នំម៉ាណាប្រចាំថ្ងៃ
សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន

សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន

ដោយJames Banks

October 10, 2024

ទំនុក​ដំកើង ១០៣:៨-១៧

សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់​។ ទំនុក​ដំកើង ១០៣:១១

នៅ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​របស់​អ្នក​ស្រី​ធែររី(Terry) គាត់​បាន​និយាយ​ថា “ព្រះអម្ចាស់​ល្អ​ចំពោះ​ពួក​ខ្ញុំ​ណាស់! ខ្ញុំ​ចង់​អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រទាន​ពរ​ឲ្យ​យើង​បាន​រស់នៅ​ជា​ប្តី​ប្រពន្ធ​មួយ​ឆ្នាំ​ទៀត”។ ពេល​នោះ ទឹក​ភ្នែក​ដែល​គាត់​បាន​សម្រក់​នៅពេល​គាត់​និយាយ គឺ​បាន​បង្ហាញថា គាត់​កំពុង​តែ​និយាយ​ចេញពី​ចិត្ត​។ ក្រុម​តូច​របស់​យើង​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង​។ យើង​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ អ្នក​ស្រី​ធែររី និង​ស្វាមី​របស់​គាត់​បាន​ជួប​ការ​លំបាក​ប៉ុណ្ណា​។ លោក​រ៉ូបឺត(Robert) ​ស្រាប់តែ​មាន​ជំងឺ​វិកល​ចរិត ហើយក៏​បាន​សម្លាប់​កូន​ស្រី​ខ្លួនឯង អាយុ៤ឆ្នាំ​។ គាត់​ត្រូវ​រស់នៅ​ក្នុង​មន្ទីរ​ព្យាបាល​អ្នក​ជំងឺ​វិកល​ចរិត​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ប៉ុន្តែ អ្នក​ស្រី​ធែររី​នៅតែ​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ហើយ​ព្រះអម្ចាស់​ក៏បាន​ធ្វើ​ការ​ប្រោស​ឲ្យ​ជា ដោយ​ជួយ​អ្នក​ស្រី​ធែររី​ឲ្យ​អត់ឱន​ទោស​ឲ្យ​ស្វាមី​ខ្លួន​។ ទោះ​ពួកគេ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​ពួកគេ​នៅតែ​ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​ឡើង​។

សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​យ៉ាង​ដូច​នេះ អាច​កើត​ចេញពី​ប្រភព​មួយ​ប៉ុណ្ណោះ​។ ស្តេច​ដាវីឌ​បាន​ពិពណ៌នា អំពី​ព្រះអម្ចាស់ យ៉ាង​ដូច​នេះ​ថា “ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើបាប​របស់​យើង​ទេ ... ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាងលិច​យ៉ាងណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ”(ទំនុក​ដំកើង ១០៣:១០,១២)។

ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​មេត្តា​ដល់​យើង តាម​រយៈ​សេចក្តី​ស្រឡាញ់​ដ៏​មាន​តម្លៃ​របស់​ព្រះអង្គ គឺ​ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់”(ខ.‌១១)។ សេចក្តី​ស្រឡាញ់​ដ៏​ធំ​ប្រសើរ​របស់​ព្រះអម្ចាស់ បាន​បណ្តាល​ព្រះទ័យ​ព្រះអង្គ ឲ្យ​យាង​ចុះ​មក​យក​កំណើត​ជា​មនុស្ស ហើយ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​បាប​យើង ដើម្បី​ឲ្យ​ព្រះអង្គ​អាច​នាំ​មនុស្ស​ទាំង​អស់​ដែល “ទទួល​ជឿ​ព្រះអង្គ”(យ៉ូហាន ១:១២) ឲ្យ​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះអង្គ​។

អ្នក​ស្រី​ធែររី​បាន​និយាយ​ត្រូវ​។ ព្រោះ​អម្ចាស់​ពិតជា​ល្អ​ចំពោះ​យើង​ណាស់! សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​របស់​ព្រះអង្គ មាន​ភាព​ធំធេង​គ្មាន​ព្រំដែន​ ហើយក៏​បាន​នាំ​ឲ្យ​យើង​មាន​ជីវិត ដែល​មិន​ចេះ​ចប់​។—James Banks

តើ​ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ បន្ទាប់ពី​អ្នក​បាន​ប្រព្រឹត្ត​ខុស?
តើ​អ្នក​អាច​ឆ្លើយតប ចំពោះ​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅ​ថ្ងៃ​នេះ ដោយ​របៀបណា?

ឱ​ព្រះ​ដែល​មាន​សេចក្តី​មេត្តា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​អរ​សប្បាយ និង​បាន​ចម្រើន​ឡើង ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។
សូម​ព្រះអង្គ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​តាម​រយៈ​ទូល​បង្គំ ដើម្បី​ឲ្យ​អ្នក​ដទៃ បាន​ស្គាល់​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ផង​ដែរ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ៣៤-៣៦ និង កូល៉ុស ២