លូកា ១៨:១-៨
នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ លូកា ១៨:១
មីឡា(Mila) ជាជំនួយការផ្នែកដុតនំ មានអារម្មណ៍ទន់ខ្សោយយ៉ាងខ្លាំង មិនអាចការពារខ្លួនឯងបាន នៅពេលដែលមេការរបស់គាត់បានចោទប្រកាន់ថា គាត់បានលួចនំប៉័ងមួយចំនួន ដែលមានដាក់ផ្លែទំពាំងបាយជូរក្រៀម។ ការចោទប្រកាន់ដោយគ្មានភស្តុតាង និងការកាត់ប្រាក់ខែ ស្ថិតក្នុងចំណោមទង្វើខុសឆ្គងជាច្រើន ដែលមេការរបស់គាត់ បានធ្វើមកលើគាត់។ មីឡាក៏បានអធិស្ឋានជារៀងរាល់ថ្ងៃថា “ព្រះអង្គអើយ សូមព្រះអង្គជួយទូលបង្គំផង។ ទូលបង្គំពិបាកធ្វើការ នៅក្រោមការត្រួតត្រារបស់គាត់ណាស់ តែទូលបង្គំត្រូវការការងារនេះ”។
ព្រះយេស៊ូវធ្លាប់មានបន្ទូល អំពីស្រ្តីមេម៉ាយម្នាក់ ដែលមានអារម្មណ៍ទន់ខ្សោយ ហើយបានស្វែងរកយុទ្ធធម៌ទាស់ប្រឆាំងនឹងសត្រូវរបស់គាត់(លូកា ១៨:៣)។ គាត់បានទៅរកចៅក្រម ដែលមានអំណាចដោះស្រាយរឿងក្តីរបស់គាត់។ ទោះគាត់ដឹងថា ចៅក្រមជាមនុស្សទុច្ចរិត ក៏គាត់នៅតែទៅរកចៅក្រមនោះម្តងហើយម្តងទៀត។
ការឆ្លើយតបរបស់ចៅក្រមនោះ(ខ.៤-៥) មានការខុសប្លែកពីព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ដែលតែងតែឆ្លើយតប ដោយក្តីស្រឡាញ់ និងព្រះទ័យអត់ធ្មត់(ខ.៧)។ បើការព្យាយាមអាចបណ្តាលឲ្យចៅក្រមទុច្ចរិត សម្រេចចិត្តដោះស្រាយរឿងក្តីឲ្យស្រ្តីមេម៉ាយនោះ តើព្រះជាចៅក្រមដ៏យុត្តិធម៌អាចនឹងឆ្លើយតបចំពោះយើង ជាងអម្បាលម៉ានទៅទៀត(ខ.៧-៨)? យើងអាចទុកចិត្តថា ព្រះអង្គនឹងប្រទានសេចក្តីយុត្តិធម៌ ដល់រាស្រ្តជ្រើសតាំងរបស់ព្រះអង្គ(ខ.៧) ហើយការព្យាយាមក្នុងការអធិស្ឋាន គឺបានបង្ហាញថា យើងទុកចិត្តព្រះអង្គ។ យើងព្យាយាម ដោយសារយើងមានជំនឿថា ព្រះអង្គនឹងឆ្លើយតប ចំពោះស្ថានភាពរបស់យើង តាមប្រាជ្ញា និងពេលវេលាដ៏ឥតខ្ចោះរបស់ព្រះអង្គ។
ទីបំផុត មេការរបស់មីឡា ក៏បានលាឈប់ពីដំណែង បន្ទាប់ពីបុគ្គលិកហាងដុតនំដទៃទៀត បានរាយការណ៍អំពីទង្វើអាក្រក់របស់គាត់។ មីឡា និងមិត្តរួមការងារទទួលបានយុត្តិធម៌។ ខណៈពេលដែលយើងដើរ ដោយការស្តាប់បង្គាប់ព្រះ ចូរយើងព្យាយាម ក្នុងការអធិស្ឋាន ដោយដឹងថា អំណាចនៃការអធិស្ឋានរបស់យើង ស្ថិតនៅក្នុងព្រះដែលស្តាប់ឮ ហើយជួយយើង។—Karen Huang
តើអ្នកមានអារម្មណ៍ថា ចង់បោះបង់ចោលការតស៊ូក្នុងការអធិស្ឋាន នៅពេលណា?
នៅពេលដែលអ្នកអធិស្ឋាន តើអ្នកបានគិតដល់ចរិតលក្ខណៈអ្វីខ្លះរបស់ព្រះអម្ចាស់?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គក្រើនរំឭកទូលបង្គំ ឲ្យចាំថា ព្រះអង្គជានរណា
ហើយសូមព្រះអង្គជួយទូលបង្គំ ឲ្យបន្តអធិស្ឋាន ទោះមានរឿងអ្វីកើតឡើងក៏ដោយ។
Visit ODBU.org/SF120 to learn how to cultivate a life of prayer.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: បរិទេវ ៣-៥ និង ហេព្រើរ ១០:១៩-៣៩