អំណោយដែលកែប្រែជីវិត
ទំនុកដំកើង ១១៩:៩-២០ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។ ទំនុកដំកើង ១១៩:១៦ មានពេលមួយ ខ្ញុំបានស្វាគមន៍ក្រុមយុវជន ខណៈពេលដែលខ្ញុំ និងស្វាមីខ្ញុំចែកព្រះគម្ពីរដល់ពួកគេ។ ខ្ញុំប្រាប់ពួកគេថា “ព្រះអង្គនឹងប្រើអំណោយដ៏មានតម្លៃទាំងនេះ ដើម្បីកែប្រែជីវិតអ្នក”។ នៅពេលយប់នោះ មានសិស្សពីរបីនាក់បានប្ដេជ្ញាចិត្តថា នឹងអានកណ្ឌគម្ពីរដំណឹងល្អយ៉ូហានទាំងអស់គ្នា។ យើងក៏បានបន្តលើកទឹកចិត្តក្រុមយុវជននេះ ឲ្យអានព្រះគម្ពីរនៅផ្ទះ ខណៈពេលដែលយើងបង្រៀនពួកគេ ក្នុងអំឡុងពេលនៃការជួបជុំរៀងរាល់សប្តាហ៍។ ជាង១សប្តាហ៍ក្រោយមក ខ្ញុំក៏បានជួបសិស្សរបស់យើងម្នាក់។ នាងថា នាងនៅតែបន្តប្រើព្រះគម្ពីរដែលខ្ញុំបានឲ្យនាង។ ក្រោយមក ខ្ញុំក៏បានឃើញទីបន្ទាល់ដ៏ល្អនៃជីវិតរបស់នាង ដែលពេញដោយសេចក្តីជំនឿ។ ព្រះអម្ចាស់ប្រទានអំណាចដល់រាស្រ្តព្រះអង្គ ឲ្យអាន និងសូត្រខគម្ពីរ ព្រមទាំងចាំទំព័រដែលពួកគេអាចរកមើលខគម្ពីរផងដែរ។ ព្រះអង្គជួយឲ្យយើងអាចបន្តដើរតាមផ្លូវនៃសេចក្តីបរិសុទ្ធ ដោយរស់នៅ ស្របតាមខគម្ពីរ(ទំនុកដំកើង ១១៩:៩)។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងស្វែងរកបំណងព្រះទ័យ និងស្តាប់បង្គាប់ព្រះអង្គ ខណៈពេលដែលយើងប្រើសេចក្តីពិតដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ដើម្បីរំដោះយើងឲ្យរួចពីបាប និងកែប្រែជីវិតយើង(ខ.១០-១១)។ ជារៀងរាល់ថ្ងៃ យើងអាចទូលសូមព្រះអង្គជួយយើង ឲ្យស្គាល់ព្រះអង្គ និងយល់ព្រះបន្ទូលព្រះអង្គ ដែលមានចែងក្នុងព្រះគម្ពីរ(ខ.១២-១៣)។ ពេលណាយើងស្គាល់តម្លៃនៃការរស់នៅតាមផ្លូវរបស់ព្រះ យើងអាច “អរសប្បាយ” ក្នុងការបង្រៀនរបស់ព្រះអង្គ ដូចមនុស្សដែលអរសប្បាយនឹងទ្រព្យសម្បត្តិគ្រប់យ៉ាង(ខ.១៤-១៥)។ បានជាយើងអាចច្រៀង ដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ” (ខ.១៦)។…
Read article