បោក​ចំបាប់​ជាមួយ​ព្រះអម្ចាស់

លោកុប្បត្តិ ៣២:២២-៣២

ដូច្នេះ យ៉ាកុប​នៅតែ​ម្នាក់ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ​។ លោកុប្បត្តិ ៣២:២៤

មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​រាប់អាន​ជា​យូរ​មក​ហើយ បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​មក​ខ្ញុំ បន្ទាប់ពី​ស្វាមី​ខ្ញុំ​បាន​ទទួល​មរណៈ​ភាព​។ ក្នុង​សំបុត្រ​នោះ​គាត់​បាន​សរសេរ​ថា “លោក​អ័ឡិន(Alan) គឺជា​អ្នក​បោក​ចំបាប់​ជាមួយ​ព្រះ​។ គាត់​ប្រៀប​ដូចជា​លោក​យ៉ាកុប ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ទទួល​ជឿ​ព្រះ រហូត​ដល់​ពេល​សព្វថ្ងៃ”។ ខ្ញុំ​មិន​ដែល​បាន​គិត​ចង់​ប្រៀបធៀប​ការ​ត​យុទ្ធ​របស់​ស្វាមី​ខ្ញុំ ជាមួយ​នឹង​ការ​ត​យុទ្ធ​របស់​លោក​យ៉ាកុប​ជា​ព្ធយុកោ​របស់​សាសន៍​អ៊ីស្រាអែល​នោះ​ទេ ប៉ុន្តែ គាត់​មាន​ចំណុច​ដែល​ដូច​លោក​យ៉ាកុប​។ ពេញ​មួយ​ជីវិត​គាត់ គាត់​មាន​សំណួរ​ជា​ច្រើន សម្រាប់​ព្រះអម្ចាស់ ជា​ការ​ត​យុទ្ធ​នឹង​ព្រះអង្គ ដែល​ប្រៀប​ដូចជា​លោក​យ៉ាកុប​បោក​ចំបាប់​ជាមួយ​ព្រះអង្គ​ផង​ដែរ​។ គាត់​ស្រឡាញ់​ព្រះ តែ​មិន​តែងតែ​អាច​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា ព្រះអង្គ​ស្រឡាញ់​គាត់ បាន​អត់​ទោស​ឲ្យ​គាត់ ហើយ​ស្តាប់​ឮ​គាត់​អធិស្ឋាន​ទេ​។ តែ​ជីវិត​គាត់​បាន​ទទួល​ព្រះពរ​ជា​ច្រើន ហើយ​គាត់​ក៏មាន​ឥទ្ធិពល​ជា​វិជ្ជមាន ទៅ​លើ​មនុស្ស​ជា​ច្រើន​។

ជីវិត​របស់​លោក​យ៉ាកុប​មាន​ចារិក​លក្ខណៈ​ជា​ការ​ត​យុទ្ធ​។ គាត់​បាន​ធ្វើ​ការ​បោក​បញ្ឆោត​លោក​អេសាវ ជា​បង​ប្រុស​គាត់ ដើម្បី​ឲ្យ​បាន​សិទ្ធិ​ធ្វើ​ជា​បង​ច្បង​។ គាត់​បាន​រត់ចោល​ផ្ទះ ហើយ​បាន​តយុទ្ធ​ជា​ច្រើន​ឆ្នាំ​ជាមួយ​លោក​ឡាបាន់​ ជា​សាច់​ញាតិ និង​ជា​ឪពុក​ក្មេក​របស់​គាត់​។ បន្ទាប់មក គាត់​ក៏បាន​រត់​គេច​ពី​លោក​ឡាបាន់​ទៀត​។ គាត់​ស្ថិត​ក្នុង​ភាព​ឯកោ ហើយ​ខ្លាច​មិន​ហ៊ាន​ជួប​​លោក​អេសាវ​។ ប៉ុន្តែ គាត់​ក៏​បាន​ជួប​ទេវតា​របស់​ព្រះអម្ចាស់(លោកុប្បត្តិ ៣២:១) ដែល​ប្រហែល​ជា​ការ​រំឭក អំពី​ការ​យល់សប្តិ​ដែល​ព្រះអម្ចាស់​បាន​បណ្តាល​ឲ្យ​គាត់​មាន កាលពី​មុន(២៨:១០-២២)។ បន្ទាប់​មក លោក​យ៉ាកុប​ក៏​បាន​បោក​ចំបាប់​ជាមួយ “បុរស​ម្នាក់” ដែល​ជា​ព្រះអម្ចាស់​បង្ហាញ​អង្គ​ទ្រង់​ក្នុង​លក្ខណៈ​ជា​មនុស្ស​។ ព្រះអង្គ​ក៏បាន​ប្តូរ​ឈ្មោះ​គាត់​មក​ជា អ៊ីស្រាអែល ព្រោះ​គាត់ “មាន​អំណាច​ចំពោះ​ព្រះ ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង”(៣២:២៨)។ ព្រះអម្ចាស់​បាន​គង់នៅ​ជាមួយ និង​ស្រឡាញ់​លោក​យ៉ាកុប ទោះ​គាត់​មាន​ការ​តយុទ្ធ​នឹង​ព្រះ​អង្គ​យ៉ាងណា​ក៏ដោយ​។

យើង​រាល់​គ្នា​សុទ្ធតែ​មាន​ការ​តយុទ្ធ​។ តែ​យើង​មិន​ឯកោ​ទេ ព្រោះ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ក្នុង​ទុក្ខ​លំបាក​ទាំង​នោះ​។ អស់​អ្នក​ដែល​ជឿ​ព្រះអង្គ គឺជា​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ បាន​អត់​ទោស​ឲ្យ និង​បាន​សន្យា​ថា នឹង​ប្រទាន​ជីវិត​អស់​កល្ប(យ៉ូហាន ៣:‌១៦)។ យើង​អាច​តោង​ព្រះអង្គ​ឲ្យ​ជាប់ ដោយ​ទុក​ចិត្ត​លើ​ព្រះបន្ទូល​សន្យា ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះអង្គ ជា​ពិសេស​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក ឬ​ការ​តយុទ្ធ​។—Alyson Kieda

តើ​អ្នក​បាន​បោក​ចំបាប់​នឹង​ព្រះអម្ចាស់ នៅ​ពេលណា​ខ្លះ? តើ​អ្នក​មាន​ការ​កម្សាន្ត​ចិត្ត​យ៉ាងណា ពេល​ដែល​បាន​ដឹង​ថា ព្រះអង្គ​គង់នៅ​ជាមួយ​អ្នក ក្នុង​ទុក្ខ​លំបាក​របស់​អ្នក?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ថ្វាយ​សំណួរ និង​ទុក្ខ​លំបាក​របស់​ទូល​បង្គំ ដល់​ព្រះអង្គ ដោយ​ដឹង​ថា ព្រះ​អង្គ​ស្តាប់​ឮ​ពាក្យ​ទូល​បង្គំ​អធិស្ឋាន​។ ថ្ងៃ​ណា​មួយ​ទូល​បង្គំ​នឹង​មិន​មាន​សំណួរ ឬ​ការ​សង្ស័យ​ទៀត​ឡើយ​។

For further study, read Making Decisions God’s Way at DiscoverySeries.org/Q0745.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ូប ៣០-៣១ និង កិច្ចការ ១៣:២៦-៥២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles