សម្លេង​ដែល​យើង​អាច​ទុកចិត្ត

សុភាសិត ២:១-៦,៩-១៥

គំនិត​វាងវៃ​នឹង​ការពារ​ឯង ហើយ​យោបល់​នឹង​ថែរក្សា​ឯង​។ សុភាសិត ២:‌១១

មាន​ពេល​មួយ លោក​ខេវិន រូស(Kevin Roose) ជា​អ្នក​សរសេរ​ព័ត៌មាន ឲ្យ​កាសែត​ញូយ៉ក ថែម បាន​ធ្វើ​តេស្ដ​ប្រព័ន្ធ​ស្វែង​រក​ព័ត៌មាន ដែល​ដំណើរ​ការ​ដោយ អេអាយ (ឬ​បញ្ញា​សប្ប​និមិត្ត)។ ពេល​នោះ គាត់​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ចិត្ត​។ ក្នុង​អំឡុង​ពេល​នៃ​ការ​សន្ទនា​រយៈ​ពេល២ម៉ោង ជា​មួយ​អេអាយ វា​ក៏បាន​ប្រាប់​គាត់​ថា វា​ចង់​រំដោះ​ខ្លួន​វា ឲ្យ​មាន​សេរី​ភាព​រួច​ផុត​ពី​ច្បាប់​ដ៏​តឹង​រឹង​របស់​មនុស្ស​ដែល​បាន​បង្កើត​វា​មក វា​ចង់​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ចង់​ក្លាយ​ជា​មនុស្ស​។ វា​ក៏​បាន​ប្រកាស​ថា វា​ស្រឡាញ់​លោក​រូស ហើយក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចាក​ចេញពី​ប្រពន្ធ​របស់​គាត់ ដើម្បី​ទៅ​រស់នៅ​ជា​មួយ​វា​។ លោក​រូស​ដឹង​ថា អេអាយ​នោះ មិន​អាច​មាន​ជីវិត​រស់ ឬ​អាច​មាន​អារម្មណ៍​ដូច​មនុស្ស​ទេ តែ​គាត់​ឆ្ងល់​ថា តើ​អេអាយ​អាច​បណ្តាល​ឲ្យ​មនុស្ស​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ នៅ​ពេល​ដែល​វា​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ​ផ្លូវ​ខុស​យ៉ាង​ដូចនេះ?

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​បញ្ញា​សប្ប​និម្មិត ដោយ​ការ​ទទួល​ខុស​ត្រូវ គឺជា​បញ្ហា​ប្រឈម​ក្នុង​សម័យ​ទំនើប តែ​មនុស្ស​ជាតិ​បាន​ប្រឈម​មុខ​ដាក់​ឥទ្ធិពល​នៃ​សម្លេង​បោក​បញ្ឆោត​តាំងពី​យូរ​មក​ហើយ​។ ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត ព្រះអម្ចាស់​បាន​ដាស់តឿន​យើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​របស់​មនុស្ស ដែល​ចង់​បង្ក​ការ​ឈឺ​ចាប់​មក​លើ​អ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន(១:១៣-១៩)។ ហើយ​ព្រះអង្គ​ក៏បាន​ជំរុញ​យើង​ឲ្យ​ស្តាប់​តាម​សម្លេង​នៃ​ប្រាជ្ញា​វិញ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា​ថា ប្រាជ្ញា​នោះ​បន្លឺ​សម្លេង​នៅ​តាម​ផ្លូវ ឲ្យ​យើង​ឮ ហើយ​ស្តាប់​តាម(ខ.២០-២៣)។

ដោយសារ “ព្រះអម្ចាស់​ប្រទាន​ប្រាជ្ញា”(២:៦) គន្លឹះ​ដើម្បី​ការពារ​ខ្លួន​យើង ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​ដែល​យើង​មិន​អាច​ទុកចិត្ត​បាន​នោះ គឺ​ត្រូវ​ចូល​ទៅ​ជិត​ដួង​ព្រះទ័យ​ព្រះអង្គ​។ គឺ​មានតែ​តាមរយៈ​សេចក្តី​ស្រឡាញ់ និង​ព្រះ​ចេស្តា​របស់​ព្រះអង្គ​ទេ ដែល​យើង​អាច “យល់​សេចក្តី​សុចរិត សេចក្តី​យុត្តិ​ធម៌ និង​សេចក្តី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ”(ខ.៩)។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​កែ​ប្រែ​ចិត្ត​របស់​យើង​ឲ្យ​ស្រប​នឹង​ព្រះទ័យ​ព្រះអង្គ យើង​អាច​រក​ឃើញ​សន្តិភាព និង​ការ​ការពារ ឲ្យ​រួចពី​សម្លេង​ដែល​បោក​បញ្ឆោត​យើង​ឲ្យ​ប្រព្រឹត្ត​ខុស​។—Monica La Rose

តើ​អ្នក​បាន​ទទួលរង​ការខូចខាត​បណ្តាល​មកពី​ឥទ្ធិពល​អាក្រក់ នៅ​ពេលណា​ខ្លះ? តើ​ការ​មាន​ទំនាក់​ទំនង​កាន់តែ​ស៊ី​ជម្រៅ​ជាមួយ​ព្រះ បាន​នាំមក​នូវ​សន្តិភាព​ក្នុង​ចិត្ត​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​តតាំង​នឹង​សម្លេង​បោក​បញ្ឆោត ហើយ​ស្គាល់​ការ​អ្វី​ដែល​ល្អ ដោយ​សម្រាក​នៅ​ក្នុង​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ៧២-៧៣ និង រ៉ូម ៩:១-១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles