​ព្រះអង្គ​។ យើង​មិន​ត្រូវ​ប្រៀបធៀប​ផ្លូវ​ដើរ​របស់​យើង ជាមួយ​ផ្លូវ​ដែល​អ្នក​ដទៃ​ដើរ​ទេ ប៉ុន្តែ យើង​គ្រាន់តែ​ត្រូវ​ដើរ​តាម​ព្រះអង្គ​ប៉ុណ្ណោះ​។

សាវ័ក​ពេត្រុស​ក៏បាន​ដើរ​តាម​ព្រះអម្ចាស់ ជាង​៣០​ឆ្នាំ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ពួក​ជំនុំ​ដំបូង ប្រកប​ដោយ​ចិត្ត​ក្លាហាន​។ កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​ក៏បាន​បង្ហាញ​ផង​ដែរ​ថា គាត់​បាន​ទទួល​យក​សេចក្តី​ស្លាប់ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អធិរាជ​នេរ៉ូ ជា​ស្តេច​ដ៏​សាហាវ​ព្រៃ​ផ្សៃ​នៃ​ចក្រភព​រ៉ូម៉ាំង​។ ចូរ​យើង​មាន​ចិត្ត​ប្តូរ​ផ្តាច់​ដោយ​គ្មាន​ងាករេ និង​គ្មាន​ការ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ក្នុង​ការ​ដើរ​តាម​ព្រះ ដោយ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់ និង​ទិសដៅ​របស់​ព្រះអង្គ​។—Karen Huang

តើ​អ្នក​បាន​ប្រៀបធៀប​ស្ថានភាព​របស់​អ្នក​ជាមួយ​អ្នក​ដទៃ នៅ​ពេលណា​ខ្លះ? តើ​អ្នក​អាច​ដើរ​តាម​ព្រះអង្គ តាម​របៀប​ដ៏​ត្រឹម​ត្រូវ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត និង​ដើរ​តាម​ព្រះអង្គ ដោយ​មិន​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៧-១៩ និង​កិច្ចការ ១០:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles