និក្ខមនំ ៤:១-៥
នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា តើមានអ្វីនៅដៃឯងនោះ លោកទូលឆ្លើយថា មានដំបង។ និក្ខមនំ ៤:២
កាលពីរបីឆ្នាំមុន បន្ទាប់ពីខ្ញុំបានទទួលសេចក្តីសង្គ្រោះ និងបានថ្វាយជីវិតដល់ព្រះអង្គ ខ្ញុំបានយល់ឃើញថា ព្រះអម្ចាស់កំពុងដឹកនាំខ្ញុំ ឲ្យលះបង់អាជីពរបស់ខ្ញុំ ជាអ្នកកាសែត។ ខណៈពេលដែលខ្ញុំទម្លាក់ប៊ិចចុះ ហើយទុកចោលជំនាញតែងនិពន្ធ ខ្ញុំមិនអាចជម្នះអារម្មណ៍ដែលតែងតែគិតថា ថ្ងៃណាមួយ ព្រះអម្ចាស់នឹងត្រាស់ហៅខ្ញុំឲ្យធ្វើការតែងនិពន្ធ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ក្នុងអំឡុងពេលដែលខ្ញុំកំពុងវិលវល់ក្នុងវាលរហោស្ថានខាងវិញ្ញាណ ខ្ញុំក៏បានទទួលការលើកទឹកចិត្ត ពីរឿងរបស់លោកម៉ូសេ និងដំបងរបស់គាត់ ក្នុងបទគម្ពីរនិក្ខមនំជំពូក៤។
លោកម៉ូសេបានទទួលការចិញ្ចឹមបីបាច់ ក្នុងរាជវាំងរបស់ស្តេចផារ៉ោន ហើយរំពឹងថា នឹងមានអនាគតដ៏រុងរឿង ប៉ុន្តែ គាត់បានរត់គេចចេញពីទឹកដីអេស៊ីព្ទ ហើយបានរស់នៅជាអ្នកគង្វាល ក្នុងតំបន់ដែលមិនសូវមានគេស្គាល់។ នៅពេលដែលព្រះអម្ចាស់ត្រាស់ហៅគាត់ គាត់ប្រាកដជាគិតស្មានថា គាត់គ្មានអ្វីសម្រាប់ឲ្យព្រះអង្គប្រើគាត់ឡើយ តែក្រោយមក គាត់ក៏បានដឹងថា ព្រះអង្គអាចប្រើនរណាក៏បាន និងប្រើអ្វីក៏បាន ដើម្បីសម្រេចផែនការរបស់ព្រះអង្គ។
នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា “តើមានអ្វីនៅដៃឯងនោះ? លោកទូលឆ្លើយថា “មានដំបង”(និក្ខមនំ ៤:២-៣)។ ពេលនោះ ដំបងដ៏សាមញ្ញរបស់លោកម៉ូសេ ក៏បានប្រែក្លាយជាសត្វពស់មួយក្បាល។ នៅពេលដែលគាត់ចាប់កាន់ដំបងនោះ ព្រះអម្ចាស់ក៏បានធ្វើឲ្យវាក្លាយជាដំបងវិញ(ខ.៣-៤)។ ព្រះអម្ចាស់បានប្រទានទីសំគាល់នេះមក ដើម្បីឲ្យពួកអ៊ីស្រាអែលជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកឰយុកោ ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានលេចមកឯលោកម៉ូសេ(ខ.៥)។ គឺដូចដែលលោកម៉ូសេទម្លាក់ដំបងរបស់គាត់ ហើយរើសវាមកវិញ នោះខ្ញុំក៏បានបោះបង់អាជីពជាអ្នកកាសែត ដោយការស្តាប់បង្គាប់ព្រះអម្ចាស់ ហើយក្រោយមក ព្រះអង្គក៏បានដឹកនាំខ្ញុំ ឲ្យចាប់កាន់ប៊ិចឡើងវិញ ដើម្បីឲ្យខ្ញុំធ្វើការជាអ្នកតែងនិពន្ធថ្វាយព្រះអង្គ។
យើងមិនត្រូវការសមត្ថភាពច្រើន ដើម្បីឲ្យព្រះអម្ចាស់ប្រើយើងនោះទេ។ យើងអាចគ្រាន់តែបម្រើព្រះអង្គ ដោយប្រើអំណោយទានដែលព្រះអង្គប្រទានយើង។ បើអ្នកមិនដឹងថា ត្រូវចាប់ផ្តើមពីចំណុចណាទេ តើអ្នកមានអ្វីនៅក្នុងដៃអ្នក?—Nancy Gavilanes
តើអ្នកអាចប្រើអំណោយទានរបស់អ្នក ដើម្បីបម្រើព្រះអង្គ ដូចម្តេចខ្លះ? តើអ្នកអាចប្រើធនធានរបស់អ្នក ដើម្បីធ្វើជាព្រះពរដល់នរណាម្នាក់ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យប្រើជីវិតទូលបង្គំ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ១២៩-១៣១ និង ១កូរិនថូស ១១:១-១៦