មិត្តសំឡាញ់​ពិត​ប្រាកដ

យ៉ូហាន ១៥:១៣-១៧

ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ចុះ​។ យ៉ូហាន ១៥:១៧

កាលពី​ក្មេង អ្នក​ស្រី​សានចេស(Sanchez) មាន​ផ្ទះ​នៅ​ជាប់​ទី​ធ្លា​ខាង​ក្រោយ​ផ្ទះ​របស់​ម្តាយ​ខ្ញុំ​។ ក្នុង​នាម​ពួក​គាត់​ជា​អ្នក​ជិត​ខាង ដែល​មាន​ការ​រាប់អាន​គ្នា​ខ្លាំង ពួក​គាត់​ក៏​មាន​ការ​ប្រកួត​ប្រជែក​គ្នា ក្នុង​ន័យ​មិត្តភាព​ផង​ដែរ​។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដោយ​ម្នាក់ៗ​ព្យាយាម​ទៅ​ហាល​ខោអាវ​ដែល​ទើប​បោក​គក់​ថ្មីៗ នៅ​លើ​ស្នួល​ខោអាវ​ខាង​ក្រោយ​ផ្ទះ ឲ្យ​បាន​មុខ​គេ​។ ពេលណា​ម្តាយ​ខ្ញុំ​ហាល​ខោអាវ​ក្រោយ​គេ គាត់​ក៏បាន​លាន់​មាត់​ថា “នាង​ឈ្នះ​ខ្ញុំ​ទៀត​ហើយ!” ប៉ុន្តែ នៅ​សប្តាហ៍​បន្ទាប់ ម្តាយ​របស់​ខ្ញុំ​អាច​ឈ្នះ​វិញ ដោយ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​អរ​សប្បាយ​នឹង​ការ​ប្រកួត​គ្នា ក្នុង​ន័យ​មិត្តភាព រៀង​រាល់​សប្តាហ៍​។ អស់​រយៈ​ពេល​ជាង១០ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​មាន​ទី​ធ្លា​ក្រោយ​ផ្ទះ​រួម​គ្នា អ្នក​ទាំង​ពីរ​ក៏​បាន​ចែក​ចាយ​ប្រាជ្ញា និង​ក្តី​សង្ឃឹម​ដល់​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​។

ព្រះ​គម្ពីរប៊ីប​បាន​ចែង​យ៉ាង​ច្បាស់ អំពី​គុណ​ធម៌​នៃ​មិត្តភាព​ដែល​ល្អ​ដូច​នេះ​។ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​សង្កេត​ឃើញថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើតមក​សំរាប់​គ្រា​លំបាក​ដែរ”(សុភាសិត ១៧:‌១៧)។ ទ្រង់​ក៏​បាន​កត់​សំគាល់​ថា “ប្រេង​លាប​នឹង​ទឹកអប់ នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ឡើង ឯ​សេចក្តី​ផ្អែម​ល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់ពី​ចិត្ត​របស់​ភឿន​មិត្រ ក៏​ដូច្នោះ​ដែរ”(២៧:៩)។

ព្រះយេស៊ូវ​គឺជា​មិត្ត​ល្អ​បំផុត​របស់​យើង​។ ព្រះអង្គ​បាន​ជំរុញ​ពួក​សាវ័ក​របស់​ព្រះអង្គ ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​បង្រៀន​ពួក​គេ​ថា “គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:‌១៣)។ នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​ក៏បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​ការ​សុគត ជំនួស​មិត្តសំឡាញ់​របស់​ព្រះអង្គ​។ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ផង​ដែរ​ថា “ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក”(ខ.១៥)។ បន្ទាប់មក ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ចុះ”(ខ.១៧)។

ព្រះបន្ទូល​ព្រះ​អង្គ​ក្នុង​បទ​គម្ពីរ​នេះ កំពុង​តែ​កែ​ប្រែ​អ្នក​ស្តាប់​ទាំងឡាយ ពី​មនុស្ស​តូច​ទាប ទៅជា​មិត្ត​ភក្តិ​ដ៏​ស្មោះ​ត្រង់​។ ការ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ ចូរ​យើង​រៀន​រាប់អាន​អ្នក​ដទៃ ធ្វើ​ជា​មិត្តសំឡាញ់​របស់​យើង​។ ព្រះអង្គ​ជា​មិត្តសំឡាញ់​ពិត ដែល​បាន​បង្រៀន​យើង​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ដូច​នេះ​។—Patricia Raybon

តើ​អ្នក​បាន​ដក​ពិសោធន៍​ជា​មួយ​សេចក្តី​ស្រឡាញ់​ដូច​ម្តេច​ខ្លះ ក្នុង​ទំនាក់​ទំនងជា​មួយ​ព្រះយេស៊ូវ? តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​អាច​ធ្វើ​ជា​មិត្តសំឡាញ់​ដូច​ព្រះអង្គ?

ឱ​ព្រះយេស៊ូវ ព្រះ​អង្គ​បាន​ហៅ​ទូល​បង្គំ​ថា មិត្តសំឡាញ់​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រស់នៅ​ជា​មិត្តសំឡាញ់ ដែល​មាន​ក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ១-២ និង កាឡាទី ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles