២ធីម៉ូថេ ២:៨-១៣
ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ។ ២ធីម៉ូថេ ២:១១
បទទំនុកសកលមានចំណងជើងថា “ឱ ខ្ញុំចង់បានអណ្តាត១ពាន់” (បទលេខ១៥) មានវត្តមានដំបូងបំផុត នៅក្នុងសៀវភៅទំនុកដំកើងរបស់ពួកជំនុំមេតូឌីស ដែលគិតមកដល់សព្វថ្ងៃ គឺជាង២សតវត្សរ៍មកហើយ។ បទចម្រៀងនេះ ជាស្នាដៃនិពន្ធរបស់លោក ឆាល វេសលី(Charles Wesley) និងពីដើមឡើយ មានចំណងជើងថា “ថ្ងៃខួបនៃការប្រែចិត្តជឿព្រះ”។ គាត់បាននិពន្ធទំនុកសកលនេះ ដើម្បីរំឭកខួបនៃការកើតជាថ្មីរបស់គាត់ ដោយការផ្លាស់ប្រែស៊ីជម្រៅ ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ។ បទចម្រៀងនេះមាន១៨ល្បះ ដែលបានប្រកាសអំពីសិរីល្អនៃសេចក្តីល្អរបស់ព្រះ ដល់អ្នកដែលប្រែចិត្ត និងដើរតាមព្រះគ្រីស្ទ។
ការមានសេចក្តីជំនឿដូចនេះ គឺសក្តិសមនឹងឲ្យយើងអបអរ និងចែកចាយដល់អ្នកដទៃ។ ក្នុងបទគម្ពីរ ២ធីម៉ូថេ ជំពូក២ សាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅតែឈរមាំក្នុងសេចក្តីជំនឿ និងមានការស៊ូទ្រាំនៅក្នុងការចែកចាយសេចក្តីជំនឿ។ គាត់បានកត់សំគាល់ថា នេះជា “ដំណឹងល្អដែលខ្ញុំផ្សាយប្រាប់ ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង”(ខ.៨-៩)។ សាវ័កប៉ុលបានធ្វើការសម្រេចចិត្តធ្វើការបម្រើព្រះ ដោយគ្មានការសង្ស័យ ហើយបានរំឭកលោកធីម៉ូថេ ឲ្យចាំព្រះរាជសារនៃដំណឹងល្អដែលប្រកាសថា “ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ”(ខ.៨) ព្រះអង្គបានយាងមកប្រសូតជាមនុស្ស មិនមែនដើម្បីគ្រប់គ្រង តែដើម្បីបម្រើ ហើយទីបំផុត ព្រះអង្គសុគត ដើម្បីលោះយើងឲ្យរួចពីបាប ដើម្បីឲ្យយើងអាចផ្សះផ្សាទំនាក់ទំនងជាមួយព្រះ។ សេចក្តីស្លាប់មិនបានឈ្នះទេ ព្រោះបីថ្ងៃក្រោយទ្រង់សុគត ព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ព្រះបន្ទូលដែលជាដំណឹងល្អរបស់ព្រះអង្គ នាំមកនូវសេរីភាព ដល់អ្នកណាដែលជឿ ហើយព្រះបន្ទូលក៏មិនដែលជាប់ច្រវាក់ដែរ។ ហេតុនេះហើយ សាវ័កប៉ុលមានប្រសាសន៍ថា “ព្រះបន្ទូលមិនបានជាប់ចំណងទេ” (ខ.៩) សូម្បីតែនៅក្នុងកន្លែង ដែលសេចក្តីស្លាប់ហាក់ដូចជាបានឈ្នះ ដែលមានដូចជា គុក មន្ទីរពេទ្យ និងកន្លែងបញ្ចុះសពជាដើម។ ក្នុងព្រះគ្រីស្ទ មានសេចក្តីសង្ឃឹមដល់មនុស្សទាំងអស់។ នេះជាដំណឹង ដែលសក្តិសមនឹងឲ្យយើងអបអរទាំងអស់គ្នា!—Matt Lucas
តើអ្នកអបអរដំណឹងល្អរបស់ព្រះយេស៊ូវ ក្នុងការរស់នៅប្រចាំថ្ងៃដូចម្តេចខ្លះ? តើអ្នកអាចចែកចាយដំណឹងល្អនេះ ដល់នរណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសង្គ្រោះទូលបង្គំ និងប្រទានទូលបង្គំនូវឱកាស ចែកចាយដំណឹងល្អដល់មនុស្សគ្រប់គ្នា។
For further study, read Gospel Conversations: Sharing the Story of Jesus at DiscoverySeries.org/HP185.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦