ម៉ាកុស ១២:១៣-១៧
នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។ ម៉ាកុស ១២:១៧
ក្នុងសៀវភៅរឿងនិទានអមដោយរូបភាព មានចំណងជើងថា សណ្តែកដី មិត្តភក្តិរបស់ឡាញនើស(Linus) បានស្តីបន្ទោសឲ្យគាត់ធ្ងន់ៗ ដោយសារគាត់ជឿពាក្យសម្តីរបស់ផ្លែល្ពៅធំ។ ឡាញនើសក៏បានដើរចេញដោយការហួសចិត្ត ហើយនិយាយថា “មានរឿងបីយ៉ាងដែលខ្ញុំបានរៀនជៀសវាងមិនជជែកជាមួយអ្នកដទៃ គឺរឿងសាសនា រឿងនយោបាយ និងរឿងផ្លែល្ពៅធំ!”
ផ្លែល្ពៅធំនោះ មានតែនៅក្នុងការស្រមៃរបស់ឡាញនើសទេ ប៉ុន្តែ ប្រធានបទពីរផ្សេងទៀត គឺមានពិតមែន ហើយក៏ជាហេតុបណ្តាលឲ្យមានការបែកបាក់គ្នា នៅក្នុងប្រទេសជាតិ គ្រួសារ និងមិត្តភាព។ រឿងនេះក៏បានកើតឡើង ក្នុងសម័យរបស់ព្រះយេស៊ូវផងដែរ។ ពួកផារិស៊ីជាអ្នកកាន់តាមសាសនាយ៉ាងតឹងរឹង ដោយបានព្យាយាមដើរតាមក្រឹត្យវិន័យសញ្ញាចាស់។ ពួកហេរ៉ូឌនិយមផ្ដោតទៅលើនយោបាយខ្លាំងជាងពួកផារិស៊ី តែក្រុមទាំងពីរនេះសុទ្ធតែចង់ឲ្យប្រជាជនយូដាមានសេរីភាពរួចផុតពីការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំង។ ព្រះយេស៊ូវមិនមានគោលដៅដូចពួកគេទេ។ ដូចនេះ ពួកគេក៏បានចូលទៅរកព្រះអង្គ ដោយទូលសួរសំណួរទាក់ទងនឹងនយោបាយថា តើពួកបណ្តាជនគួរតែបង់ពន្ធឲ្យស្តេចសេសារទេ(ម៉ាកុស ១២:១៤-១៥)? បើព្រះយេស៊ូវមានបន្ទូលថា ពួកគេត្រូវបង់ពន្ធ ពួកបណ្តាជននឹងស្អប់ព្រះអង្គ។ បើព្រះអង្គមានបន្ទូលថា ពួកគេមិនត្រូវបង់ពន្ធ ពួករ៉ូម៉ាំងអាចចាប់ព្រះកាយព្រះអង្គ ពីបទនាំគេបះបោរ។
ព្រះយេស៊ូវក៏បានយកកាក់មួយមក ហើយមានបន្ទូលសួរថា “រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា?” គេរាល់គ្នាសុទ្ធតែដឹងថា រូបនៅលើកាក់នោះ ជារូបអធិរាជសេសា។ ព្រះអង្គក៏បានឆ្លើយថា “ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ”(ខ.១៧)។ ព្រះបន្ទូលរបស់ព្រះអង្គនៅតែមានន័យ រហូតមកដល់ពេលសព្វថ្ងៃ។ ព្រះអង្គបានផ្ដោតទៅលើគោលដៅជាអាទិភាពរបស់ព្រះអង្គ ដោយបានជៀសផុតពីអន្ទាក់របស់ពួកគេ នៅថ្ងៃនោះ។
ព្រះយេស៊ូវបានយាងមក ដើម្បីធ្វើតាមបំណងព្រះទ័យព្រះវរបិតា។ នៅក្នុងការដើរតាមការដឹកនាំរបស់ព្រះអង្គ យើងក៏អាចស្វែងរកព្រះ និងនគររបស់ព្រះអង្គ ជាសំខាន់លើសអ្វីៗទាំងអស់ ដោយងាកចេញពីការឈ្លោះប្រកែកគ្នា ហើយផ្ដោតទៅលើព្រះអង្គ ដែលជាសេចក្តីពិត។—Tim Gustafson
តើមានបញ្ហាបែកបាក់អ្វីខ្លះ ដែលរំខានអារម្មណ៍របស់អ្នក? តើការផ្តោតទៅលើព្រះយេស៊ូវ បានជួយដឹកនាំពាក្យសម្តីអ្នក ក្នុងការសន្ទនានៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំត្រូវការប្រាជ្ញា និងការដឹកនាំរបស់ព្រះអង្គ នៅក្នុងការទំនាក់ទំនងទាំងអស់របស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ២២-២៣ និង ទីតុស ១