ទំនុកដំកើង ៨៧
អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។ ទំនុកដំកើង ៨៧:៧
កាលពីឆ្នាំ១៩៦០ លោកអូតូ ប្រេមីងជ័រ(Otto Preminger) បានបណ្តាលឲ្យមានរឿងចំរូងចំរាស ដោយសារខ្សែភាពយន្តដែលគាត់បានផលិត មានចំណងជើងថា ការភៀសខ្លួនរបស់ជាតិសាសន៍មួយ។ ផ្អែកទៅលើរឿងប្រលោមលោករបស់លោកឡេអុង អ៊ូរីស(Leon Uris) ខ្សែភាពយន្តនេះបានផ្តល់ឲ្យនូវរឿងប្រឌិត អំពីជនភៀសខ្លួនជាប្រជាជនយូដា ដែលបានធ្វើដំណើរទៅកាន់ទឹកដីប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ នៅចុងបញ្ចប់នៃខ្សែភាពយន្តនេះ តួអង្គជានារីជាជនជាតិយូដាមកពីទ្វីបអឺរ៉ុប និងតួអង្គជាបុរសជនជាតិអារ៉ាប់ត្រូវគេសម្លាប់ ហើយគេក៏បានបញ្ចុះសពអ្នកទាំងពីរក្នុងផ្នូរតែមួយ ក្នុងទឹកដីដែលជាប្រទេសអ៊ីស្រាអែលក្នុងពេលបច្ចុប្បន្ន។
ក្នុងរឿងនេះ លោកប្រេមីងជ័រ បានទុកឲ្យយើងធ្វើការសន្និដ្ឋានដោយខ្លួនឯង។ តើវាជារឿងប្រៀបធៀប អំពីភាពអស់សង្ឃឹម ជាក្តីស្រមៃដែលត្រូវកប់ចោលក្នុងដីជារៀងរហូត ឬវាជានិមិត្តសញ្ញានៃសេចក្តីសង្ឃឹម ខណៈពេលដែលមនុស្សពីរនាក់មកពីជាតិសាសន៍ពីរ មានប្រវត្តិស្អប់គ្នា និងជាសត្រូវនឹងគ្នា បានចងស្ពានមេត្រីជាមួយគ្នា ក្នុងសេចក្តីស្លាប់ និងក្នុងជីវិតឬ?
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរទំនុកដំកើងជំពូក៨៧ ជាស្នាដៃនិពន្ធរបស់ពួកកូនប្រុសរបស់លោកកូរេ ដែលបានចែងអំពីសន្តិភាព និងការរួបរួមរវាងជាតិសាសន៍ទាំងឡាយ។ គឺសន្តិភាពដែលយើងកំពុងរង់ចាំ។ ពួកគេបានថ្លែងអំពីទីក្រុងយេរូសាឡិមយ៉ាងដូចនេះថា “ឱទីក្រុងរបស់ព្រះអង្គអើយ គេថ្លែងប្រាប់សេចក្តីឧត្តុង្គឧត្តមពីឯង”(ខ.៣)។ ពួកគេក៏បានបន្លឺសម្លេងច្រៀងថា ថ្ងៃមួយ ជាតិសាសន៍ដែលធ្លាប់មានប្រវត្តិសាស្រ្តធ្វើសង្គ្រាមនឹងប្រជាជនយូដា នឹងរួមគ្នាទទួលស្គាល់ព្រះពិតតែមួយ។ សាសន៍ទាំងនោះ គឺមានដូចជាសាសន៍រ៉ាហាប(ឬអេស៊ីព្ទ) សាសន៍បាប៊ីឡូន សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស និងសាសន៍អេធីយ៉ូពីជាដើម(ខ.៤)។ ព្រះអង្គនឹងនាំពួកគេឲ្យងាកទៅរកទីក្រុងយេរូសាឡិម និងងាកទៅរកព្រះអង្គ។
បទគម្ពីរទំនុកដំកើងនេះក៏បានបញ្ចប់ ដោយការអបអរ។ ប្រជាជននៅទីក្រុងយេរូសាឡិមនឹងច្រៀងសរសើរ អំពីប្រភពទឹករបស់ពួកគេរាល់គ្នា(ខ.៧)។ តើពួកគេកំពុងច្រៀងអំពីនរណា? គឺអំពីព្រះមួយអង្គ ដែលជាទឹករស់ ជាប្រភពនៃជីវិតទាំងអស់(យ៉ូហាន ៤:១៤)។ ព្រះយេស៊ូវជាព្រះតែមួយ ដែលអាចនាំមកនូវសន្តិភាព និងការរួបរួមដ៏ស្ថិតស្ថេរ។—Tim Gustafson
តើមានជម្លោះអ្វី ក្នុងពិភពលោក និងក្នុងទំនាក់ទំនងផ្ទាល់ខ្លួន ដែលធ្វើឲ្យអ្នកមានចិត្តថប់បារម្ភ? តើអ្នកនឹងទុកចិត្តថា ព្រះអង្គនឹងប្រទានសន្តិភាពរបស់ព្រះអង្គ ដល់យើងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអធិស្ឋានសូមសន្តិភាព និងការរួបរួម សម្រាប់មនុស្សទាំងអស់ ខណៈពេលដែលព្រះអង្គនាំពួកគេចូលទៅរកព្រះរាជបុត្រាព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: សុភាសិត ៣-៥ និង ២កូរិនថូស ១