សាការី ៤:១-៧
មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ។ សាការី ៤:៦
មានពេលមួយ ឡានរបស់លោកអេឌ្រូ(Andrew) បានឈប់ ហើយពួកអ្នកយាមក៏បានដើរមករកឡានគាត់។ គាត់ក៏បានអធិស្ឋាន ដូចសព្វមួយដងថា “ឱព្រះអង្គអើយ កាលព្រះអង្គយាងមកយកកំណើតជាមនុស្ស ព្រះអង្គបានប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ។ ឥឡូវនេះ សូមព្រះអង្គបាំងភ្នែករបស់ពួកគេ មិនឲ្យមើលឃើញព្រះគម្ពីរប៊ីប នៅក្នុងឡានទូលបង្គំឡើយ”។ ពួកអ្នកយាមក៏បានឆែកឆេឡានរបស់គាត់ ដោយមិនបាននិយាយអ្វីសោះ អំពីព្រះគម្ពីរដែលគាត់បានលាក់ក្នុងឥវ៉ាន់។ លោកអេនឌ្រូក៏បានឆ្លងកាត់ព្រំដែនដោយជោគជ័យ ដោយនាំព្រះគម្ពីរប៊ីបជាច្រើនក្បាល ទៅកាន់មនុស្សដែលមិនទាន់មាន។
លោកអេនឌ្រូ វ៉ាន ដឺ ប៊ីជ(Andrew van der Bijl) ឬប្រាដឺ អេនឌ្រូ បានពឹងផ្អែកលើព្រះចេស្តារបស់ព្រះ ដើម្បីធ្វើកិច្ចការដែលគាត់ហាក់ដូចជាមិនអាចធ្វើបាន តាមការត្រាស់ហៅរបស់ព្រះអង្គ ដោយដឹកជញ្ជូនព្រះគម្ពីរប៊ីប ទៅកាន់ប្រទេសដែលបានហាមមិនឲ្យប្រជាជនជឿព្រះគ្រីស្ទ។ គាត់មានប្រសាសន៍ថា “ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់”។ ត្រង់ចំណុចនេះ គាត់កំពុងនិយាយសង្កត់ធ្ងន់ អំពីការអប់រំតិចតួច និងការខ្វះខាតថវិកា។ ប៉ុន្តែ គាត់មានប្រសាសន៍ទៀតថា “អ្វីដែលខ្ញុំបានធ្វើ នរណាក៏អាចធ្វើបានដែរ”។ សព្វថ្ងៃនេះ អង្គការទ្វារបើកចំហអន្តរជាតិ ដែលគាត់បានបង្កើត បានបម្រើអ្នកជឿព្រះយេស៊ូវ នៅទូទាំងពិភពលោក ដែលកំពុងទទួលរងការបៀតបៀន។
លោកសូរ៉ូបាបិល ជាអភិបាលនៃស្រុកយូដា បានប្រឈមមុខដាក់កិច្ចការដែលហាក់ដូចជាមិនអាចធ្វើបាន ជាកិច្ចការសាងសង់ព្រះវិហារឡើងវិញ បន្ទាប់ពីសាសន៍យូដាបានវិលត្រឡប់ពីការនិរទេស។ ពេលនោះ គាត់មានការបាក់ទឹកចិត្ត ប៉ុន្តែ ព្រះអម្ចាស់បានក្រើនរំឭកគាត់ មិនឲ្យពឹងផ្អែកលើសមត្ថភាព ឬកម្លាំងរបស់មនុស្សឡើយ តែឲ្យពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះអង្គវិញ(សាការី ៤:៦)។ ព្រះអង្គបានលើកទឹកចិត្តគាត់ តាមរយៈការបើកសម្ដែងដែលព្រះអង្គបានប្រទាន តាមរយៈហោរាសាការី អំពីជើងចង្កៀងដែលបានទទួលការចាក់បំពេញ ដោយប្រេងអូលីវចេញពីដើមអូលីវដែលនៅជិតខាង(ខ.២-៣)។ ចង្កៀងទាំងនោះអាចបន្តឆេះ ដោយការចាក់ប្រេងបំពេញជាប់ជានិច្ច នោះលោកសូរ៉ូបាបិល និងពួកអ៊ីស្រាអែល ក៏អាចធ្វើកិច្ចការថ្វាយព្រះ ដោយពឹងផ្អែកលើការប្រទានព្រះចេស្តាផងដែរ។
ខណៈពេលដែលយើងពឹងផ្អែកលើព្រះ ចូរយើងទុកចិត្តព្រះអង្គ ហើយធ្វើកិច្ចការអ្វីដែលព្រះអង្គបានត្រាស់ហៅឲ្យយើងធ្វើ។—Karen Huang
តើអ្នកអាចពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះ ក្នុងការបម្រើព្រះអង្គ ដូចម្តេចខ្លះ?
តើការបើកសម្ដែងអំពីដើមអូលីវ ដែលផ្គត់ផ្គង់ប្រេងដល់ចង្កៀង បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យនឹកចាំថា ទូលបង្គំត្រូវពឹងផ្អែកលើព្រះចេស្តារបស់ព្រះអង្គ ក្នុងការធ្វើកិច្ចការដែលព្រះអង្គបានត្រាស់ហៅឲ្យទូលបង្គំធ្វើ។
For further study, read Guided by the Spirit at DiscoverySeries.org/Q0320.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ២៨-២៩ និង ភីលីព ៣