ហេព្រើរ ១៣:១៥-២១
កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។ ហេព្រើរ ១៣:១៦
ស្រ្តីមេម៉ាយម្នាក់ ជាអ្នកជិតខាងរបស់សុភាពបុរសវ័យចំណាស់ម្នាក់ ជាង៥ឆ្នាំមកហើយ។ ថ្ងៃមួយ បុរសនោះមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់នាង ក៏បានចុចកណ្ដឹងទ្វារផ្ទះនាង។ គាត់ក៏បានប្រាប់នាងថា “ខ្ញុំមិនបានឃើញអ្នក ជិតមួយសប្តាហ៍ហើយ។ ខ្ញុំគ្រាន់តែចង់មកមើល អ្នកមានសុខទុក្ខយ៉ាងណាដែរ”។ ការដែលគាត់ចង់ដឹងពីសុខទុក្ខរបស់នាង គឺបានលើកទឹកចិត្តនាងណាស់។ នាងបានបាត់បង់ឪពុកតាំងពីក្មេង ដូចនេះ នាងមានការលើកទឹកចិត្តណាស់ ពេលដែលបានដឹងថា មានបុរសចិត្តល្អម្នាក់ព្រួយបារម្ភអំពីនាង និងក្រុមគ្រួសាររបស់នាង។
ពេលណាយើងបង្ហាញចេញនូវចិត្តសប្បុរស ដោយមិនចង់បានការតបស្នង ឬមិនមែនដើម្បីឲ្យគេសរសើរយើង នោះមានន័យថា យើងកំពុងបម្រើអ្នកដទៃ ដោយនាំឲ្យពួកគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ កណ្ឌគម្ពីរហេព្រើរបានចែងថា អ្នកជឿព្រះយេស៊ូវត្រូវ “ថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់” (ហេព្រើរ ១៣:១៥)។ បន្ទាប់មក កណ្ឌគម្ពីរហេព្រើរក៏បានបង្គាប់ពួកគេ ឲ្យបង្ហាញចេញនូវសេចក្តីជំនឿក្នុងការរស់នៅ ដោយមិន “ភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(ខ.១៦)។
ការថ្វាយបង្គំព្រះយេស៊ូវ ដោយថ្លែងព្រះនាមព្រះអង្គ គឺជាដង្វាយដែលយើងត្រូវថ្វាយដោយអំណរ និងជាឯកសិទ្ធិដែលយើងម្នាក់ៗមាន។ ប៉ុន្តែ យើងអាចបង្ហាញក្តីស្រឡាញ់ពិតប្រាកដដល់ព្រះអម្ចាស់បាន នៅពេលណាយើងមានសេចក្តីស្រឡាញ់ដូចព្រះយេស៊ូវ។ យើងអាចទូលសូមព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យមើលឃើញឱកាស ស្រឡាញ់មនុស្សនៅក្នុង និងនៅក្រៅគ្រួសារយើង។ សរុបមក យើងអាចនាំគេឲ្យស្គាល់ព្រះយេស៊ូវ តាមរយៈការបម្រើ ជាការប្រព្រឹត្តដែលមានក្តីស្រឡាញ់ ជាសារដែលមានអំណាច។—Xochitl Dixon
តើអ្នកអាចចែកចាយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ តាមរបៀបដ៏សាមញ្ញ និងជាក់ស្តែង ជាមួយនរណាម្នាក់ដោយរបៀបណា? តើធ្វើដូចម្តេចឲ្យអ្នកអាចមានចិត្ត ដែលចង់បង្ហាញសេចក្តីសប្បុរស តាមរយៈការប្រព្រឹត្តរបស់អ្នក?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យថ្វាយបង្គំព្រះអង្គ ដោយបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ តាមរយៈពាក្យសម្តី និងការប្រព្រឹត្តជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៧៧-៧៨ និង រ៉ូម ១០