២សាំយ៉ូអែល ២៣:៨-១២
លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ។ ២សាំយ៉ូអែល ២៣:១០
កាលអ្នកស្រី ចូនី អេរីកសិន តាដា(Joni Eareckson Tada) ចែកចាយអំពីមិត្តភក្តិរបស់គាត់ឈ្មោះ រីកា(Rika) គាត់បាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីជំនឿរបស់អ្នកស្រីរីកា ដែលមានភាពស៊ីជម្រៅ និងមានការល្បងល ហើយបាននិយាយអំពីការស៊ូទ្រាំដែលអ្នកស្រីរីកាមាន ខណៈពេលដែលគាត់កំពុងរស់នៅ ដោយមានជំងឺរ៉ាំរ៉ៃ។ អ្នកស្រីរីកាបានសម្រាកព្យាបាលជំងឺនៅលើគ្រែ ជាង១៥ឆ្នាំហើយ ដោយមិនអាចក្រោកមើលដួងច័ន្ទរះ នៅមាត់បង្អួចដ៏តូចរបស់បន្ទប់គាត់បានទេ។ ប៉ុន្តែ គាត់មិនបានអស់សង្ឃឹមឡើយ ព្រោះគាត់បានទុកចិត្តព្រះ គាត់បានអាន និងរៀនព្រះគម្ពីរ ហើយគាត់បានរៀបរាប់ថា នេះជារបៀបដែលគាត់ឈរមាំ ក្នុងអំឡុងពេលដែលគាត់តយុទ្ធក្នុងសង្គ្រាមដ៏សាហាវនៃការធ្លាក់ទឹកចិត្ត។
ទីបន្ទាល់នៃការប្តេជ្ញាចិត្ត និងការស៊ូទ្រាំរបស់អ្នកស្រីរីកា បានធ្វើឲ្យអ្នកស្រីចូនីនឹកចាំ អំពីទីបន្ទាល់របស់លោកអេលាសារ ជាទាហានដ៏អង់អាចដែលមិនព្រមរត់គេចពីពួកភីលីស្ទីន ក្នុងសម័យស្តេចដាវីឌ។ គាត់មិនបានរត់ជាមួយពួកទាហានដែលកំពុងបាក់ទ័ពនោះទេ ផ្ទុយទៅវិញគាត់បាន “ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ”(២សាំយូអែល ២៣:១០)។ “ព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជំនះយ៉ាងធំ” ដោយព្រះចេស្តាព្រះអង្គ(ខ.១០)។ អ្នកស្រីចូនីបានសង្កេតឃើញថា ដែលលោកអេលាសារបានកាន់ដាវរបស់គាត់ជាប់ ដោយការប្តេជ្ញាចិត្តជាយ៉ាងណា នោះអ្នកស្រីរីកាក៏បានប្រកាន់ខ្ជាប់នូវដាវនៃព្រះវិញ្ញាណ ដែលជាព្រះបន្ទូលព្រះផងដែរ(អេភេសូរ ៦:១៧)។ ហើយគាត់រកឃើញកម្លាំង ក្នុងព្រះអង្គ ដើម្បីបន្តរស់នៅថ្វាយព្រះអង្គ។
ទោះយើងកំពុងមានសុខភាពល្អ ឬកំពុងតយុទ្ធនឹងការបាក់ទឹកចិត្ត ដោយសារជំងឺដ៏រ៉ាំរ៉ៃ យើងនៅតែអាចមើលទៅព្រះអង្គ ដោយក្តីសង្ឃឹមកាន់តែមុតមាំ ហើយសូមព្រះអង្គជួយយើងស៊ូទ្រាំនឹងទុក្ខលំបាក។ យើងនឹងរកឃើញកម្លាំង នៅក្នុងព្រះគ្រីស្ទ។—Amy Boucher Pye
តើអ្នកឃើញគំរូនៃការប្ដេជ្ញាចិត្ត និងការស៊ូទ្រាំរបស់នរណាខ្លះ? តើព្រះអម្ចាស់បានស្អាងអ្នកជាថ្មីយ៉ាងដូចម្តេចខ្លះ ពេលដែលអ្នកមានអារម្មណ៍ថា ខ្សោះអស់កម្លាំង?
ឱព្រះដែលមានគ្រប់ចេស្តា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការស្រឡាញ់ទូលបង្គំ និងជួយទូលបង្គំឲ្យអាចស៊ូទ្រាំនឹងទុក្ខលំបាក។ សូមព្រះអង្គជួយទូលបង្គំ ឲ្យផ្តោតចិត្តទៅលើព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចបន្តទុកចិត្ត និងស្រឡាញ់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៧៩-៨០ និង រ៉ូម ១១:១-១៨