៣យ៉ូហាន ១:១-៨
ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្តីពិតដែលនៅក្នុងអ្នក។ ៣យ៉ូហាន ១:៣
លោកបណ្ឌិត លី(Dr. Lee) ជាសាស្ត្រាចារ្យនៅសាលាព្រះគម្ពីររបស់ខ្ញុំ បានកត់សំគាល់ឃើញថា លោកប៊ែនជេ(Benjie) ជាអ្នកបោសសម្អាតសាលា មានភាពយឺតយ៉ាវ ក្នុងការមកចូលរួមការជួបជុំគ្នា ដើម្បីបរិភោគអាហារពេលល្ងាច ដូចនេះ គាត់ក៏បានរំលែកម្ហូបអាហារមួយចានទុកឲ្យលោកបេនជេ។ ខណៈពេលដែលខ្ញុំកំពុងជជែកគ្នាលេងជាមួយមិត្តរួមថ្នាក់ លោកបណ្ឌិតលីក៏បានចាប់នំទ្រាបបាយដុំចុងក្រោយ ដាក់ចូលក្នុងចានទុកឲ្យលោកបេនជេ យ៉ាងស្ងៀមស្ងាត់ ដោយបន្ថែមដូង និងរោយល្ងដ៏ឈ្ងុយឆ្ងាញ់ពីលើផង។ ខ្ញុំយល់ឃើញថា ទង្វើដ៏សប្បុរសនេះ ស្ថិតក្នុងចំណោមការល្អជាច្រើន ដែលសាស្ត្រាចារ្យមុខវិជ្ជាទេវសាស្ត្ររូបនេះបានធ្វើសម្រាប់អ្នកដទៃ ជាការបង្ហូរចេញនូវសេចក្តីសប្បុរសរបស់ព្រះអម្ចាស់ តាមរយៈជីវិតគាត់។ ២០ឆ្នាំក្រោយមក ខ្ញុំនៅតែមានចិត្តស្ញប់ស្ញែងចំពោះទីបន្ទាល់របស់គាត់។
សាវ័កយ៉ូហាន ក៏មានមិត្តជិតស្និទ្ធម្នាក់ ដែលបានបន្សល់ទុកនូវភាពស្ញប់ស្ញែង នៅក្នុងចិត្តអ្នកជឿព្រះជាច្រើន។ ពួកគេបានធ្វើបន្ទាល់ថា លោកកៃយុសជាមនុស្សស្មោះត្រង់ ចំពោះព្រះ និងព្រះគម្ពីរប៊ីប ដោយបន្តដើរក្នុង “សេចក្តីពិត”(៣យ៉ូហាន ១:៣)។ លោកកៃយុសបានទទួលអ្នកផ្សាយដំណឹងល្អយ៉ាងរាក់ទាក់ ទោះពួកគេមិនស្គាល់គ្នាក៏ដោយ(ខ.៥)។ ហេតុនេះហើយ សាវ័កយ៉ូហានក៏បានរៀបរាប់ថា គេបានធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់របស់លោកកៃយុស(ខ.៦)។ សេចក្តីស្មោះត្រង់ដែលលោកកៃយុសមានចំពោះព្រះ និងចំពោះអ្នកជឿដទៃទៀត មានប្រយោជន៍ចំពោះការផ្សព្វផ្សាយដំណឹងល្អ។
ឥទ្ធិពលដែលគ្រូរបស់ខ្ញុំមានមកលើខ្ញុំ និងឥទ្ធិពលដែលលោកកៃយុសមានមកលើមនុស្សនៅសម័យគាត់ គឺជាការក្រើនរំឭកដ៏មានអំណាចថា ព្រះអម្ចាស់ក៏អាចប្រើឥទ្ធិពលល្អដែលយើងអាចមានមកលើអ្នកដទៃ ដើម្បីនាំគេឲ្យទទួលជឿព្រះអង្គផងដែរ។ ខណៈពេលដែលយើងដើរដោយចិត្តស្មោះត្រង់ជាមួយព្រះអម្ចាស់ ចូរយើងរស់នៅ និងប្រព្រឹត្ត ធ្វើជាទីបន្ទាល់ល្អ ដែលលើកទឹកចិត្តអ្នកដទៃឲ្យដើរដោយស្មោះត្រង់ជាមួយព្រះអង្គផងដែរ។—Karen Huang
តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងថា អ្នកកំពុងតែដើរក្នុងសេចក្តីពិត? តើអ្នកដទៃអាចរៀនសូត្របានអ្វីខ្លះពីជីវិតអ្នក?
ឱព្រះអម្ចាស់ ទុលបង្គំត្រូវការជំនួយរបស់ព្រះអង្គ ដើម្បីរស់នៅដោយចិត្តស្មោះត្រង់ ចំពោះព្រះអង្គ និងសេចក្តីពិតរបស់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅ តាមរបៀបដែលនាំអ្នកដទៃទៅរកព្រះអង្គ។
For further study, read Walk with Me: Traveling with Jesus and Others on Life’s Road at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ១០៥-១០៦ និង ១កូរិនថូស ៣