ស្ថាន​សួគ៌​បន្លឺ​សម្លេង​ច្រៀង​ដោយ​អំណរ

វិវរណៈ ១៩:១-៨

ពួក​ចាស់​ទុំ​ទាំង២៤នាក់ និង​តួ​មាន​ជីវិត​ទាំង៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយបង្គំ​ចំពោះ​ព្រះ ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​និយាយ​ថា អាម៉ែន ហាលេលូយ៉ា​។ វិវរណៈ ១៩:៤

មាន​ពេល​មួយ​ខ្ញុំ​បាន​ស្តាប់​ក្រុម​ចម្រៀង​វិទ្យាល័យ ច្រៀង​បទ​ជា​ភាសា​អាហ្សង់ទីន​មាន​ចំណង​ជើង​ថា “El Cielo Canta Alegría”។ តាមរយៈ​សម្លេង​ច្រៀង​របស់​ពួកគេ ខ្ញុំ​អាច​ដឹង​ថា ពួក​គេ​កំពុងតែ​ច្រៀង​ដោយ​អំណរ​។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​របស់​ពួកគេ តែ​មិន​អាច​យល់​ពាក្យពេចន៍​ដែល​ពួកគេ​ច្រៀង ព្រោះ​ខ្ញុំ​មិន​ចេះ​ភាសា​អេស្ប៉ាញ​។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ស្គាល់​ពាក្យ​មួយ នៅពេល​ដែល​ក្រុម​ចម្រៀង​នេះ​បាន​ដំឡើង​សម្លេង​ច្រៀង​ដោយ​អំណរ​ថា “អាលេលូយ៉ា!” ។ ខ្ញុំ​ក៏​បានឮ​ពាក្យ “អាលេលូយ៉ា” ម្តង​ហើយ​ម្តង​ទៀត ជា​ពាក្យ​ប្រកាស​នូវ​ការ​សរសើរ​តម្កើង​ដល់​ព្រះ ដែល​មាន​សំនៀង​ស្រដៀង​នឹង​ពាក្យ ក្នុង​ភាសា​ដទៃ​ទៀត នៅ​ជុំ​វិញ​ពិភពលោក ដែល​​​​​​​​​​​​អាន​ថា “ហាលេលូយ៉ា”។ ពេល​នោះ ខ្ញុំ​ពិតជា​ចង់​ដឹង​អំពី​អត្ថន័យ​របស់​បទ​នេះ​ណាស់ បាន​ជា​ខ្ញុំ​បើក​រក​មើល​បទ​ចម្រៀង​នេះ ក្នុង​បណ្ដាញ​អ៊ីនធឺណិត បន្ទាប់ពី​ការ​ប្រគំ​តន្ត្រី​បាន​បញ្ចប់ ហើយ​ក៏​បាន​រក​ឃើញ​ចំណង​ជើង​ដែល​បក​ប្រែ​មក​ថា “ស្ថាន​សួគ៌​កំពុង​ច្រៀង​ដោយ​អំណរ”។

បទចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​អំពី​ក្តី​អំណរ​ដែល​កើត​មាន​ពេញ​នគរ​ស្ថាន​សួគ៌ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ​ជំពូក១៩​។ ក្នុង​ការ​បើក​សម្ដែង​ដែល​សាវ័ក​ប៉ុល​បាន​ទទួល អំពី​ពេល​អនាគត ក្នុង​កណ្ឌ​គម្ពីរ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គាត់​បាន​ឃើញ​ការ​ជួប​ជុំ​ដ៏​ធំ​សម្បើម​របស់​មនុស្ស និង​ពួក​ទេវតា ក្នុង​នគរ​ស្ថាន​សួគ៌ ដោយ​ប្រកាស អំពី​ការ​អរ​ព្រះគុណ​ដល់​ព្រះអម្ចាស់​។ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា​ថា ពួកគេ​បាន​បន្លឺ​សម្លេង​សរសើរ​ដំកើង​ព្រះ​ចេស្តា​របស់​ព្រះ ដែល​បាន​ឈ្នះ​ការ​អាក្រក់ និង​ភាព​អយុត្តិធម៌​គ្រប់​យ៉ាង និង​អបអរ​ការ​គ្រង​រាជ​របស់​ព្រះ​អង្គ​លើ​ផែនដី​ទាំងមូល ព្រម​ទាំង​អបអរ​​ជីវិត​អស់​កល្ប សម្រាប់​រស់នៅ​ជាមួយ​ព្រះអង្គ​ជា​រៀង​រហូត​។ គ្រប់​គ្នា​នៅ​ស្ថាន​សួគ៌​ក៏​បាន​ប្រកាស​ថា “ហាលេលូយ៉ា!”(ខ.១,៣,៤,៦) ដែល​មានន័យថា “សរសើរ​ព្រះអង្គ!”

ថ្ងៃ​មួយ មនុស្ស “ចេញពី​គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយពី​គ្រប់​ទាំង​សាសន៍”(៥:៩) នឹង​ប្រកាស​សិរី​ល្អ​របស់​ព្រះ​។ ហើយ​ទោះ​យើង​មកពី​ជាតិ​សាសន៍​ណា​ក៏ដោយ យើង​នឹង​បន្លឺ​សម្លេង​ច្រៀង​ទាំង​អស់​គ្នា​ថា “ហាលេលូយ៉ា!”—Lisa M. Samra

នៅ​ថ្ងៃ​នេះ តើ​អ្នក​មាន​ហេតុផល​អ្វី ដែល​ត្រូវ​បន្លឺ​សម្លេង​ថា “ហាលេលូយ៉ា”? ហេតុ​អ្វី​យើង​ចាំបាច់​ត្រូវ​សរសើរ​ដំកើង​ព្រះ​ជា​ទៀង​ទាត់?

ហាលេលូយ៉ា! ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ឲ្យ​ទូល​បង្គំ​ស្គាល់​ក្តី​អំណរ ព្រោះ​ព្រះ​អង្គ​ស្រឡាញ់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ១០០-១០២ និង ១កូរិនថូស ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles