គិត​ប្រយោជន៍​អ្នក​ដទៃ​លើស​ខ្លួនឯង

ភីលីព ២:១-៥

កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់អាន​គេ​ឲ្យលើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ​។ ភីលីព ២:៣

កាល​ក្រុម​កីឡា​បាល់បោះ មក​ពី​សកលវិទ្យាល័យ ហ្វ៊ែរឡៃ ឌីឃិនសិន ដើរ​ចូល​ក្នុង​ទីលាន​ប្រកួត​កីឡា​បាល់​បោះ​មហាវិទ្យាល័យ ទស្សនិកជន​ជា​អ្នក​គាំទ្រ​នៅ​កន្លែង​អង្គុយ ក៏​បាន​ស្រែក​ហ៊ោរ​ឲ្យ​ក្រុម​កីឡា​មួយ​នេះ​។ គេ​មិន​រំពឹង​ថា ក្រុម​នេះ​នឹង​អាច​ឆ្លង​ផុត​ជុំ​ទីមួយ​ឡើយ ប៉ុន្តែ ពួកគេ​បាន​ឆ្លងផុត​។ ហើយ​ពួកគេ​ក៏​បានឮ​ក្រុម​ភ្លេង​លេង​បទ​ចម្រៀង​ប្រយុទ្ធ​របស់​ពួក​គេ​ពី​កន្លែង​អង្គុយ​មក តែ​ពួកគេ​មិន​ដែល​មាន​ក្រុម​ភ្លេង​ផ្ទាល់​ខ្លួន​ឡើយ​។ ក្រុម​ភ្លេង​មក​ពី​សកលវិទ្យាល័យ​ដេយតុន បាន​រៀន​ចេះ​បទ​ចម្រៀង​របស់​កីឡាករ​មួយ​ក្រុម​នេះ រយៈ​ពេលតែ​ប៉ុន្មាន​នាទី​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​។ ក្រុម​ភ្លេង​នេះ​អាច​លេង​បទ​ដែល​ពួកគេ​ចេះ​ចាំ​ស្ទាត់ តែ​ពួកគេ​បាន​សម្រេច​ចិត្ត​លេង​បទ​ចម្រៀង​នេះ ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​សាលា​ដទៃ​ទៀត និង​ក្រុម​កីឡាករ​ដទៃ​ទៀត​។

សកម្មភាព​របស់​ក្រុម​ភ្លេង​នេះ អាច​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​រួបរួម ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ភីលីព​។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ក៏​ដូចជា​យើង​ក្នុង​ពេល​សព្វថ្ងៃ ឲ្យ​រស់នៅ​ដោយ​ការ​រួបរួម ដោយ “ចិត្ត​គំនិត​តែមួយ”(ភីលីព ២:២) ជា​ពិសេស ដោយសារ​ព្រះគ្រីស្ទ​បាន​បង្រួប​បង្រួម​ពួកគេ​ហើយ​។ ដើម្បី​ឲ្យ​ពួកគេ​រួបរួម​គ្នា សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​លះ​បង់​ចោល​ចិត្ត​អាត្មា​និយម ហើយ​គិត​ប្រយោជន៍​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួនឯង​។

ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ ខ្លាំង​ជាង​ខ្លួនឯង ប្រហែល​មិន​កើត​មាន​ដោយ​ឯកឯង​ឡើយ ប៉ុន្តែ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺជា​ការ​យក​តម្រាប់​តាម​ព្រះគ្រីស្ទ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់អាន​គេ​ឲ្យលើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ”(ខ.៣)។ ជា​ជាង​ផ្ដោត​ទៅលើ​ខ្លួនឯង យើង​ត្រូវ​គិត​ប្រយោជន៍​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន(ខ.៤)។

តើ​យើង​អាច​ជួយ​ទ្រទ្រង់​អ្នក​ដទៃ ដោយ​របៀបណា? គឺ​ដោយ​គិត​ប្រយោជន៍​ពួកគេ ទោះ​យើង​ត្រូវ​ស្វែង​យល់​អំពី​ការ​តយុទ្ធ​របស់​ពួកគេ ឬ​ផ្តល់​ឲ្យ​អ្វី​ក៏ដោយ ដែល​ពួកគេ​ត្រូវ​ការ​ជាដើម​។—Katara Patton

តើ​អ្នក​អាច​គិត​ប្រយោជន៍​នរណា​ខ្លះ នៅ​ថ្ងៃ​នេះ? តើ​ការ​គិត​ប្រយោជន៍​អ្នក​ដទៃ បាន​លើក​កម្ពស់​ការ​រួបរួម​យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​អង្គ​សង្គ្រោះ​ដែល​បាន​បន្ទាប​ព្រះ​កាយ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ អំពី​របៀប​ដែល​ទូល​បង្គំ​អាច​ជួយ​អ្នក​ដទៃ ដោយ​គិត​ប្រយោជន៍​ពួកគេ លើស​ខ្លួនឯង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ៩៧-៩៩ និង រ៉ូម ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles