ម៉ាកុស ៩:៣០-៣៧
អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ។ ម៉ាកុស ៩:៣៧
មានពេលមួយ ខ្ញុំដើររកមើលក្រណាត់ជូតជើង នៅក្នុងផ្សារទំនើបមួយ ក្នុងតំបន់ដែលខ្ញុំរស់នៅ។ ពេលនោះ ខ្ញុំបានកត់សំគាល់ឃើញថា ពាក្យដែលគេបានបោះពុម្ពពីលើក្រណាត់ជូតជើងនីមួយៗ ដែលមានដូចជា ពាក្យ “សួស្តី!” ពាក្យ “ផ្ទះ” ដែលមានរូបបេះដូង។ ហើយខ្ញុំក៏បានជ្រើសរើសយកក្រណាត់ជូតជើង ដែលមានពាក្យ “សូមស្វាគមន៍” ជាពាក្យគេចូលចិត្តប្រើច្រើនជាងគេ នៅលើក្រណាត់ជូតជើង ដែលគេដាក់នៅមាត់ទ្វារផ្ទះ។ ពេលខ្ញុំយកវាទៅដាក់នៅមាត់ទ្វារផ្ទះខ្ញុំ ខ្ញុំក៏បានពិនិត្យមើលចិត្តខ្លួនឯង។ តើផ្ទះរបស់ខ្ញុំពិតជាមានភាពចៅរ៉ៅ ស្របតាមបំណងព្រះទ័យព្រះដែរឬទេ? តើចៅរ៉ៅចំពោះក្មេងដែលមកលក់ស្ករសូកូឡា ដើម្បីរកប្រាក់ទៅរៀន? តើចៅរ៉ៅចំពោះអ្នកជិតខាងដែលកំពុងខ្វះខាត? តើចៅរ៉ៅចំពោះសាច់ញាតិនៅខេត្ត ដែលបានទូរស័ព្ទមក នៅពេលយប់អាធ្រាត្រដែរឬទេ?
ក្នុងកណ្ឌគម្ពីរម៉ាកុស ជំពូក៩ ព្រះយេស៊ូវបានយាងចេញពីភ្នំដែលសាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន បានឈរមើលព្រះអង្គប្រែព្រះភក្ត្រចេញពន្លឺ ដោយពួកគេមានចិត្តស្ញប់ស្ញែងចំពោះព្រះវត្តមានដ៏បរិសុទ្ធ(ខ.១-១៣) ហើយក៏បានបណ្តេញអារក្សចេញពីក្មេងប្រុសម្នាក់ ដែលកាលពីមុនឪពុកគាត់គ្មានសង្ឃឹមថា កូននោះអាចមានសេរីភាពបាន(ខ.១៤-២៩)។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រទានការបង្រៀនដោយឡែកដល់ពួកសាវ័ក អំពីការសុគតរបស់ព្រះអង្គដែលត្រូវមកដល់(ខ.៣០-៣២)។ តែពួកគេមិនទាន់យល់ព្រះបន្ទូលព្រះអង្គនៅឡើយទេ(ខ.៣៣-៣៤)។ ព្រះអង្គក៏បានឆ្លើយតប ដោយនាំក្មេងតូចម្នាក់ ដាក់នៅកណ្តាលចំណោមពួកគេ ដោយបន្ទូលថា “អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ”(ខ.៣៧)។ ពាក្យ “ទទួល” ក្នុងបទគម្ពីរនេះ គឺមានន័យថា ទទួល និងស្វាគមន៍ជាភ្ញៀវ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យសិស្សព្រះអង្គ ស្វាគមន៍មនុស្សទាំងអស់ រាប់បញ្ចូលទាំងអ្នកដែលគេមិនឲ្យតម្លៃ និងមិនរាប់រក និយាយរួម គឺត្រូវស្វាគមន៍គេដូចយើងស្វាគមន៍ព្រះអង្គដែរ។
ខ្ញុំបានគិតអំពីក្រណាត់ជូតជើងរបស់ខ្ញុំ ដែលមានពាក្យស្វាគមន៍ ហើយសួរខ្លួនឯងថា តើខ្ញុំបានចែកចាយសេចក្តីស្រឡាញ់របស់ព្រះអង្គដល់អ្នកដទៃ យ៉ាងដូចម្តេចខ្លះ។ ការនេះបានចាប់ផ្តើមដោយការស្វាគមន៍ព្រះយេស៊ូវ មិនគ្រាន់តែធ្វើជាភ្ញៀវ តែជាម្ចាស់ជីវិតរបស់ខ្ញុំ។ តើខ្ញុំនឹងអនុញ្ញាតឲ្យព្រះអង្គដឹកនាំខ្ញុំ ដោយស្វាគមន៍អ្នកដទៃ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យដែរឬទេ?—Elisa Morgan
តើអ្នកស្វាគមន៍ព្រះយេស៊ូវចូលក្នុងចិត្តអ្នក នៅពេលណា និងដោយរបៀបណា? តើការនេះគួរតែមានឥទ្ធិពលយ៉ាងណាខ្លះ មកលើរបៀបដែលអ្នកស្វាគមន៍អ្នកដទៃ?
ឱព្រះយេស៊ូវ សូមព្រះអង្គដឹកនាំជីវិតទូលបង្គំ ហើយបង្រៀនទូលបង្គំឲ្យចេះស្វាគមន៍មនុស្សទាំងអស់ ដោយមិនរើសអើង។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៨៤-៨៦ និង រ៉ូម ១២