អេម៉ុស ៧:១០-១៧
តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ។ អេម៉ុស ៧:១៥
នៅរដ្ឋមីឈឺហ្គិន មានដើមឈើចំនួន១៤ពាន់លានដើម ដែលភាគច្រើនមានលក្ខណៈជាដើមឈើធម្មតា។ ប៉ុន្តែ រដ្ឋមីឈីហ្គិនបានធ្វើ “កម្មវិធីរុករកដើមឈើធំ” ប្រចាំឆ្នាំ ជាការប្រកួត ដើម្បីស្វែងរកដើមឈើដែលចាស់ជាងគេ និងធំជាងគេ គឺដើមឈើដែលអាចឲ្យគេទទួលស្គាល់ថា ជាចំណុចសំគាល់តំបន់ ដែលនៅមានជីវិតរស់។ ការប្រកួតនេះលើកតម្កើងដើមឈើធម្មតា ឲ្យឡើងដល់កំរិតមួយទៀត បានសេចក្តីថា ក្នុងព្រៃនីមួយៗ អាចមានដើមឈើមួយដើម ដែលនឹងទទួលជ័យលាភី ហើយជាដើមឈើដែលកំពុងរង់ចាំឲ្យគេកត់សំគាល់។
ព្រះអម្ចាស់តែងតែកត់សំគាល់មនុស្សសាមញ្ញ គឺខុសពីមនុស្សភាគច្រើន។ ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះការអ្វី និងចំពោះមនុស្សដែលអ្នកដទៃមើលរំលង។ ព្រះអង្គបានចាត់មនុស្សសាមញ្ញម្នាក់ ឈ្មោះអេម៉ុស ឲ្យធ្វើដំណើរទៅទឹកដីអ៊ីស្រាអែល ក្នុងអំឡុងរាជ្យរបស់ស្តេចយេរ៉ូបោម។ ហោរាអេម៉ុសបានលើកទឹកចិត្តរាស្រ្តរបស់ព្រះអង្គ ឲ្យងាកចេញពីការអាក្រក់ ហើយស្វែងរកយុត្តិធម៌ ប៉ុន្តែ ត្រូវគេស្តីបន្ទោសឲ្យគាត់ ហើយប្រាប់គាត់ឲ្យនៅស្ងៀម។ គេបាននិយាយប្រាប់គាត់ ក្នុងន័យចំអកថា “ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ”(អេម៉ុស ៧:១២)។ ហោរាអេម៉ុសក៏បានឆ្លើយតបថា “ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ។ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ”(ខ.១៤-១៥)។
ព្រះអម្ចាស់បានស្គាល់ និងបានកត់សំគាល់លោកអេម៉ុស កាលគាត់កំពុងរស់នៅជាអ្នកគង្វាលដ៏សាមញ្ញ ដែលកំពុងថែទាំហ្វូងចៀម និងចំការ។ ប៉ុន្មានសតវត្សរ៍ក្រោយមក ព្រះយេស៊ូវក៏បានកត់សំគាល់ និងត្រាស់ហៅលោកណាថាណែល(យ៉ូហាន ១:៤៨) និងលោកសាខេ(លូកា ១៩:៤-៥) នៅក្បែរដើមល្វា និងដើមឧទុម្ពរ។ ទោះយើងមានអារម្មណ៍ថា យើងមានភាពតូចទៀបប៉ុណ្ណាក៏ដោយ ក៏ព្រះអង្គនៅតែទតមើលយើង ស្រឡាញ់យើង ហើយប្រើយើង ដើម្បីបំពេញគោលបំណងរបស់ព្រះអង្គ។—Karen Pimpo
ហេតុអ្វី នៅពេលខ្លះ អ្នកពិបាកជឿថា ព្រះទ្រង់ទតឃើញតម្លៃរបស់អ្នក?
តើការដែលព្រះអង្គទតឃើញតម្លៃរបស់អ្នក បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្រឡាញ់ទូលបង្គំ នៅពេលដែលអ្នកដទៃមើលរំលងទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ២៦-២៧ និង ភីលីព ២