អាវុធ​របស់​យើង​ក្នុង​សង្គ្រាម

២កូរិនថូស ១០:៣-៦

ព្រោះ​គ្រឿងសស្ត្រាវុធ​ពិជ័យសង្គ្រាម​របស់​យើង​ខ្ញុំ មិនមែន​ជា​របស់​ខាង​សាច់ឈាម​។ ២កូរិនថូស ១០:៤

មិត្ត​ភក្តិ​ថ្មី​របស់​លោក​គ្រូ​គង្វាល​បេលេយ(Bailey) បាន​ចែក​ចាយ​ដល់​លោក​គ្រូ​បេលេយ អំពី​បញ្ហា​របស់​គាត់ ដែល​មាន​ការ​បំពាន​ផ្លូវភេទ និង​ការ​ញៀន​រូប​អាស​អាភាស​។ យុវជន​ម្នាក់​នោះ​ជា​អ្នកជឿ​ព្រះយេស៊ូវ ប៉ុន្តែ គាត់​បាន​ជួប​ការ​បំពាន​ផ្លូវភេទ និង​បាន​មើល​រូប​អាស​អាភាស ក្នុង​វ័យ​ក្មេង ធ្វើ​ឲ្យ​គាត់​ជួប​បញ្ហា ដែល​គាត់​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួនឯង​បាន​។ គាត់​ក៏បាន​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម ហើយ​ក៏​បាន​ឈោង​ទៅ​រក​ជំនួយ​។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ យើង​តយុទ្ធ​នឹង​អំណាច​នៃ​សេចក្តី​អាក្រក់​ដែល​យើង​មើល​មិន​ឃើញ(២កូរិនថូស ១០:៣-៦)។ ប៉ុន្តែ ព្រះអង្គ​បាន​ប្រទាន​អាវុធ សម្រាប់​ឲ្យ​យើង​ត​យុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាវុធ​នោះ មិនមែន​ជា​អាវុធ​របស់​លោកិយ​ទេ​។ ផ្ទុយ​ទៅវិញ យើង​មាន “ឥទ្ធិ​ឫទ្ធិ​ដែល​មកពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំមួន​វិញ”(ខ.៤)។ តើ​ការ​បក​ស្រាយ​នេះ​មានន័យ​ដូច​ម្តេច? “ទី​មាំមួន” ត្រូវ​បាន​គេ​សង់​ឡើង​យ៉ាង​រឹងមាំ​។ អាវុធ​ដែល​ព្រះ​នៃ​យើង​បាន​ប្រទាន គឺ​រាប់​បញ្ចូល​អាវុធ​នៃ​សេចក្តី​សុចរិត នៅ​ដៃ​ខាង​ស្តាំ​សម្រាប់​ប្រយុទ្ធ និង​នៅ​ខាង​ឆ្វេង​សម្រាប់​ការពារ(៦:៧)។ បទ​គម្ពីរ​អេភេសូរ ៦:១៣-១៨ ក៏បាន​រៀបរាប់​អំពី​អាវុធ​ជា​ច្រើន ដែល​ជួយ​ការពារ​យើង ដែល​រួម​មាន​ព្រះបន្ទូល សេចក្តី​ជំនឿ សេចក្តី​សង្គ្រោះ ការ​អធិស្ឋាន និង​ការ​ទ្រទ្រង់​របស់​អ្នក​ជឿ​ដទៃ​ទៀត​។ ពេលណា​យើង​ប្រឈម​មុខ​ដាក់​កម្លាំង​ដែល​ធំជាង និង​ខ្លាំង​ជាង​យើង ការ​ប្រើ​ប្រាស់​អាវុធ​ទាំង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ អាច​ជួយ​យើង​ឲ្យ​ឈរ​មាំមួន ដោយ​មិន​ជំពប់​ដួល​។

ព្រះអម្ចាស់​ក៏​ជា​អ្នក​ប្រឹក្សា​យោបល់ និង​មាន​ឯកទេស​ដទៃ​ទៀត សម្រាប់​ជួយ​អស់អ្នក​ដែល​កំពុង​តយុទ្ធ​នឹង​អំណាច ដែល​ធំ​ពេក មិន​អាច​ជម្នះ​ដោយ​ខ្លួនឯង​បាន​។ នៅ​ក្នុង និង​តាមរយៈ​ព្រះយេស៊ូវ យើង​មិន​ចាំបាច់​ត្រូវ​ចុះ​ចាញ់ ក្នុង​ការ​តយុទ្ធ​នោះ​ទេ​។ នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​សង្ឃឹម និង​ចិត្ត​ក្លាហាន​ឡើង​។ យើង​មាន​គ្រឿង​សឹក​របស់​ព្រះអង្គ​ហើយ ចូរ​កុំ​រាថយ​ឡើយ!—Arthur Jackson

តើ​អ្នក​អាច​ឈោង​ទៅ​រក​នរណា​ខ្លះ ដើម្បី​ស្វែងរក​ជំនួយ ក្នុង​ពេល​មាន​ទុក្ខ​លំបាក? តើ​អ្នក​នឹង​ប្រើ​អាវុធ​អ្វី​ខ្លះ?

ឱ​ព្រះយេស៊ូវ ព្រះអង្គ​មាន​ព្រះ​ចេស្ដា​ជាង​អំណាច​គ្រប់​យ៉ាង ដែល​ទូល​បង្គំ​អាច​មើល​ឃើញ និង​មើល​មិន​ឃើញ​។ ទូល​បង្គំ​ត្រូវ​ការ​ព្រះ​វត្ត​មាន និង​ព្រះ​ចេស្ដា​ព្រះអង្គ ធ្វើ​ការ​ក្នុង​ជីវិត​ទូល​បង្គំ នៅ​ថ្ងៃ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ូប ៣២-៣៣ និង កិច្ចការ ១៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles