វិវរណៈ ៧:៩-១២
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា។ វិវរណៈ ៧:៩
ក្នុងនាមខ្ញុំជាកូនស្រីរបស់ឪពុកម្តាយដែលមានក្តីស្រឡាញ់ និងខិតខំធ្វើការ នៅតំបន់អាមេរិកកណ្តាល និងខាងត្បូង ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលពួកគាត់មានចិត្តក្លាហាន ដោយបានក្លាយជាមនុស្សដំបូងក្នុងគ្រួសារ ដែលបានធ្វើចំណាកស្រុកមករស់នៅជាជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសការងារដែលល្អជាង។ ពួកគាត់បានជួបគ្នាក្នុងវ័យយុវជន នៅទីក្រុងញូយ៉ក ហើយក៏បានរៀបការ និងបង្កើតបានខ្ញុំ និងបងស្រីខ្ញុំ ព្រមទាំងបន្តអាជីវកម្មដែលពួកគាត់បានធ្វើជាយូរមកហើយ។
ក្នុងនាមខ្ញុំជាអ្នកដែលមានដើមកំណើតនៅទីក្រុងញូយ៉ក ខ្ញុំបានចម្រើនវ័យធំឡើង ដោយឱបក្រសោបយកកេរដំណែលអាមេរិកឡាទីន ហើយក៏មានការចាប់អារម្មណ៍ចំពោះមនុស្សដែលមានដើមកំណើតនៅទីកន្លែងផ្សេងគ្នា។ ឧទាហរណ៍ ខ្ញុំធ្លាប់បានចែកចាយទីបន្ទាល់របស់ខ្ញុំ នៅក្នុងកម្មវិធីពេលល្ងាចមួយ ក្នុងព្រះវិហារចម្រុះជាតិសាសន៍ ដែលមានការជួបជុំគ្នាក្នុងសាលមហោស្រពប្រតវេយ។ ក្នុងការនិយាយទៅកាន់ក្រុមមនុស្សចម្រុះជាតិសាសន៍ អំពីសេចក្តីស្រឡាញ់របស់ព្រះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទិដ្ឋភាពនៅនគរស្ថានសួគ៌ នៅពេលដែលមនុស្សមកពីគ្រប់ជាតិសាសន៍ នឹងមកជួបជុំគ្នា ក្នុងនាមជារូបកាយព្រះគ្រីស្ទ។
ក្នុងកណ្ឌគម្ពីរវិវរណៈ សាវ័កយ៉ូហាន បានធ្វើការបើកសម្តែងដ៏អស្ចារ្យ អំពីទិដ្ឋភាពនៅស្ថានសួគ៌ យ៉ាងដូចនេះថា “ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម”(វិវរណៈ ៧:៩)។ ព្រះអង្គសង្រ្គោះរបស់យើងនឹងទទួល “ការសរសើរ និងសិរីល្អ” បា្រជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ(ខ.១២)។
សព្វថ្ងៃនេះ យើងគ្រាន់តែអាចបានដឹងខ្លះៗថា នគរស្ថានសួគ៌មានលក្ខណៈដូចម្តេច ផ្អែកទៅលើព្រះគម្ពីរប៊ីប។ ប៉ុន្តែ នៅថ្ងៃមួយ អ្នកដែលជឿព្រះយេស៊ូវនឹងបានជួបព្រះអង្គមុខទល់នឹងមុខ ជាមួយនឹងមនុស្សមកពីគ្រប់ប្រទេស វប្បធម៌ និងភាសា។ ដោយសារព្រះអម្ចាស់ស្រឡាញ់ប្រជាជាតិទាំងអស់ ចូរយើងស្រឡាញ់មហាគ្រួសារព្រះគ្រីស្ទ ដែលមានជាតិសាសន៍ខុសពីយើងផងដែរ។—Nancy Gavilanes
តើអ្នកអាចបង្ហាញក្តីស្រឡាញ់ដល់ប្រជាជាតិទាំងឡាយ យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចឲ្យតម្លៃមកលើអ្នកដទៃ និងវប្បធម៌របស់ពួកគេយ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់អ្នកដទៃ ដូចដែលព្រះអង្គស្រឡាញ់ពួកគេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៣២-៣៣ និង ហេព្រើរ ១