លោកុប្បត្តិ ១៦:៩-១៦
នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានព្រះបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ។ លោកុប្បត្តិ ១៦:១៣
មានពេលមួយមិត្តភក្តិខ្ញុំបានស្រែកប្រាប់កូនប្រុសគាត់យ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីកូនប្រុសគាត់ឡើងឈើនៅលើកៅអីក្នុងព្រះវិហារគ្រវីដៃដាក់លោកគ្រូគង្វាលដែលកំពុងអធិប្បាយព្រះបន្ទូល។ កូនប្រុសគាត់ក៏បាននិយាយត្រង់ៗថា “កូនចង់ឲ្យគ្រូគង្វាលមើលឃើញកូន។ បើកូនមិនឈរទេ គាត់មើលកូនមិនឃើញទេ”។
ព្រះវិហារភាគច្រើនមិនលើកទឹកចិត្ត ឲ្យក្មេងឡើងឈរនៅលើកៅអីក្នុងព្រះវិហារយ៉ាងដូចនេះទេ។ កូនប្រុសរបស់មិត្តភក្តិខ្ញុំ ខ្លាចគ្រូគង្វាលមិនយកចិត្តទុកដាក់ចំពោះគាត់ គឺដោយសារគាត់មិនយល់ប៉ុណ្ណោះ។
ពេលណាយើងព្យាយាមធ្វើឲ្យព្រះអម្ចាស់យកព្រះទ័យទុកដាក់ចំពោះយើង យើងមិនចាំបាច់ត្រូវព្រួយបារម្ភ ខ្លាចព្រះអង្គទតមើលយើងមិនឃើញនោះទេ។ ព្រះអង្គតែងតែមើលយើងឃើញជានិច្ច។ ព្រះអង្គជាព្រះដែលបានបង្ហាញអង្គទ្រង់ ដល់នាងហាកា កាលនាងកំពុងស្ថិតក្នុងពេលដែលឯកោបំផុត នឿយណាយបំផុត និងធ្លាក់ដល់ចំណុចសូន្យ ក្នុងជីវិតរបស់នាង។ គាត់ត្រូវនាងសារ៉ាយប្រើ ជាឧបករណ៍ ដើម្បីបង្កើតកូនប្រុសឲ្យលោកអាប់រ៉ាម(លោកុប្បត្តិ ១៦:៣)។ ហើយនៅពេលដែលនាងមានផ្ទៃពោះ លោកអាប់រ៉ាមបានបណ្តោយឲ្យភរិយាគាត់ធ្វើបាបនាង បានជានាងរត់គេចពីនាងសារ៉ាយ(ខ.៦)។
ស្រ្តីជាទាសកររូបនេះបានរត់គេចខ្លួន ស្ថិតក្នុងភាពឯកោ មានផ្ទៃពោះ និងរស់នៅយ៉ាងវេទនា។ ប៉ុន្តែ ក្នុងពេលដែលនាងកំពុងស្ថិតក្នុងភាពអស់សង្ឃឹម ក្នុងវាលរហោស្ថាន ព្រះអម្ចាស់បានចាត់ទេវតាមួយអង្គ ឲ្យមកជួបនាង។ ទេវតាក៏បានប្រាប់នាងថា ព្រះអម្ចាស់ជ្រាបពីសេចក្តីទុក្ខលំបាករបស់នាង(ខ.១១)។ នាងក៏បានឆ្លើយតបថា ព្រះអង្គជាព្រះដែលបានទតឃើញនាង(ខ.១៣)។
ការដឹងថា ព្រះអម្ចាស់ជ្រាប់អំពីទុក្ខលំបាករបស់យើង គឺពិតជាមានសារៈសំខាន់ចំពោះយើងណាស់ ជាពិសេសនៅពេលដែលយើងស្ថិតក្នុងវាលរហោស្ថាន។ ព្រះអម្ចាស់ទតឃើញនាងហាកា ហើយក៏មានព្រះទ័យអាណិតនាង។ ហើយទោះយើងជួបទុក្ខលំបាកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ព្រះអង្គតែងតែទតឃើញអ្នកជានិច្ច។—Katara Patton
តើអ្នកកំពុងប្រឈមមុខដាក់ស្ថានភាពដ៏លំបាកអ្វីខ្លះ ដែលប្រៀបដូចជាវាលរហោស្ថាន?
តើការដឹងថា ព្រះអម្ចាស់ទតឃើញអ្នក បានលើកទឹកចិត្តអ្នកឲ្យបន្តដំណើរទៅមុខ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានទតឃើញទូលបង្គំ។
ទូលបង្គំដឹងថា ព្រះអង្គគង់នៅជាមួយទូលបង្គំ ក្នុងអំឡុងពេលដែលពិបាកបំផុត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៤៨-៤៩ និង ហេព្រើរ ៧