បម្រើ​ដោយ​ក្តី​ស្រឡាញ់

១ពេត្រុស ៤:៧-១១

គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅវិញ​ទៅមក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក​។ ១ពេត្រុស ៤:១០

នៅ​ពេល​ដែល​គ្រី​ស្តាល់(Krystal) បាន​ចាប់​ផ្តើម​ធ្វើ​ការ​លើក​ដំបូង នៅ​ក្នុង​ហាង​កាហ្វេ នៅ​រដ្ឋ​វើជីនា គាត់​ក៏បាន​បម្រើ​ភ្ញៀវ​ម្នាក់ ឈ្មោះ អ៊ីបប៊ី(Ibby)។ ដោយសារ​អ៊ីបប៊ី​ជា​ជន​ពិការ​ត្រចៀក គាត់​ក៏បាន​ធ្វើ​ការ​កុម្ម៉ង់ ដោយ​សរសេរ​អក្សរ​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​របស់​គាត់​។ បន្ទាប់​ពីគ្រី​ស្តាល់​បាន​ដឹង​ថា អ៊ីបប៊ី គឺជា​ភ្ញៀវ​ដែល​មក​ហាង​នោះ​ជា​ទៀង​ទាត់ នាង​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​បម្រើ​គាត់​ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​រៀន​ភាសា​កាយ​វិការ​សម្រាប់​មនុស្ស​គរ ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​ការ​កុម្ម៉ង់​បាន ដោយ​មិន​ចាំបាច់​សរសេរ​អក្សរ​។

តាមរយៈ​ទង្វើ​ដ៏​តូច​នេះ គ្រីស្តាល់​បាន​បង្ហាញ​អ៊ីប៊ី អំពី​ប្រភេទ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើ ដែល​សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ក្នុង​សំបុត្រ​ដែល​គាត់​សរសើរ​ផ្ញើ​ទៅ​អ្នកជឿ​ព្រះយេស៊ូវ ដែល​បាន​ខ្ចាត់ខ្ចាយ និង​និរទេស​ដោយសារ​ការ​បៀតបៀន គាត់​បាន​ចង្អុល​បង្ហាញថា ពួកគេ​ត្រូវ​ស្រឡាញ់​គ្នា “ឲ្យ​អស់ពី​ចិត្ត” ហើយ​ប្រើ​អំណោយ​ទាន​របស់​ពួកគេ “ដើម្បី​បម្រើ​គ្នា​ទៅវិញ​ទៅមក”(១ពេត្រុស ៤:៨,១០)។ ​ជំនាញ ឬ​សមត្ថភាព​អ្វី​ក៏ដោយ​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង គឺ​សុទ្ធតែ​ជា​អំណោយ​ដែល​យើង​អាច​ប្រើ ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​។ ពេលណា​យើង​អនុវត្តន៍​ដូច​នេះ ពាក្យ​សម្តី និង​សកម្មភាព​របស់​យើង អាច​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​។

ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ មាន​សារៈសំខាន់​ចំពោះ​អ្នកជឿ​ទាំង​អស់ ជា​ពិសេស​អ្នក​ដែល​កំពុង​ជួប​រដូវ​កាល​នៃ​ការ​ឈឺ​ចាប់ និង​ភាព​ឯកោ​។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​បម្រើ​គ្នា​ទៅវិញ​ទៅមក ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក ដើម្បី​ឲ្យ​ពួក​គេ​ម្នាក់ៗ​អាច​ស៊ូ​ទ្រាំ​។ យើង​មិន​អាច​ដឹង​ច្បាស់​ថា នរណា​ម្នាក់​មាន​ការ​ឈឺ​ចាប់​អ្វី​ឲ្យ​ជាក់​លាក់​នោះ​ទេ តែ​ព្រះ​អម្ចាស់​អាច​ជួយ​យើង​បង្ហាញ​ចេញ​នូវ​ការ​អាណិត ក៏​ដូចជា​បម្រើ​គ្នា​ទៅវិញ​ទៅមក ដោយ​អំណរ និង​ក្តី​ស្រឡាញ់ តាមរយៈ​ពាក្យ​សម្តី ធនធាន និង​សមត្ថភាព​របស់​យើង​។ សូម​ព្រះ​អម្ចាស់​ជួយ​យើង​បម្រើ​អ្នក​ដទៃ ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​មើល​ឃើញ​ស្រឡាញ់​របស់​ព្រះអង្គ នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​។—Kirsten Holmberg

តើ​អ្នក​បាន​បម្រើ​អ្នក​ដទៃ តាម​ការ​លើក​ទឹក​ចិត្ត​របស់​សាវ័ក​ពេត្រុស​នៅ​ពេលណា​ខ្លះ?
តើ​អ្នក​អាច​បម្រើ​នរណា​ខ្លះ ដោយ​ពាក្យ​សម្តី ជំនាញ និង​ធនធាន​របស់​អ្នក នៅ​ថ្ងៃ​នេះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បម្រើ​មនុស្ស​នៅ​ជុំវិញ​ទូល​បង្គំ ដោយ​ប្រើ​អ្វីៗ​ដែល​ព្រះអង្គ​បាន​ប្រទាន​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៤៦-៤៧ និង ហេព្រើរ ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles