២កូរិនថូស ៨:១-៧
កាលមានសេចក្តីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្តីអំណរជាបរិបូរ និងសេចក្តីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ។ ២កូរិនថូស ៨:២
រដ្ឋមីហ្សូរ៉ាម នៅភាគពាយព្យនៃប្រទេសឥណ្ឌាកំពុងចាកចេញពីភាគក្រីក្របន្តិចម្តងៗ។ ទោះប្រជាជននៅទីនោះខ្វះប្រាក់ចំណូលយ៉ាងណាក៏ដោយ ចាប់តាំងពីពេលដែលដំណឹងល្អបានចូលមកដល់តំបន់នេះជាលើកដំបូង អ្នកជឿព្រះយេស៊ូវបានអនុវត្តនូវប្រពៃណី “ដាក់ដង្វាយអង្ករមួយក្តាប់”។ សមាជិកពួកជំនុំដែលមានតួនាទីចំអិនអាហារប្រចាំគ្រួសារ បានរំលែកអង្ករមួយក្តាប់ សម្រាប់ធ្វើជាដង្វាយដល់ព្រះវិហាររបស់ខ្លួន។ ពួកជំនុំនៅរដ្ឋមីហ្សូរ៉ាម មានជីវភាពក្រីក្រ បើធៀបនឹងស្តង់ដារបស់ពិភពលោក ប៉ុន្តែ ពួកគេបានរួបរួមគ្នាដាក់ដង្វាយរាប់លានដុល្លា សម្រាប់ការងារបេសកកម្ម ហើយបានបញ្ជូនបេសកជនចេញទៅទូទាំងពិភពលោក។ មនុស្សជាច្រើននៅក្នុងរដ្ឋមីហ្សូរ៉ាមក៏បានទទួលជឿព្រះគ្រីស្ទតាមរយៈពួកគេផងដែរ។
ក្នុងបទគម្ពីរ ២កូរិនថូស ៨ សាវ័កប៉ុលបានពិពណ៌នា អំពីពួកជំនុំដែលមានបញ្ហាប្រឈមស្រដៀងនេះផងដែរ។ អ្នកជឿព្រះនៅស្រុកម៉ាសេដូនមានជីវភាពក្រីក្រ តែពួកគេនៅតែអាចដាក់ដង្វាយជាបរិបូរ ដោយអំណរ(ខ.១-២)។ ពួកគេបានដឹងថា ការដាក់ដង្វាយរបស់ពួកគេ គឺជាឯកសិទ្ធិ ហើយក៏បានធ្វើការលះបង់លើសសមត្ថភាពរបស់ពួកគេ(ខ.៣) ក្នុងការធ្វើការជាដៃគូរជាមួយសាវ័កប៉ុល។ ពួកគេដឹងថា ពួកគេគ្រាន់តែជាអ្នកថែរក្សាធនធានដែលព្រះអម្ចាស់បានផ្ទុកផ្ដាក់នឹងពួកគេ។ ការដាក់ដង្វាយ គឺជាវិធីបង្ហាញការទុកចិត្តចំពោះព្រះអង្គ ដែលជាអ្នកប្រទានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ។
សាវ័កប៉ុលបានចែកចាយទីបន្ទាល់របស់ពួកជំនុំនៅស្រុកម៉ាសេដូន ដើម្បីលើកទឹកចិត្តពួកជំនុំនៅទីក្រុងកូរិនថូស ឲ្យមានការលះបង់ នៅក្នុងការដាក់ដង្វាយផងដែរ។ ពួកជំនុំនៅទីក្រុងកូរិនថូសបានចម្រើនឡើង ក្នុងសេចក្តីជំនឿ ពាក្យសម្តី ចំណេះ សេចក្តីឧស្សាហ៍គ្រប់ជំពូក ហើយក្នុងសេចក្តីស្រឡាញ់ ប៉ុន្តែ ពួកគេក៏ចាំបាច់ត្រូវចម្រើនឡើង នៅក្នុងសេចក្តីសប្បុរសនៃការដាក់ដង្វាយផងដែរ(ខ.៧)។
យើងក៏អាចបង្ហាញឲ្យគេបានស្គាល់សេចក្តីសប្បុរសរបស់ព្រះវរបិតា តាមរយៈការដាក់ដង្វាយដោយចិត្តសប្បុរស ចេញពីធនធានដែលយើងមាន តាមគំរូរបស់ពួកជំនុំនៅស្រុកម៉ាសេដូន និងគ្រីស្ទបរិស័ទនៅរដ្ឋមីហ្សូរ៉ាមផងដែរ។—Matt Lucas
តើអ្នកបានឃើញគេដាក់ដង្វាយដោយការលះបង់ នៅកន្លែងណាខ្លះ? តើអ្នកអាចលះបង់ដោយចិត្តសប្បុរសដល់អ្នកដទៃដូចម្តេចខ្លះ
ក្នុងការឆ្លើយតបចំពោះសេចក្តីសប្បុរសដែលព្រះអង្គមានចំពោះអ្នក?
ឱព្រះវរបិតា ទូលបង្គំសូមអធិស្ឋានឲ្យពួកជំនុំនៅទីក្រុងមីហ្សូរ៉ាម ខណៈពេលដែលពួកគេបន្តដាក់ដង្វាយដោយចិត្តសប្បុរស សម្រាប់ការងារបម្រើព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៥១-៥២ និង ហេព្រើរ ៩