កូល៉ុស ៣:១២-១៧
ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ។ កូល៉ុស ៣:១៣
លោកឧត្តមសេនីយ៍ វីលៀម មែករេវិន(William McRaven) ជាអតីតយោធា ក្នុងកងពលពិសេសដែលបានចូលនិវត្តន៍។ ក្នុងការថ្លែងសន្ទរកថា ក្នុងពិធីចែកសញ្ញាប័ត្រ គាត់បានចែកចាយអំពីកិច្ចការសំខាន់ៗដែលយើងត្រូវធ្វើមុនពេលចូលគេង។ វីដេអូអំពីការថ្លែងសន្ទរកថា នៅថ្ងៃនោះ ត្រូវបានគេយកទៅបង្ហោះនៅតាមបណ្ដាញសង្គម ហើយមានអ្នកមើលជាង១០០លាននាក់។ ប៉ុន្តែ គាត់ក៏បានចែកចាយនូវមេរៀនមួយទៀត ដែលនាំឲ្យមានការប៉ះពាល់ចិត្តយ៉ាងខ្លាំងផងដែរ។ ក្នុងអំឡុងពេលប្រតិបត្តិការសឹក ក្នុងតំបន់មជ្ឈិមបូព៌ា គាត់បានទទួលស្គាល់យ៉ាងសោកសៅថា មានសមាជិកមួយចំនួន ក្នុងគ្រួសារដ៏ស្លូតត្រង់មួយ បានបាត់បង់ជីវិត ដោយសារការយល់ច្រឡំរបស់កងទ័ពគាត់។ គាត់ជឿថា គាត់នៅជំពាក់ការសុំទោស ចំពោះគ្រួសារមួយនេះ។ គាត់ក៏បានទៅសុំទោសបុរសជាឪពុករបស់គ្រួសារនេះ ដោយគ្មានការភ័យខ្លាច។
គាត់ក៏បានប្រាប់បុរសជាឪពុក តាមរយៈអ្នកបកប្រែថា “ខ្ញុំគ្រាន់តែជាទាហានដែលធ្វើការតាមបញ្ជា ប៉ុន្តែ ខ្ញុំក៏មានកូនដែរ ដូចនេះ ខ្ញុំយល់អំពីអារម្មណ៍របស់អ្នក ចិត្តរបស់ខ្ញុំពិតជាសោកសៅ ចំពោះអ្នកណាស់”។ តើបុរសនោះបានឆ្លើយតបដូចម្តេច? បុរសនោះក៏បានផ្តល់ឲ្យគាត់នូវការអត់ឱនទោស ជាអំណោយដ៏សប្បុរស។ កូនប្រុសម្នាក់ទៀតរបស់បុរសនោះ ដែលរួចពីសេចក្តីស្លាប់ ក៏បានប្រាប់គាត់ថា “ខ្ញុំសូមអរគុណអ្នកខ្លាំងណាស់។ គ្រួសាររបស់ខ្ញុំបានអត់ទោសឲ្យអ្នកហើយ ចិត្តរបស់យើងនឹងមិនចងកំហឹងចំពោះអ្នកទេ”។
សាវ័កប៉ុលក៏បានបង្រៀនអំពីការអត់ទោស ដោយចិត្តសប្បុរស យ៉ាងដូចនេះថា “ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ”(កូល៉ុស ៣:១២)។ គាត់ដឹងថា ជីវិតយើងនឹងជួបការល្បងលផ្សេងៗ ហេតុនេះហើយ គាត់ក៏បានបង្រៀនអ្នកជឿព្រះ ក្នុងពួកជំនុំនៅទីក្រុងកូល៉ុសថា “បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ”(ខ.១៣)។
តើធ្វើដូចម្តេចឲ្យយើងអាចមានចិត្តដែលមានក្តីអាណិត ចិត្តដែលអត់ទោសឲ្យអ្នកដទៃ? គឺមានតែសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះអម្ចាស់ទេ ដែលអាចជួយយើងឲ្យមានការអត់ទោសដូចនេះបាន។ ហេតុនេះហើយ សាវ័កប៉ុលក៏បានធ្វើការសន្និដ្ឋានថា “ចូរបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្តីគ្រប់លក្ខណ៍” ហើយយើងត្រូវអនុញ្ញាតឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គគ្រប់គ្រងចិត្តយើង(ខ.១៤-១៥)។—Patricia Raybon
ហេតុអ្វីការអត់ឱនទោស ជាទង្វើដ៏សប្បុរស? តើអ្នកនឹងអត់ទោសឲ្យនរណាខ្លះនៅថ្ងៃនេះ?
ឱព្រះដែលអត់ទោស សូមព្រះអង្គជួយទូលបង្គំ ឲ្យមានសេចក្តីស្រឡាញ់ដ៏សប្បុរសដូចព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចអត់ទោសឲ្យអ្នកដទៃ។
Visit ODBU.org/SF107 to find peace through this class on forgiveness.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៨៩-៩០ និង រ៉ូម ១៤