បម្រើ​ព្រះ​តាម​មធ្យោបាយ​តូច​មួយ

១យ៉ូហាន ៤:៧-១,១៩-២១

ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន​។ ១យ៉ូហាន ៤:‌១៩

កាល​អ្នក​ស្រី​អេល​ស៊ី(Elsie) ទទួលរង​ការ​វាយ​ប្រហារ​ពី​ជំងឺ​មហារីក គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ ក្នុង​នគរ​ស្ថាន​សួគ៌​។ ប៉ុន្តែ គាត់​បាន​ជា​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ទោះ​វា​បាន​ធ្វើ​ឲ្យ​គាត់​ពិការ​មិន​អាច​ផ្លាស់ទី​ដោយ​ខ្លួនឯង​ក៏ដោយ​។ គាត់​ក៏បាន​ឆ្ងល់​ផង​ដែរ​ថា ហេតុ​អ្វី​ព្រះអម្ចាស់​បាន​ទុក​ជីវិត​ឲ្យ​គាត់​រស់នៅ​បន្ត​ទៀត​។ គាត់​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ទូល​បង្គំ​អាច​ធ្វើ​អ្វី​បាន? ទូល​បង្គំ​មិន​មាន​លុយ ឬ​ជំនាញ​ច្រើន​ទេ ហើយក៏​មិន​អាច​ដើរ​រួច​ដែរ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល​បង្គំ​អាច​មាន​ប្រយោជន៍ សម្រាប់​ព្រះអង្គ?”

បន្ទាប់មក គាត់​ក៏​បាន​រក​ឃើញ​មធ្យោបាយ​តូច​មួយ ដើម្បី​បម្រើ​អ្នក​ដទៃ ជា​ពិសេស អ្នក​ស៊ី​ឈ្នួល​បោស​សម្អាត​ផ្ទះ​គាត់ ដែល​ជា​ជន​អន្តោ​ប្រវេសន៍​។ គាត់​បាន​ឲ្យ​អាហារ និង​ប្រាក់​ពីរបី​ដុល្លា​ដល់​ពួកគេ ពេលណា​គាត់​បាន​ជួប​ពួកគេ​។ ប្រាក់កាស​ទាំង​នេះ​តិច​តួច​មែន តែ​បាន​រួម​ចំណែក​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​គាត់​បាន​ជួយ​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គាត់​ក៏បាន​ឃើញ​ព្រះអង្គ​ផ្គត់ផ្គង់​គាត់ ដោយ​មិត្ត​ភក្តិ និង​សាច់​ញាតិ​របស់​គាត់ បាន​ឲ្យ​អំណោយ និង​ប្រាក់កាស​មួយ​ចំនួន​ដល់​គាត់ ដោយ​បាន​ជួយ​ឲ្យ​គាត់​បន្ត​ធ្វើ​ជា​ព្រះពរ សម្រាប់​អ្នក​ដទៃ​ទៀត​។

កាល​អ្នក​ស្រី​អែល​ស៊ី ចែកចាយ​រឿង​នេះ ខ្ញុំ​ក៏បាន​គិត​ឃើញថា គាត់​កំពុងតែ​អនុវត្ត​តាម​ការ​ត្រាស់ហៅ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៤:‌១៩ យ៉ាង​ដូច​នេះ​ថា “ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន” ក៏​ដូចជា​ស្រប​តាម​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ កិច្ចការ ២០:៣៥ ដែល​បាន​រំឭក​យើង​ថា “ដែល​ឲ្យ នោះ​មាន​ពរ​ជាង​ទទួល”។

អ្នក​ស្រី​អេលស៊ី​បាន​ចែករំលែក​ដល់​អ្នក​ដទៃ បន្ទាប់ពី​គាត់​បាន​ទទួល​ជំនួយ ហើយ​ការ​ចែករំលែក​នេះ ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ផង​ដែរ​។ គាត់​មិន​មាន​ប្រាក់កាស​ច្រើន ដើម្បី​ចែករំលែក​ដល់​អ្នក​ដទៃ តែ​គាត់​មាន​ចិត្ត​ពេញ​ដោយ​ក្តី​ស្រឡាញ់ ការ​អរ​ព្រះគុណ​ព្រះ និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចែករំលែក​អ្វី​ដែល​គាត់​មាន ដល់​អ្នក​ដទៃ ហើយ​ព្រះអម្ចាស់​ក៏បាន​ប្រទាន​ព្រះពរ​ជា​ពហុ​គុណ នៅ​ក្នុង​វដ្ត​នៃ​ការ​ឲ្យ និង​ការ​ទទួល​ប្រកប​ដោយ​ក្តី​ស្រឡាញ់​។ ចូរ​យើង​ទូល​សូម​ព្រះ​អង្គ​ប្រទាន​ពរ​យើង ឲ្យ​មាន​ចិត្ត​ដែល​អរ​ព្រះគុណ និង​សប្បុរស ដើម្បី​ចែករំលែក​ដល់​អ្នក​ដទៃ តាម​ដែល​ព្រះ​អង្គ​បណ្តាល​ចិត្ត​យើង!—Leslie Koh

តើ​អ្នក​បាន​ទទួល​អ្វី​ខ្លះ ពី​ព្រះអម្ចាស់? តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ តាម​របៀប​ដ៏​សាមញ្ញ និង​មានន័យ​យ៉ាង​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​អំណោយ​ជា​ច្រើន ក្នុង​ជីវិត​ទូល​បង្គំ​។
សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ នូវ​ចិត្ត​ដែល​ស្រឡាញ់​អ្នក​ដទៃ ដូច​ដែល​ព្រះ​អង្គ​ស្រឡាញ់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ៤៣-៤៥ និង កិច្ចការ ២៧:២៧-៤៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles